ដោយ៖ ទូច សុខា | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ(IBAHRI)ដែលធ្វើការលើកតម្កើង ការពារសិទ្ធិមនុស្សនិងឯករាជ្យភាពតុលាការ ជំរុញឲ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្តាច់ខ្លួនចេញពីឥទ្ធិពលនយោបាយនិងមិនមានទំនាក់ទំនងជាមួយគណបក្សនយោបាយទោះដោយផ្ទាល់ក្តីឬមិនផ្ទាល់ក្តី។
វិទ្យាស្ថានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេសបានចេញផ្សាយរបាយការណ៍មួយក្នុងខែកញ្ញានេះស្តីពីយុត្តិធម៌និងអំពើពុករលួយ ដោយផ្តោតទៅលើបញ្ហាប្រឈមចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។ របាយការណ៍១៥ទំព័របានដាក់ជាអនុសាសន៍ទៅស្ថាប័នជាតិពាក់ព័ន្ធ សង្គមស៊ីវិល គណៈមេធាវីរបស់កម្ពុជានិងគណបក្សសង្រ្គោះជាតិដែលមានអាសនៈក្នុងសភា។ បើតាមរបាយការណ៍ វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិបានលើកឡើងថាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មិនឯករាជ្យពីរដ្ឋាភិបាល ដែលនាំឲ្យមិនអាចបំពេញតួនាទីជាស្ថាប័ននិយ័តកម្មប្រកបដោយអត្ថន័យនិងមិនអាចការពារផលប្រយោជន៍របស់សមាជិកនិងសាធារណជន។
ក្នុងរបាយការណ៍ដដែល វិទ្យាស្ថានអន្តរជាតិមួយនេះក៏បានរិះគន់ទៅលើគណៈមេធាវីកម្ពុជាលើភាពស្ទាក់ស្ទើរក្នុងការរិះគន់ទៅលើសកម្មភាពរបស់រដ្ឋាភិបាលពាក់ព័ន្ធទៅនឹងច្បាប់មួយចំនួនដែលទើបតែអនុម័តថ្មីៗនេះ បើទោះបីជាសមាជិកមួយចំនួនរបស់ខ្លួនបានរិះគន់ទៅលើបញ្ហាទាំងនោះក៏ដោយ។ ច្បាប់ទាំងនោះរួមមានច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានអង្គចៅក្រម ច្បាប់ស្តីពីការរៀបចំអង្គតុលាការនិងច្បាប់ពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា។
បើតាមរបាយការណ៍ វិទ្យាស្ថាននេះជំរុញឲ្យមានការបង្កើតការបោះឆ្នោតជាសម្ងាត់សម្រាប់នីតិវិធីបោះឆ្នោតនៅគណៈមេធាវី ដើម្បីកាត់បន្ថយឥទ្ធិពលមិនស្របលើអ្នកបោះឆ្នោត។ វិទ្យាស្ថានក៏បានជំរុញឲ្យមានការធានាថាមិនមានការផ្តល់ឬទទួលសំណូកដោយគណៈមេធាវីផងដែរ។
វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបពីប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បាននៅឡើយទេ។ ទោះយ៉ាងណា លោកបានប្រាប់កាសែតក្នុងស្រុកកាលពីម្សិលមិញថាលោកមិនទាន់បានអានរបាយការណ៍នោះនៅឡើយ។
មេធាវីម្នាក់ លោក នូ ធារិទ្ធិ មានប្រសាសន៍ថាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយនិងមិនស្ថិតនៅក្រោមឥទ្ធិពលនយោបាយនោះទេ។ លោកឲ្យដឹងដែរថាការដែលគណៈមេធាវីមិនធ្វើការរិះគន់ទៅលើរដ្ឋាភិបាលទាក់ទងទៅនឹងច្បាប់ទាំងបីនោះគឺដោយសារតែគណៈមេធាវីជាស្ថាប័នឯករាជ្យនិងលូកដៃចូលក្នុងកិច្ចការរដ្ឋាភិបាល។
លោកបន្ថែមថា៖ “គណៈមេធាវីយើងមិនស្ថិតនៅក្រោមគណបក្សនយោបាយណាទេ ឬក៏អំណាចណាមួយនោះទេ…(ខ្ញុំ)ថារបាយការណ៍ហ្នឹងវាខុស…ឮពាក្យចចាមអារាមចេះតែសរសេរពីការមិនពិតហ្នឹងទៅ ហើយវាយតម្លៃពីការមិនពិតហ្នឹងទៅ”។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មិនធ្វើអត្ថាធិប្បាយលើបញ្ហានេះនោះទេ ដោយលោកថាករណីនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់លោក។ លោកបន្តថា៖ “បើទាក់ទងនឹងវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌ខ្ញុំអាចComment(ផ្តលយោបល់)បាន រឿងគណៈមេធាវីវាជាស្ថាប័នមួយផ្សេងទៀត”។
បើតាមទិន្ន័យរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយក្នុងឆ្នាំ២០១៣ មេធាវីពេញសិទ្ធិក្នុងប្រទេសកម្ពុជាមានចំនួន៧៩៨រូប៕
សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com