ដោយ ថា កិត្យា
2015-09-08
RFA

លោក ណាវីន ស្រ៊ីវ៉ាស្ត្រា (Naveen Srivastara) (ឆ្វេង) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា និងលោក ហោ ណាំហុង (ស្ដាំ) រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនាទីស្ដីការក្រសួង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Tha Kitya
ក្រុមហ៊ុនឯកជនរបស់ប្រទេសឥណ្ឌា សម្រេចផ្អាកការសាងសង់ប្រាសាទដែលយកតាមរចនាបថប្រាសាទអង្គរវត្តរបស់ខ្មែរ។ ការផ្អាកនេះ នៅបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា ចេញមុខអន្តរាគមន៍តាមការតវ៉ាទាមទាររបស់រដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ។
ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសឥណ្ឌា ប្រចាំកម្ពុជា លោក ណាវីន ស្រ៊ីវ៉ាស្ត្រា (Naveen Srivastara) សន្យាជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងជំនួបសម្ដែងការគួរសមនាទីស្ដីការក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ថា ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀត្រាស់ (MAHAVIR MANDIR TRUST) យល់ព្រមកែប្រែរចនាបថមិនយកលំនាំតាមប្រាសាទអង្គរវត្តរបស់កម្ពុជា នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សន្ទរី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបបិទទ្វារនោះថា រដ្ឋាភិបាលឥណ្ឌា បានយល់ច្បាស់អំពីតម្លៃខាងវប្បធម៌ និងតម្លៃខាងប្រវត្តិសាស្ត្ររបស់ប្រាសាទអង្គរវត្តកម្ពុជា។ ដូច្នេះ រដ្ឋាភិបាលឥណ្ឌា សន្យាថានឹងមិនឲ្យក្រុមហ៊ុនឯកជនរបស់ខ្លួន បន្តគម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរនោះទេ៖ «រដ្ឋាភិបាលឥណ្ឌា បានធ្វើការជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ធ្វើការប្ដូររចនាបថ ដើម្បីកុំឲ្យប្រាសាទដែលស្ថិតក្នុងគម្រោងសាងសង់នោះ យកលំនាំតាមប្រាសាទអង្គរវត្តកម្ពុជា គឺធ្វើយ៉ាងម៉េចឲ្យខុសគ្នា»។
ការចេញមុខអន្តរាគមន៍របស់រដ្ឋាភិបាលឥណ្ឌា នៅពេលនេះ គឺនៅបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាទៅក្រសួងការបរទេសឥណ្ឌា ឲ្យបញ្ឈប់គម្រោងសាងសង់ប្រាសាទដែលចម្លងតាមរចនាបថប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ។
បណ្ដាញសារព័ត៌មានមួយចំនួនសរសេរថា ប្រាសាទដែលស្ថិតនៅក្នុងគម្រោងរបស់ក្រុមហ៊ុន ម៉ាហាវា ម៉ាន់ឌៀត្រាស់ មានឈ្មោះថា វីរ៉ាត់ រ៉ាម៉ាយ៉ាន់ ម៉ាន់ឌៀ (Viraat Ramayan Mandir) ដែលនឹងត្រូវសាងសង់កម្ពស់ជាង ១១៥ម៉ែត្រ ជាមួយកំពូលប៉ម ១៨ លើផ្ទៃដី ២០០ហិកតារ ដោយចំណាយថវិកាប្រហែល ៧៨លានដុល្លារអាមេរិក។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការសាងសង់ចម្លងតាមប្រាសាទអង្គរវត្តខ្មែរ ដើម្បីផលប្រយោជន៍ពាណិជ្ជកម្ម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានតម្លៃមនុស្សជាតិលេចធ្លោជាសកល។ បើទោះបីជាយ៉ាងណាក៏ដោយចុះ កម្ពុជា នឹងនៅតែបន្តតាមដានចំពោះករណីនេះបន្តទៅទៀត ថាតើក្រុមហ៊ុនឥណ្ឌា អនុវត្តតាមការសន្យារបស់ខ្លួនបានប៉ុណ្ណា?
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានដាក់ប្រាសាទទាំងឡាយនៅក្នុងតំបន់អង្គរទាំងមូល ព្រមទាំងបរិវេណ និងព្រៃព្រឹក្សានៅតំបន់អង្គរ ដែលមានទំហំប្រមាណជាង ៤០០គីឡូម៉ែត្រការ៉េ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅខែធ្នូ ឆ្នាំ១៩៩២។ ប្រាសាទបុរាណនេះ រកចំណូលឲ្យកម្ពុជា បានរាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ តាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកជំនាញចង់ឱ្យតំបន់ប្រាសាទព្រះវិហារជាមជ្ឈមណ្ឌលវប្បធម៌-សន្តិភាពសម្រាប់អាស៊ី
- យូណេស្កូបើកវគ្គបណ្ដុះបណ្ដាលដល់ទាហាននិងប៉ូលិសខ្មែរនៅប្រាសាទព្រះវិហារ
- សប្បុរសជនបរិច្ចាគប្រាក់ដើម្បីអភិវឌ្ឍបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង
- ជនជាតិភាគតិចឡាវនៅខេត្តស្ទឹងត្រែងមានទំនៀមទម្លាប់ប្រពៃណីស្ទើរដូចខ្មែរទាំងស្រុង
- សិល្បករចាស់ៗចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យមានការរស់នៅសមរម្យ
- មូលនិធិកេរដំណែលខ្មែរស្វែងរកថវិកាជួយសិល្បករចាស់ៗបាត់បង់សមត្ថភាព
- អ្នកជំនាញសិល្បៈស្នើក្រសួងវប្បធម៌ជួយអភិវឌ្ឍថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈ
- សាលាសិល្បៈនឹងបង្ហាញល្ខោនយីកេដ៏កម្រមួយទាក់ទងនឹងសម័យព្រះបាទជ័យវរ្ម័នទី៧
- “ការប្រឡងបច្ចេកទេសនៃសាលាមធ្យមវិចិត្រសិល្បៈមានការវិវឌ្ឍន៍”