លោក អាត់ ធន់ ថាបាតុកម្ម​អាច​កើតឡើង​គ្រប់ពេល​ប្រសិន​ការផ្តល់ប្រាក់​ឈ្នួល​មិន​សមរម្យ​

ដោយ៖​ នួន បូរិន​ | ថ្ងៃអង្គារ ទី8 កញ្ញា 2015, 03:12 PM​
http://vodhotnews.com


លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា


ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ នៅ​ព្រឹក​នេះ​លើកឡើង​ថា កម្មករនិយោជិត​អាច​នឹង​ធ្វើ​កូដកម្ម និង​បាតុកម្ម​គ្រប់ពេល ប្រសិន​ជា​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មិន​សមរម្យ​។ 

លោក អាត់ ធន់ លើកឡើង​បែប​នេះ​ក្នុង​សិក្ខាសាលា​ត្រីភាគី​ថ្នាក់ជាតិ​ ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមានៅ​កម្ពុជា ជាមួយ​ក្រសួង​ការងារ និង​តំណាង​និយោជក​។ លោក​ថា ក្នុងករណី​ដែល​និយោជក​ផ្តល់ប្រាក់​ឈ្នួល​អប្បបរមា មិន​សមរម្យ​តាម​ភាពជាក់ស្តែង​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​ដល់​កម្មករ​និយោជិត នោះ​កូដកម្ម និង​បាតុកម្ម​នឹង​អាច​កើតឡើង​គ្រប់ពេល​។

​កន្លង​មក​សហជីព និង​កម្មករ​និយោជិត​បានធ្វើ​យុទ្ធនាការ​ផ្សេងៗ ក្នុងការ​ទាមទារ​ប្រាក់​ខែ​គោល​ឲ្យបាន​ចំនួន​១៧៧​ដុល្លារ ដោយ​ពួកគេ​លើកឡើង​ថា​ប្រាក់​ខែ​របស់​ពួកគេ​ដែល​ទាប​ជាង​១៧៧​ដុល្លារ​ មិន​អាច​ចំណាយ​គ្រប់គ្រាន់​សម្រាប់​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ដែល​តែង​កើនឡើង​ជា​លំដាប់​នោះទេ។ តែ​ក្រសួង​ការងារ​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​និយោជិត​ក្នុង​ឆ្នាំ​២០១៥ ត្រឹម​១២៨​ដុល្លារ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។ 

​សម្រាប់​ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា លោក វ៉ាន់ ស៊ូ​អៀង លើកឡើងថា ការផ្តល់ប្រាក់​ឈ្នួល​អប្បបរមា​ត្រូវតែ​ឆ្លុះបញ្ចាំង​នូវ​កម្រិត​សេដ្ឋកិច្ច​ទីផ្សារ ស្របទៅនឹង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​និយោជិត ដើម្បី​ឲ្យ​និយោជ​កអាច​ផ្តល់​ប្រាក់​ឈ្នួល​បាន​សមស្រប ជាជាង​ការផ្តល់​តាម​ផ្លូវ​នយោបាយ​។​

​ក្នុង​សិក្ខាសាលា​នោះ​ដែរ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ថា ភាគី​និយោជិត និង​និយោជក​ត្រូវគោរព និង​អនុវត្ត​ច្បាប់​ជា​ជាង​ការធ្វើ​បាតុកម្ម​ដែល​ធ្វើឲ្យ​ខូចប្រយោជន៍​ទាំងសងខា​ង​។

​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ ទាំង​ក្រសួង​ការងារ សហជីព និង​ភាគី​និយោជក​បាន​ជួបប្រជុំ​ចំនួន​៣​ដង​មក​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​កំណត់​ពី​ចំនួន​ជាក់លាក់​នៅឡើយ​។ ទោះជា​យ៉ាងណា​ភាគី​ទាំង​បី​បាន​សម្រច​បើក​កិច្ចប្រជុំ​ចុងក្រោយ​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា នា​ខែ​តុលា​នេះ ដើម្បី​ប្រកាស​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ខាងមុខ​៕

សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

What Next?

Recent Articles