​ភរិយា សួស សង​វាចា បារម្ភ​ខ្លាច​ស្វាមី​ពិការ​ក្រោយ​វះកាត់​​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015, 08:45 AM
http://vodhotnews.com


លោក សួស សងវាចា ពេល​មិនទាន់ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ (រូបភាព៖ វង្ស សុម៉ាលីន​)


​មុន​បញ្ជូន​ស្វាមី​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ព្យាបាល ភរិយា​របស់​តារាចម្រៀង​លោក សួស សង​វាចា បាន​ថ្លែងប្រាប់​ថា ស្ថានភាព​ជំងឺ​របស់​ស្វាមី​គឺ​មាន​បញ្ហា​ជាច្រើន ដោយ​ក្រុម​គ្រូពេទ្យ​ក៏​បាន​បង្ហាញឲ្យឃើញខ្លា​ច​លោកនឹងពិ​បាក​គេច​ពី​ពិការភាព បើ​ទោះ​ជា​បាន​ឆ្លង​ផុត​ការវះកាត់​។ យ៉ាងណាក៏ដោយ អ្នកស្រី​ជា​ភរិយា​ថា មាន​អារម្មណ៍​ធូរ​ទ្រូង បន្ទាប់​ពី​មាន​សប្បុរសជន​បាន​ផ្ដល់​ការ​ជ្រោមជ្រែង​ជួយ​ឲ្យ​អ្នកស្រី​អាច​បញ្ជូន​ស្វាមី​ទៅ​វះកាត់​ដល់​ប្រទេស​វៀតណាម​។​

​អ្នកស្រី វ៉ាន់ សុភា ភរិយា​របស់​លោក​សួស សង​វាចា ថ្លែងប្រាប់ VOD កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧ ខែ​កញ្ញា ប៉ុន្មាន​ម៉ោង​មុន​ចេញទៅ​ប្រទេស​វៀតណាម​ថា លោក សួស សង​វាចា មិន​មាន​តែ​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល​មួយ​មុខ​នោះ​ទេ​គឺ​មាន​ជំងឺ​ច្រើន​ទៀត ទើប​ធ្វើ​ឲ្យ​អ្នកស្រី​បារម្ភ​ខ្លាច​ស្វាមី​មាន​បញ្ហា​ពិការភាព បន្ទាប់ពី​ត្រូវ​កម្រើកខ្លួន​លែង​បាន​ក្នុង​ពេល​បញ្ជូន​ចូល​ពេទ្យ​ជោ​រ៉ៃនៅ​ភ្នំពេញ​នោះ​។ អ្នកស្រី​មាន​ប្រសាសន៍ថា មុន​ពេល​កម្រើកខ្លួន​អត់​បាន​មួយ​ចំហៀង លោក សួស សង​វាចា មិន​មាន​អាការៈ​ដួល​បោកក្បាល​នោះ​ទេ ប៉ុន្តែ​មក​ពី​សម្ពាធ​ឈាម​ច្រាល​បុក​ទៅ​កាន់​ខួរក្បាល  ទើប​បណ្ដាលឲ្យ​មាន​ឈាមក​កទៅបំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ហើយ​បណ្ដាល​ឲ្យ​លោក​កម្រើកខ្លួន​មិនបាន មុន​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​អ្នកស្រី វ៉ាន់ សុភា មានប្រសាសន៍ថា​៖ "​ក្រោយ​ពី​គ្រូពេទ្យ​ថត​មើល​ខួរក្បាល គាត់​មាន​ឈាមកក​ក្នុង​ក្បាល ប៉ុន្តែ​នោះ​មិនមែន​ជា​បញ្ហា​តែ​ម្យ៉ាង​ដែល​ខ្ញុំ​ត្រូវ​បារម្ភ​នោះទេ គឺ​មាន​បញ្ហា​ច្រើន​ទៀត ព្រោះ​ប៉ុន្មាន​ឆ្នាំ​ហ្នឹង គាត់​មាន​ជំងឺ​កៀប​សរសៃ​ត្រង់​ចង្កេះ បណ្ដាលឲ្យ​គាត់​មានអា​ការៈចុកចាប់ អង្គុយ​ឬ​ឈរ​យូរ​អត់​បាន​ទេ អាហ្នឹង​ក៏​ខាង​ពេទ្យ​បារម្ភ​ខ្លាច​គាត់​ពិការ​ដែរ​"​។ អ្នកស្រី​បញ្ជាក់ថា លោក សួស សង​វាចា មាន​បញ្ហា​ឆ្អឹងត្រគាក និង​កៀប​សរសៃ​ដែល​តម្រូវឲ្យ​មាន​ការព្យាបា​ល​យូរ​មក​ហើយ ប៉ុន្តែ​មក​ពី​ក្រុមគ្រួសារ​មិនសូវ​ធូរធារ ទើប​ចេះតែ​ទ្រាំ​លេបថ្នាំ និង​ចាក់​ថ្នាំ​នៅពេល​សភាព​ជំងឺ​នេះ​ធ្វើទុក្ខ​ម្ដងៗ​។​

