ដោយ ឡេង ម៉ាលី
2015-09-08
RFA

សាក្សីឈ្មោះ អ៊ីត សេន ជាសាក្សីទីមួយនៅក្នុងអង្គហេតុថ្មីនៃសំណុំរឿង ០០២ វគ្គ២ ទាក់ទងនឹងការប្រព្រឹត្តរបស់ពួកខ្មែរក្រហមទៅលើជនជាតិចាម ជម្រាបអង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី៧ កញ្ញា បានស្ដាប់សក្ខីកម្មរបស់សាក្សីថ្មី ទាក់ទងនឹងការប្រព្រឹត្តចំពោះជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សាក្សីឈ្មោះ អ៊ីត សេន ជាសាក្សីទីមួយនៅក្នុងអង្គហេតុថ្មីនៃសំណុំរឿង ០០២ វគ្គ២ ទាក់ទងនឹងការប្រព្រឹត្តរបស់ពួកខ្មែរក្រហមទៅលើជនជាតិចាម។
សាក្សី អ៊ីត សេន ជាជនជាតិចាម មកពីឃ្មុំរពាក់ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជម្រាបអង្គជំនុំជម្រះសាលាដំបូង អំពីហេតុការណ៍ពួកខ្មែរក្រហមសម្លាប់ជនជាតិចាម នៅក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
លោក អ៊ីត សេន ឲ្យដឹងថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សមាជិកគ្រួសាររបស់លោក ៥នាក់ ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់នៅភូមិទ្រា ស្រុកក្រូចឆ្មារ នោះ៖ «គេយកទៅសម្លាប់ហ្នឹងបងខ្ញុំប្រុសៗ ម្នាក់ឈ្មោះ សាឡេះ មួយឈ្មោះ យូ សុះ។ ខាងខ្ញុំបានតែ ៣នាក់ហ្នឹងហើយ ដល់សម្លាប់ពីរនាក់នៅតែខ្ញុំម្នាក់ហ្នឹង។ គេចងភ្នែកចងអីយកទៅ បងខ្ញុំពីរនាក់ប្រុស។ ប្រពន្ធទៅជាមួយគ្នាហ្នឹង អត់បានជួបគ្នាវិញទេ។ កូនជួបជាមួយម៉ែ ស្លាប់ជាមួយម៉ែទៅ។ អត់បានជួបគ្នា បែកគ្នាពេលទៅហូបបបរហ្នឹងម្ល៉ោះ។ អត់ជួបគ្នាទាល់តែឥឡូវ។ ខាងប្រពន្ធគេយកទៅសម្លាប់យ៉ាងម៉េចៗ អត់ដឹង។ មិនដឹងថា គេយកទៅវាយនៅរណ្ដៅក៏មិនដឹង ឬគេយកទៅទម្លាក់ទឹកក៏មិនដឹង។ ស្រីៗ គេយកទៅយប់»។
លោកសាក្សីថ្លែងថា ពេលពួកខ្មែរក្រហមចូលដល់តំបន់របស់លោកនៅឆ្នាំ១៩៧០ ពួកខ្មែរក្រហមបានបង្ខំឲ្យក្រុមជនជាតិចាម លះបង់ការគោរពប្រពៃណី ទំនៀមទម្លាប់ ភាសា វប្បធម៌ និងសាសនារបស់ចាមទៀតផង។ លោកថា នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ពួកខ្មែរក្រហមក៏បង្ខំឲ្យជនជាតិចាម និយាយភាសាខ្មែរទាំងអស់។ លោកបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៧៣ មក បម្រាមបង្ខិតបង្ខំរបស់ពួកខ្មែរក្រហមកាន់តែតឹងតែងខ្លាំងឡើង គឺមិនឲ្យជនជាតិចាម គោរពសាសនាទេ។ ជនជាតិចាម ណានៅតែបន្តគោរពសាសនា ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ចោល។
លោក អ៊ីត សេន មានប្រសាសន៍ទៀតថា ពួកខ្មែរក្រហមនៅភូមិភាគបូព៌ា បានបង្ខំឲ្យជនជាតិចាម រស់នៅ និងរៀបចំខ្លួនទៅជាជនជាតិខ្មែរ ដោយបង្ខំឲ្យស្លៀកពាក់តាមរបៀបខ្មែរ និយាយតែភាសាខ្មែរ និងរស់នៅជាមួយគ្រួសារខ្មែរ។ បន្ថែមលើការគាបសង្កត់ទាំងនេះ ពួកខ្មែរក្រហមក៏បង្ខំជនជាតិចាម ឲ្យបរិភោគសាច់ជ្រូក ដែលព្រះគម្ពីរកូរអានហាមដាច់ខាត។ ពួកខ្មែរក្រហម បានបញ្ជាឲ្យកម្មាភិបាលមូលដ្ឋានប្រមូលគម្ពីរកូរអាន ហើយដុតកម្ទេចចោល។ លោករំឭកថា ដោយសារតែការប្រព្រឹត្តបែបនេះ ទើបធ្វើឲ្យជនជាតិចាម នៅភូមិកោះផល ក្នុងស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នោះងើបបះបោរ ហើយត្រូវយោធាខ្មែរក្រហមសម្លាប់រង្គាល។
