ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com
រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការបំពេញមុខងារ ការកំណត់គណនេយ្យភាពនិងការទទួលខុសត្រូវនៅតាមកម្រិតឋានានុក្រមនៃមុខតំណែងនីមួយៗក្នុងមុខងារសាធារណៈ។
អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៧ខែកញ្ញាឲ្យដឹងថាអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងក្នុងមុខងារសាធារណៈស្ថិតក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលកម្ពុជាដែលរួមមានមុខតំណែងជាប្រធាននិងអនុប្រធានឬមុខតំណែងកម្រិតប្រហាក់ប្រហែលដែលគ្រប់គ្រងអង្គភាពចំណុះក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តចំពោះរចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងគ្រប់គ្រងរបស់នគរបាលជាតិ កងយោធពលខេមរភូមិន្ទនិងរចនាសម្ព័ន្ធស្ថានតំណាងរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសឡើយ។
បើតាមអនុក្រឹត្យ មុខតំណែងគ្រប់គ្រងនិងថ្នាក់ប្រហាក់ប្រហែលរួមមានអគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការនៃអធិការដ្ឋាន អនុប្រធាននាយកដ្ឋាន អធិការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ មុខតំណែងថ្នាក់ក្រោមអនុប្រធានការិយាល័យ និងរចនាសម្ព័ន្ធគ្រប់គ្រងកម្រិតរាជធានីខេត្ត កម្រិតក្រុង ស្រុក ខណ្ឌ។ អនុក្រឹត្យបន្តថាមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អគ្គលេខាធិការរង អគ្គនាយករង អគ្គាធិការរងឬថ្នាក់ប្រហាក់ប្រហែលត្រូវមានចំនួនយ៉ាងច្រើនបំផុត៥រូប។ ក្នុងករណីមានតម្រូវការចំាបាច់លើសពីចំនួនកំណត់ ក្រសួង ស្ថាប័នសាមី ត្រូវស្នើសុំការអនុញ្ញាតពីនាយករដ្ឋមន្រ្តី។
ចំណែកអនុប្រធាននាយកដ្ឋានឬថ្នាក់ប្រហាក់ប្រហែលត្រូវមានចំនួនច្រើនបំផុត៣រូបទៅ៥រូប អនុប្រធានការិយាល័យឬថ្នាក់ប្រហាក់ប្រហែលត្រូវមានចំនួនច្រើនបំផុតពី២រូបទៅ៤រូប។
ចំពោះមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រោមជាតិវិញ អភិបាលរងនៃគណៈអភិបាល នាយករងរដ្ឋបាល នាយករងទីចាត់ការ អនុប្រធានការិយាល័យនៃសាលារាជធានីខេត្ត និងអភិបាលរងនៃគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ ត្រូវមានចំនួនអនុលោមបទប្បញ្ញត្តិជាធរមាន។
បើតាមអនុក្រឹត្យ អនុប្រធានមន្ទីរជំនាញរាជធានី ខេត្តឬថ្នាក់ប្រហាក់ប្រហែលត្រូវមានចំនួនច្រើនបំផុតត្រឹម៣រូប។ អនុប្រធានការិយាល័យនៃមន្ទីរជំនាញរាជធានី ខេត្តឬថ្នាក់ប្រហាក់ប្រហែល អនុប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ និងអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌត្រូវមានចំនួនច្រើនបំផុតត្រឹម២រូប។
នាយករងនៅតាមវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមេត្តេយ្យសិក្សាសាធារណៈ ត្រូវមានចំនួនអតិបរមាមិនឲ្យលើសពីចំនួន៣រូប។ ចំពោះអនុប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ត្រូវមានចំនួនច្រើនបំផុតត្រឹម២រូប។
អនុក្រឹត្យបន្តថាប្រធានស្ថាប័នត្រូវបញ្ជូនស្តីពីការតែងតាំង ការផ្លាស់ប្តូរ ការបញ្ចប់មុខតំណែងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចុះ មកក្រសួងមុខងារសាធារណៈក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីចេញប្រកាស ដើម្បីពិនិត្យនីត្យានុកូលភាព និងបំពេញបែបងបទពាក់ព័ន្ធនឹងបៀវត្សរ៍ ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ធ្លាប់មានប្រសាសន៍ថាកន្លងមកឋានៈអនុប្រធាន នៅតាមស្ថាប័នរដ្ឋមានច្រើន ដោយលោកថាមន្ត្រីទាំងនោះត្រូវបានគេតែងតាំងតាមរយៈកូតា(Quota)របស់គណបក្សនយោបាយ។ លោកបន្ថែមថា៖ “ពីមុនមានតាមនាយកដ្ឋាន មានអនុប្រធានខ្លះដល់ទៅបី បួន ប្រាំ តែងតាំងទៅតាមកូតារបស់គណបក្ស តែងតាំងទៅតាមអ្វីពីមុនមកហ្នឹង ឥឡូវបើបានថយកាន់តែតិចកាន់តែល្អ”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថាការកាត់បន្ថយចំនួនអនុប្រធាននេះ នឹងធ្វើឲ្យរដ្ឋសន្សំថវិកាជាតិបានមួយចំនួន។ លោកថាកន្លងមក លោកសង្កេតឃើញថានៅតាមមន្ទីរ ស្ថាប័នរដ្ឋមួយចំនួនមានអនុប្រធានលើសពី៣នាក់ ដែលលោកថាចំនួននេះបានលើសពីចំនួនសកម្មភាពការងារដែលមាន។ លោកបន្តថាចំណុចនេះបានធ្វើឲ្យរដ្ឋចំណាយថវិការសម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកដែលលើសតម្រូវការ។ លោកបន្ថែមថា៖ “ការរក្សាចំនួនមនុស្សហ្នឹងគឺជារឿងនយោបាយចំតួតែម្តង គឺគ្រាន់តែរក្សាមុខតំណែងឲ្យគ្នាកុំឲ្យបាត់បង់គឺចែកផ្ទះគ្នានៅ…បើមែនទែនទៅមិនត្រឹមតែកាត់ចំនួនអនុប្រធានឲ្យនៅតិចទេ ចំនួនបុគ្គលិកហ្នឹងក៏ត្រូវពិនិត្យមើលដែរ ព្រោះកន្លែងខ្លះបុគ្គលិកច្រើនរកកន្លែងដើរគ្មានទេ ប៉ុន្តែចូលធ្វើការមួយម៉ោង ពីរម៉ោងអីទៅវិញបាត់អស់ហើយ”៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ចុះព្រះនរាយន៏ (សុខអាន) បច្ចុប្បន្នមាន៨មុខតំណែង ត្រូវជំរុះនៅសល់ប៉ុន្មានដែរ ប្រាប់រាស្រ្តអោយដឹងផងបានទេអាហ្នឹង?