ដោយ៖ ទូច សុភាត់ | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 02:20 PM
http://vodhotnews.com
កម្ពុជា និងឥណ្ឌាបានឈានដល់កិច្ចព្រមព្រៀងមួយ សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរ គឺកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងកិច្ចព្រមព្រៀងសហប្រតិបត្ដិការមេគង្គ-គង្គា។
យោងតាមគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួនពីរនេះ បានធ្វើឡើងនៅពេលដំណើរគ្នា កាលពីថ្ងៃម្សិលមិញ នៅវិមានសន្តិភាព ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងអនុប្រធានាធិបតីសាធារណរដ្ឋឥណ្ឌា លោក ម៉ូហាម៉ាត់ ហាមីឌ អានសារី (H.E. Mohammad Hamid Ansari)។
តាមប្រភពដដែលនេះ អនុស្សារណៈយោគយល់គ្នាលើវិស័យទេសចរណ៍ មានគោលបំណងជំរុញឲ្យមានអ្នកទេសចរណ៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ដោយឡែក អនុស្សារណៈយោគយល់គ្នាមេគង្គ-គង្គាផ្ដោតលើគម្រោង ៥សំខាន់ៗ ៖
គម្រោងទីមួយ គឺភាគីឥណ្ឌាបានផ្ដល់ថវិកា ៥០ ០០០ដុល្លារអាមេរិក(៥ម៉ឺនដុល្លារ) សម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនកម្ពុជា។ ចំណែកគម្រោងពីរ ទៀតផ្ដោតលើតំហែទាំសុខភាព ជាពិសេសជួយដល់សហគមន៍ក្នុងការទប់ស្ដាត់ជំងឺគ្រុនចាញ់ និងគម្រោងលើកស្ទួយសមត្ថភាពស្ត្រីលើជំនាញបច្ចេកវិទ្យា។ គម្រោងចុងក្រោយគឺលើកស្ទួយផលិតកម្មកសិកម្មរបស់កម្ពុជា។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្ដិភាព អនុប្រធានាធិបតីឥណ្ឌាលោក Ansari មានប្រសាសន៍ថា៖ "វាមានវិសាលភាពល្អក្នុងការចែករំលែកបទពិសោធន៍សម្រាប់ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសយើងទាំងពីរ។ ដំណើរការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម រ៉ែ ប្រេង ឧស្ម័ន និងសហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់ឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនរបស់ឥណ្ឌា"។
លោក Hamid Ansari បានបន្ថែមថា ថ្មីៗនេះរដ្ឋាភិបាលឥណ្ឌាបានព្យាយាមទាក់ទាញវិនិយោគិនឥណ្ឌា ឲ្យមកបោះទុនវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។
លោកក៏សង្ឃឹមថាផងដែរថា អនាគតដ៏ខ្លីខាងមុខនេះនឹងមានក្រុមហ៊ុនឥណ្ឌាជាច្រើនចាប់យកការវិនិយោគនេះ។
តាមគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចំណុចសំខាន់មួយទៀតក្នុងជំនួបទ្វេភាគីនេះ លោកនាយករដ្ឋមន្ត្រីបានស្នើដល់រដ្ឋាភិបាលឥណ្ឌាកុំឲ្យក្រុមហ៊ុនដែលមានបំណងសាងសង់ប្រាសាទនៅឥណ្ឌា យកប្លង់ស្ថាបត្យកម្មអង្គរទៅសាងសង់ ព្រោះអង្គរវត្តជាអត្តសញ្ញាណ និងនិមិត្តរូបរបស់កម្ពុជា។ ភាគីឥណ្ឌាក៏បានបញ្ជាក់ ក្នុងបញ្ហានេះថា «នឹងមិនមានការសាងសង់ដូចអង្គរវត្តនោះទេ គឺអង្គរវត្តមានតែមួយទេ គឺនៅកម្ពុជា»។
អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា លោក ម៉ូហាម៉ាត់ ហាម៊ីតអាន់សារី(Mohammad Hamid Ansari) បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកញ្ញា។ ក្នុងដំណើរទស្សនកិច្ចក្នុងរយៈពេលបីថ្ងៃនេះ គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ប្រភព: គេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងបណ្ដាញផ្សាយព័ត៌មាន The Hindu
សូមសរសេរមកកញ្ញា ទូច សុភាត់ តាមរយ sophorth@vodhotnews.com