សាក្សី អ៊ីត សេន ឲ្យដឹងថា បន្ទាប់ពីស្លាប់ច្រើននៅក្រោមការគ្រប់គ្រងរបស់កម្មាភិបាលភូមិបូព៌ា ជនជាតិចាម ក៏ត្រូវពួកយោធាភូមិភាគនិរតីសម្លាប់ជាច្រើនទៀតនៅឆ្នាំ១៩៧៨។ លោកអះអាងថា លោកបានរួចពីចំណងដែលយោធាខ្មែរក្រហមចងយកទៅសម្លាប់។ លោកបញ្ជាក់ថា ជនជាតិចាម ទាំងប្រុសស្រីក្មេងចាស់ ត្រូវបានគេប្រមូលផ្ដុំនៅភូមិទ្រា ក្នុងស្រុកក្រូចឆ្មារ ហើយប្រុសៗត្រូវបានគេចងយកទៅសម្លាប់កណ្ដាលទន្លេ៖ «ឃើញច្បាស់វាថ្ងៃ ប៉ុន្តែយកយប់ខ្ញុំអត់ឃើញទេ ឃើញតែយកទៅកន្លែងរណ្ដៅ។ ពេលថ្ងៃវិញខ្ញុំឃើញច្បាស់ទល់ល្ងាច តាំងពីព្រឹក។ វាយកចងភ្នែក។ ចុះពីផ្ទះមកកាណូត។ វាចងពួរប៉ុននេះ វាដោត ៣០នាក់។ វាចងក្បាល កន្ទុយវាចងកន្ទុយកាណូត ខាងចុងវាចងមនុស្សម្នាក់។ វាបើកកាណូតពន្លិចមនុស្សតែម្ដង។ ខ្ញុំមើលទល់ល្ងាច ឃើញមនុស្សបន្តិចៗបាត់ទៅកណ្ដាលទន្លេ វាដកពួរយកមកវិញ មកយកទៀត ចងពីលើផ្ទះមកទៀត។ ខ្ញុំឃើញជាក់ស្ដែង»។
ការប្រព្រឹត្តរបស់ពួកខ្មែរក្រហមទៅលើក្រុមជនជាតិចាម ត្រូវបានអង្គជំនុំជម្រះសាលាដំបូង លើកយកធ្វើជាអង្គហេតុមួយនៅបទប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា គឺលោក អ៊ីសា ឧស្មាន ដែលបានស្រាវជ្រាវអំពីជនជាតិចាម នៅកម្ពុជា ឲ្យដឹងថា មានជនជាតិចាម ចំនួនប្រមាណ ៤សែននាក់ បានស្លាប់ក្នុងរបបខ្មែរក្រហម។
ការផ្ដល់សក្ខីកម្មរបស់សាក្សី អ៊ីត សេន អំពីការប្រព្រឹត្តរបស់ខ្មែរក្រហមទៅលើក្រុមជនជាតិចាម នេះ នឹងបន្តទៀតនៅថ្ងៃទី៨ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមគ្រោងស្ដាប់សាក្សីទាក់ទងអង្គហេតុនៃការប្រព្រឹត្តចំពោះជនជាតិចាម
- អង្គជំនុំជម្រះស្ដាប់ភាគីដើមចោទដាក់ឯកសារគន្លឹះពីការបង្ខំធ្វើការនៅការដ្ឋានការងារ៣
- ដើមបណ្ដឹងរដ្ឋប្បវេណីម្នាក់សុំឲ្យចៅក្រមដាក់គុក នួន ជា និង ខៀវ សំផន អស់មួយជីវិត
- សាលាក្ដីខ្មែរក្រហមស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងទាក់ទងនឹងការបង្ខំឱ្យធ្វើការងារ
- សាលាក្ដីខ្មែរក្រហមបញ្ចប់នីតិវិធីប្រឆាំងជនជាប់ចោទ អៀង ធីរិទ្ធ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការម្ដងទៀតដោយសារបញ្ហាពហិការមិនទាន់ដោះស្រាយ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការដោយសារមេធាវីការពារក្ដីជនជាប់ចោទធ្វើពហិការ
- សាក្សីទី១០ថ្លែងពីការឈឺចាប់និងបាត់បង់គ្រប់យ៉ាងនៅការដ្ឋានទំនប់អាងត្រពាំងថ្ម
- សាក្សីទី៩អតីតមេកងចល័តថាអ្នកធ្វើការនៅការដ្ឋានអាងត្រពាំងថ្មធ្លាក់ខ្លួនឈឺរាល់ថ្ងៃ