តុលាការ​ខេត្ត​ស្វាយរៀងកោះហៅ​​ដើម​បណ្តឹង ករណី​​ប្តឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ​ រឿងពិនិត្យ​មើល​ព្រំដែន

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្រ្ទ​ ដែលរងរបួសពេល​ចុះ​ពិនិត្យ​មើល​ព្រំដែន​កាលពីកន្លងមក ​​(រូបថតពីបណ្តាញសង្គម)


ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​បាន​កោះ​ហៅ​ដើម​បណ្តឹង​ម្នាក់​ឲ្យ​ចូល​បំភ្លឺ​នៅថ្ងៃ​អង្គារនេះ ​ដែល​​តុលាកា​រ​អះអាង​ថា​ប្តឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ​ ករណីចុះ​ទៅ​ពិនិត្យ​​មើល​ព្រំដែន​ក្នុងភូមិ​ធ្លកថ្មី ឃុំត្នោត​ ស្រុកកំពង់រោទិ៍​ខេត្ត​ស្វាយ​រៀង កាលពីថ្ងៃ​ទី​២៨ខែមិថុនា។

តំណាងរាស្រ្ត​សង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន និង​លោក​ ថាច់ សេដ្ឋា ដែល​ជា​ទីប្រឹក្សា​របស់​អនុប្រធានទី១​នៃ​​រដ្ឋសភា លោក កឹម សុខា​ ធ្លាប់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២និង២០៣ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៥។ ការចុះត្រួតពិនិត្យ​នេះ​​បណ្តា​លឲ្យមាន​ហិង្សាហើយប្រជាពលរដ្ឋកម្ពុជា​និង​វៀតណាម​បាន​រងរបួស។​

ដីកាកោះរបស់​លោក អ៊ង រី តំណាងអយ្យការអមសាលាដំបូង​ខេត្ត​ស្វាយរៀង ចុះថ្ងៃទី១៨ខែសីហា ឲ្យ​ដឹង​ថាតុលាការ​​អញ្ជើញឈ្មោះ សឿង ហ៊ុំ ដែល​ជា​ដើម​បណ្តឹង​ ចូល​ទៅ​កាន់​អយ្យ​ការ​អម​សាលាដំបូង នៅថ្ងៃ​ទី​៨ ខែកញ្ញា​ ឆ្នាំ​២០១៥ វេលាម៉ោង​៨ព្រឹក ដើម្បី​ចូល​បំភ្លឺ​ពី​ដំណើរ​រឿង​ឈ្មោះ​រៀល ខេមរិន្ទ្រ​ អ៊ុំ សំអាន និង​ឈ្មោះថាច់ សេដ្ឋា ករណី​ចុះ​ពិនិត្យ​មើល​ព្រំដែន​នៅ​ខេត្ត​ស្វាយ​រៀង​កាលពីកន្លងទៅ។ ដី​កាកោះហៅ​មិន​បាន​បញ្ជាក់​ថា​តើ​ដើម​បណ្តឹង​ប្តឹង​ពី​បញ្ហាអ្វីនោះទេ។​

​ក្រោយ​ពី​ចូល​បំភ្លឺ អ្នក​ស្រី​សឿង ហ៊ុំ ប្រាប់វីអូឌី(VOD)ថា​​តុលាការ​បាន​សួរ​​អ្នក​​ស្រីថា​អ្នក​ស្រី​ចង់​បាន​សំណង​ប៉ុន្មាន​និង​ចង់​ឲ្យ​វែក​មុខ​រក​អ្នក​វាយ​អ្នក​ស្រី​កាលពី​ពេល​ចុះពិនិត្យ​ព្រំដែន​ដែរ​ឬទេ។ អ្នក​ស្រី​ដែលអះអាង​ថា​​រង​ការវាយដំពីវៀតណាម បាននិយាយ​​ថា​អ្នក​ស្រី​មិន​បាន​ប្តឹង​អ្វីនោះទេ ហើយ​អ្នក​ស្រីក៏មិន​ចង់​បា​ន​សំណង​អ្វីដែរ។ អ្នក​ស្រី​បន្ត​ថា​តុលាការ​បាន​សួរអ្នក​​ស្រី​ថា​តើ​នរណា​បាន​ដឹកនាំ​អ្នក​ស្រី​ទៅមើល​ព្រំដែន។ លោក​ស្រី​បញ្ជាក់ថា៖ “គេ​បាន​សួរ​ខ្ញុំថា​តើ​មាន​ឭថា​គណបក្ស​សង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ អ៊ុំ សំអាន អី​បាន​ដឹកនាំ គេមាន​និយាយ​អីអត់? ខ្ញុំ​ថា​ខ្ញុំមិន​ដឹង​ទេ? ខ្ញុំទៅតាម​ប្អូន​ស្រី​ទេ”