​អ្នកស្រី​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​៖ "​មុន​ធ្លាក់ខ្លួន​កម្រើក​មួយ​ចំហៀង​ខ្លួន​អត់​កើត​ហ្នឹង គាត់​ធ្វើ​ទុក្ខ​ចង្កេះ​ចូល​ពេទ្យ​ច្រើនដង​ហើយ  អញ្ចឹង​ហើយ​ទើប​ខ្ញុំ​ភ័យ​មែនទែន នៅពេល​ថត​ឃើញថា​គាត់​មាន​ឈាមកក​ក្នុង​ខួរក្បាល ហើយ​ថែម​ទាំង​កម្រើកខ្លួន​អត់​បាន​មួយ​ចំហៀង​ខ្លួន​អញ្ចឹង​"​។  មុន​ចាកចេញ​ទៅ​វៀតណាម អ្នកស្រី​ប្រាប់ថា លោក សួស សង​វាចា មិន​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធានា​ពី​ឱកាស​ជា​ដូចដើម​១០០%​នោះទេ ដរាបណា​លទ្ធផល​វះកាត់​មិនទាន់​លេច​ចេញ​លទ្ធផល​។ លោក​ត្រូវ​ក្រុមគ្រួសា​រ​បញ្ចូន​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែ​កញ្ញា ដោយ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​ថា​បាន​វះកាត់ ឬ​មាន​ស្ថានភាព​បែប​ណា​នៅឡើយ​ទេ​។ 

លោក សួស សងវាចា កាល​ស្នាក់​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ មុន​បញ្ជូន​ទៅ​វៀតណាម​ (រូបពី​ហ្វេសប៊ុក)


​អ្នកស្រី វ៉ាន់ សុភា ក៏​បានឲ្យ​ដឹង​ដែរថា ការសម្រេចចិត្ត​បញ្ជូន​ចេញ​គឺ​បន្ទាប់​ពី​ខាង​ពេទ្យ​ជោ​រ៉ៃនៅ​ភ្នំពេញ មើលឃើញ​ពី​ស្ថានភាព​ឈាមកក​ក្នុង​ខួរក្បាល និង​បញ្ហា​កៀប​សរសៃឈាម​ធ្ងន់ធ្ងរ​នៅត្រង់​ចង្កេះ​របស់​ស្វាមី ដែល​នឹង​អាច​បណ្ដាល​ឲ្យ​លោក​ពិការ​បាន​គ្រប់ពេ​ល​។ យ៉ាងណាមិញ នេះ​មិនមែន​ជា​ជំងឺ​តែ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ភ័យ​បារម្ភ​នោះទេ ដ្បិត​លោក សួស សង​វាចា នៅ​មាន​អា​ការៈដែល​ធ្លាប់​ធ្វើ​ទុក្ខ​មួយទៀត​។ អ្នកស្រី​មាន​ប្រសាសន៍ថា​៖ "​ក្រៅពី​មាន​បញ្ហា​ឈាមកក​ក្នុង​ខួរក្បាល និង​បញ្ហា​នៅត្រង់​ចង្កេះ​ធ្ងន់ធ្ងរ​ហើយ​នោះ បង​(​សួស សង​វាចា​)​គាត់​ឧស្សាហ៍​ក្ដៅ​ហើយ​សន្លប់ៗ​ម្ដងៗ​ដែរ ប៉ុន្តែ​អត់​ដឹង​ថា​គាត់​កើត​អី​ទេ អញ្ចឹង​ហើយ​ទើប​ខ្ញុំ​អស់​ស្រឡះ​ចិត្ត​ទេ​អូន នៅពេល​ឃើញ​គាត់​កម្រើកខ្លួន​មួយ​ចំហៀង​អត់​បាន ហើយ​មុន​ហ្នឹង​ក៏​ធ្លាប់​ត្រូវ​ក្រុមគ្រូពេទ្យ​ព្រមាន​ថា បើ​ចេះតែ​ទុក​គាត់​អញ្ចឹង ប្រយ័ត្ន​មាន​បញ្ហា​ពិការ​នោះ​"​។ អ្នកស្រី​ប្រាប់ថា លោក​សួស សង​វាចា មាន​ស្មារតី​នឹងន៎​ជាធម្មតា​នោះទេ បើទោះជា​លោក​មិន​អាច​កម្រើកខ្លួន​បាន​មួយ​ចំហៀង ប៉ុន្តែ​និយាយស្ដី​មាន​សភាព​គ្រលរៗ ខុសប្លែក​ពី​មនុស្ស​ធម្មតា​។ 

​ក្រោយ​ដឹកបញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម ទូរស័ព្ទ​គ្រប់​ខ្សែ​របស់លោក​មិនអាច​ទាក់ទង​បាន​ទេ ខណៈ​ដែល​កញ្ញា សុន ស្រី​ពេជ្រ ដែល​តាមដាន​រឿង​នេះ ក៏​អះអាងថា​មិនទាន់​បាន​ទទួល​ដំណឹង​ថ្មី​ពី​លោក សួស សង​វាចា ដូចគ្នា​។​

​អ្នកស្រី វ៉ាន់ សុភា បាន​យំ​រៀបរាប់​មុន​ចេញ​ទៅ​ប្រទេស​វៀតណាម​ថា ស្វាមី​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​បី​ប្រភេទ គឺ​លើសឈាម ឡើង​ជាតិ​ស្ករ ត្បៀត​សរសៃ​ត្រង់​ចង្កេះ និង​មាន​អាការៈ​ឧស្សាហ៍​ឡើង​កំដៅ​បណ្ដាល​ឲ្យ​សន្លប់ មុន​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​កម្រើក​មួយ​ចំហៀង​ខ្លួន​លែង​បាន ព្រោះតែ​ឈាមកក​ក្នុង​សរសៃឈាម មុន​ដឹកចេញទៅ​វៀតណាម​នោះ​។ អ្នកស្រី​ប្រាប់ថា លោក​មាន​វ័យ​៥០​ឆ្នាំ និង​ជា​តារាចម្រៀង​ដែល​មិន​សល់​ប្រាក់​ធំដុំ ក្រៅពី​អាច​ចិញ្ចឹម​កូន​ទាំង​៣ ឲ្យបាន​រៀនសូត្រ​ទាំង​លំបាក​នោះទេ​៕

​សរសេរ​មក​លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com

What Next?

Recent Articles