ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
អដ្ឋិធាតុរបស់លោក ជា ស៊ីម កំពុងត្រូវបានដង្ហែទៅតម្កល់នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃសុក្រនេះ (រូបថតដោយ ទេព សូនី)
អដ្ឋិធាតុរបស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានដង្ហែចេញពីគេហដ្ឋាននៅរាជធានីភ្នំពេញ យកទៅតម្កល់នៅខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់លោក។
កាលពីថ្ងៃព្រហស្បតិ៍ដែលជាបុណ្យខួបគម្រប់១០០ថ្ងៃ ក្រុមគ្រួសារសពបានរៀបចំពិធី ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃសុក្រនេះ អដ្ឋិធាតុត្រូវបានដង្ហែចេញពីគេហដ្ឋាននៅចំការមនឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោកក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅតាមផ្លូវមានសមត្ថកិច្ចយាមកាមនិងសម្រួលចរាចរណ៍ជាបន្តបន្ទាប់។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញឲ្យដឹងថាកំណាត់ផ្លូវនរោត្តមចាប់ពីស្តុបក្រសួងមហាផ្ទៃរហូតដល់ស្តុបព្រះអង្គឌួង ផ្លូវក្រមួនសរ កំណាត់មហាវិថីព្រះមុនីវង្សចាប់ពីស្តុបBKCរហូតដល់មុខស្ថានទូតបារាំង ឆ្លងកាត់ស្ពានជ្រោយចង្វារនិងផ្លូវជាតិលេខ៦អា រួចបទស្តាំឆ្លងកាត់ស្ពានព្រែកតាមាក់។
គួរបញ្ជាក់ថា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាលោក ជា ស៊ីម បានទទួលមរណភាពកាលពីម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី៨ ខែមិថុនា ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ៕

រូបថតដោយទេព សូនី

រូបថតដោយទេព សូនី
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com