អ្នក​​ស្រី​បន្ត​ថា​រហូត​មក​ដល់​ពេលនេះ​តុលាការ​កំពុង​សាកសួរ​ប្អូនស្រី​របស់​អ្នក​ស្រី​ គឺ​អ្នក​ស្រី សឿង ភារម្យ​។​

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌីថា​លោក​បាន​ជួប​ជាមួយ​អ្នក​ស្រី​ សឿង ហ៊ុំ កាលពីព្រឹក​មិញ ដោយ​អ្នក​ស្រី​ សឿង ហ៊ុំ​ បាន​អះអាង​ថា​អ្នក​ស្រី​​​មិន​បាន​ប្តឹងនរណានោះទេ។​

វីអូឌីមិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បក​ស្រាយ​ពី​ព្រះរាជអាជ្ញារងខេត្ត​ស្វាយរៀង លោក អ៊ង រី បាន​នៅ​ឡើយទេ​។

តំណាងរាស្រ្ត​សង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់វីអូឌី​ពី​សហរដ្ឋអាមេរិក​មកថាបើ​ទោះ​នេះ​មិ​នមែន​ជា​ការ​កោះហៅ​រូប​លោក តែ​លោក​ថា​នេះ​ជា​ការ​គំរាមកំហែងនិង​ការ​បង្ខិតបង្ខំ​ឲ្យ​អ្នក​ស្រុកប្តឹង​រូប​លោកនិង​តំណាងរាស្រ្ត​ផ្សេង​ទៀត។ លោក​ចាត់​ទុក​ថា​នេះ​ជា​ការ​រៀប​ចំមួយ។​ លោក​បន្ត​ថា​កាលពី​ចុះ​មើល​ព្រំដែននោះ វៀតណាម​បាន​វាយ​​លោក រៀល​ ខេមរិន្រ្ទនិង​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​ចាត់​ទុក​​វៀតណាម​ជា​អ្នក​បង្ក​ហិង្សា​។​

លោក អ៊ុំ សំអាន មាន​ប្រសាសន៍ថា​៖ “ជារឿងមួយ​​​គួរ​ឲ្យ​អស់​សំណើច។ អ្នក​ដែល​ប្រព្រឹត្តរួចខ្លួន អ្នក​ដែល​ត្រូវ​គេ​វាយ គេបែ​រជាចង់​ចោទប្រកាន់ ត្រូវ​បាន​គេ​ឲ្យ​អ្នក​ផ្សេង​​ប្តឹងផ្តល់ ចោទប្រកាន់អីហ្នឹង​ ។  ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ”។ លោក​បញ្ជាក់​បន្ថែម​ថា​៖ ”​ជា​រឿង​មួយដែល​ប្រជា​ពលរដ្ឋ​គួរ​តែ​ពិចារណាថា​រឿង​ហ្នឹង​វា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេសម្រាប់ខ្មែរ​យើង”

