ដោយ៖ អុិត សូធឿត | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 04:02 PM
http://vodhotnews.com
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានសហការជាមួយអាជ្ញាធរចិនអន្តរាគមន៍ជួយស្ដ្រីខ្មែររងគ្រោះ៥នាក់ទៀតដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ស្ត្រីទាំង៥នាក់ដែលត្រូវបានជួយសង្គ្រោះនោះសុទ្ធតែបានរងការវាយធ្វើបាបពីប្តីជនជាតិចិនរបស់ពួកគេ។ ស្ត្រី៣នាក់មានស្រុកកំណើតនៅខេត្តកំពង់ចាម និងស្ត្រី២នាក់ទៀតមានស្រុកកំណើតនៅខេត្តកណ្ដាល។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្ត្រីខ្មែររងគ្រោះទាំង៥នាក់នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃស្អែក វេលាម៉ោង១០និង២០នាទីព្រឹកតាមជើងយន្តហោះMH754។
ក្រសួងការបរទេសឲ្យដឹងដែរថា ករណីស្ដ្រីខ្មែររៀបការជាមួយបុរសជនជាតិចិន និងត្រូវបានប្តីវាយធ្វើបាប ហើយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា អន្តរាគមន៍ជួយសង្គ្រោះ អោយវិលត្រឡប់មកកម្ពុជាវិញបានកើតឡើងសឹងតែជារៀងរាល់ថ្ងៃ។ ក្រសួងការបរទេសបន្តថា ក្រសួង ធ្លាប់បានអញ្ជើញសាមីខ្លួនដែលបានដាក់ពាក្យសុំច្បាប់អនុញ្ញាតរៀបការជាមួយបុរសជនជាតិចិនមកជម្រាបជូនពីហានិភ័យដែលបាន និងកំពុងកើតមានចំពោះស្ដ្រីខ្មែរក្នុងពេលបច្ចុប្បន្នដើម្បីពួកគេបានដឹង ក្នុងគោលបំណងឲ្យធ្វើការត្រិះរិះពិចារណាអោយបានហ្មត់ចត់។
ក្រសួងការបរទេសបន្ថែមទៀតថា ក្រសួងតែងតែធ្វើការអំពាវនាវជាញឹកញាប់ដល់មាតាបិតា អាណាព្យាបាល និងស្ត្រីខ្មែរដែលជាជនងាយរងគ្រោះឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះបញ្ហានេះ ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះការលួងលោម ភូតកុហក ឆបោក អូសទាញ បញ្ជុះបញ្ជូលរបស់ពួកមេខ្យល់ដែលមានគំនិតទុច្ចរិតទាំងនោះ។
នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឺះ បានមានប្រសាសន៍នាពេលកន្លងមកថា ស្ត្រីជនរងគ្រោះទាំងនោះសុខចិត្តប្រថុយប្រថានទៅរៀបការជាមួយបុរសជនជាតិចិនទាំងនោះ ដោយសារតែជីវភាពក្រីក្រ។ លោកស្រីបន្តថា មេខ្យល់តែងតែប្រើកលល្បិចបោកបញ្ឆោតអំពីការបានអត្ថប្រយោជន៍ច្រើនក្រោយពេលរៀបការ ដែលជាកត្តានាំឲ្យស្ត្រីខ្មែរដែលក្រីក្រងាយនឹងជឿលើការបោកបញ្ឆោតទាំងនោះ។
លោកស្រី ធីតា ឃឹះ បន្តទៀតថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើនការផ្សព្វផ្សាយព័ត៌មានទាក់ទងនិងការឆបោកនេះដល់ប្រជាពលរដ្ឋឲ្យបានច្រើនបន្ថែមទៀត និងត្រូវមានចំណាត់ការតាមផ្លូវច្បាប់ដល់ជនល្មើសឲ្យបានតឹងរ៉ឹង។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ស្ដ្រីខ្មែររងគ្រោះចំនួន៥នាក់ដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិនត្រូវបានជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី រយៈពេល៨ខែ ក្នុងឆ្នាំ២០១៥នេះ ក្រសួងបានជួយសង្គ្រោះស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់រៀបការជាមួយ បុរសជនជាតិឲ្យវិលមកកម្ពុជាវិញបានចំនួន៦៩នាក់។ ដោយឡែកក្នុងករណីថ្មីក្នុងខែកញ្ញានេះទៀត ចំនួនស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់រៀបការជាមួយបុរសជនជាតិចិននិងបានជួយសង្គ្រោះមកកម្ពុជាវិញនឹងឡើងដល់ចំនួន៧៩នាក់៕
សរសេរមកលោក អុិត សូធឿត តាមរយៈ sothoeuth@vodhotnews.com