ក្រោយ​ពីមាន​ហិង្សា​ផ្ទះឡើង​កាលពីថ្ងៃ​ទី​២៨ខែមិថុនា សាលាខេត្ត​ស្វាយរៀងបាន​ប្រកាសមិន​ទទួល​ខុសត្រូវតាម​ផ្លូវ​ច្បាប់​​លើ​ការ​ប៉ះទង្គិចនេះ​ ដោយ​​អះអាង​ថា​ក្រុម​ប្រជា​ពលរដ្ឋ​ចុះ​ពិនិត្យ​ព្រំដែន​មិន​បាន​ជូន​ដំណឹង​អាជ្ញាធរ​ខេត្ត​ជាមុន។​​ បន្ទាប់​ពី​ហិង្សា​កើត​ឡើង រដ្ឋាភិបាលកម្ពុជានិង​វៀតណាម​​បាន​ឯកភាព​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ ដើម្បី​ពិនិត្យ​មើល​ហិង្សា​ដែល​​បាន​កើតឡើង​នៅតាម​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង៕​

សរសេរមកកាន់លោ​ក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

5 Responses to "តុលាការ​ខេត្ត​ស្វាយរៀងកោះហៅ​​ដើម​បណ្តឹង ករណី​​ប្តឹង​តំណាងរាស្រ្ត​សង្រ្គោះជាតិ​ រឿងពិនិត្យ​មើល​ព្រំដែន"

  1. sa sa says:

    VERY GOOD CAMBODIAN COURT THE BIG FIGURE!

  2. Judge says:

    What’s court?????
    Kangaroo court indeed.
    What’s side does the INCITE??????
    Anyone can have a guess.
    Samneang

  3. . says:

    ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន ​​បានមានប្រសាសន៍ថា ​”ចាប់ពីពេលនេះ​ អ្នកណានិយាយថា​ផែនទីរាជរដ្ឋាភិបាល​ក្លែងក្លាយ​ត្រូវចាប់ខ្លួន បន្ទាន់

  4. Star says:

    ចេះមានតុលាការ គេអត់ប្ដឹងផងខំឈឺឆ្អាលអញ្ចឹងដែរហ្ន៎? ចំណែករឿងប្រជាជនខ្មែរប្ដឹងប្ដល់ពីបញ្ហាដីធ្លី ដូចជាគ្មានតុលាការ
    ណាឈឺឆ្អាលអញ្ចឹងសោះ ឱខ្មែរអើយខ្មែរ ។
    ក្រោយ​ពី​ចូល​បំភ្លឺ អ្នក​ស្រី​សឿង ហ៊ុំ ប្រាប់វីអូឌី(VOD)ថា​​តុលាការ​បាន​សួរ​​អ្នក​​ស្រីថា​អ្នក​ស្រី​ចង់​បាន​សំណង​ប៉ុន្មាន
    ​និង​ចង់​ឲ្យ​វែក​មុខ​រក​អ្នក​វាយ​អ្នក​ស្រី​កាលពី​ពេល​ចុះពិនិត្យ​ព្រំដែន​ដែរ​ឬទេ។ អ្នក​ស្រី​ដែលអះអាង​ថា​​រង​ការវាយដំពីវៀតណាម
    បាននិយាយ​​ថា​អ្នក​ស្រី​មិន​បាន​ប្តឹង​អ្វីនោះទេ ហើយ​អ្នក​ស្រីក៏មិន​ចង់​បា​ន​សំណង​អ្វីដែរ។
    អ្នក​ស្រី​បន្ត​ថា​តុលាការ​បាន​សួរអ្នក​​ស្រី​ថា​តើ​នរណា​បាន​ដឹកនាំ​អ្នក​ស្រី​ទៅមើល​ព្រំដែន។
    លោក​ស្រី​បញ្ជាក់ថា៖ “គេ​បាន​សួរ​ខ្ញុំថា​តើ​មាន​ឭថា​គណបក្ស​សង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ អ៊ុំ សំអាន អី​បាន​ដឹកនាំ គេមាន​និយាយ​អីអត់?
    ខ្ញុំ​ថា​ខ្ញុំមិន​ដឹង​ទេ? ខ្ញុំទៅតាម​ប្អូន​ស្រី​ទេ”។

  5. Anonymous says:

    តុលាការ ខេត្តស្វាយរៀង ល្បង អ៊ង រី ជាមនុស្ស ថោកទាប អគតិ ពូកែ សន្សំរឿង មួលបង្កាច់ សម្លាប់

    ខ្មែរ ខ្លួនអែង ដើម្បី ផ្គាប់ចិត្ត យួនវៀតណាម !