ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សកម្មជនដីធ្លីមកពីបណ្តាខេត្តមួយចំនួន បានចែករំលែកបទពិសោធន៍ជោគជ័យ និងការប្រឈមនានា ដែលនៅបន្តកើតមានលើការតស៊ូមតិប្រឆាំងនឹងការបណ្តេញចេញ។
ការជួបជុំរបស់អ្នកមានជម្លោះដីធ្លីនេះ ធ្វើឡើងនៅការិយាល័យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។
អ្នកសម្របស្រួលកម្មវិធីបញ្ជាក់ថា សហគមន៍ដែលបានចូលរួម មាន១៥សហគមន៍ មកពីខេត្តចំនួន១០ រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង រតនគិរី និងខេត្តមួយចំនួនទៀត។
មន្ត្រីដដែលឲ្យដឹងដែថា សហគមន៍ទាំងនោះ យ៉ាងតិចមាន៣សហគមន៍ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងភាគីជម្លោះរបស់ក្រុមហ៊ុន ព្រមផ្តល់សំណងពីផលប៉ះពាល់ ឲ្យទៅអ្នកភូមិតាមការស្ម័គចិត្តគ្មានការបណ្តេញចេញ។
បើតាមបទបង្ហាញ សមាគមន៍៣ដែលទទួលបានជោគជ័យពីការតស៊ូមតិនោះ មានសហគមន៍មួយនៅខេត្តកំពង់ស្ពឺ សហគមន៍នៅខេត្តរតនគិរី និងសហគមន៍មួយទៀតនៅខេត្តកោះកុង។ សហគមន៍នៅខេត្តកោះកុងនេះ ត្រូវតំណាងអ្នកតវ៉ាអះអាងថា មានជម្លោះជាមួយក្រុមហ៊ុនដាំអំពៅរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។
ចំណែកឯការផ្តល់សំណងសមរម្យឲ្យអ្នកភូមិវិញ អ្នកមានជម្លោះដីអះអាងថា បានធ្វើឡើងក្រោយពីដោះលែងតំណាងអ្នកតវ៉ាម្នាក់ចេញពីពន្ធនាគារ៖ “ខ្ញុំបានរើរួចមកហើយ ក៏ដោយសារកម្លាំងសហគមន៍ កម្លាំងសាមគ្គី ខ្ញុំក៏គ្មានអីតបស្នងសងគុណ មានតែការសម្តែងអំណរអរគុណទៅដល់លោកឧកញ៉ា លី យ៉ុងផាត់ ។ សូមឲ្យគាត់ជួយកែសម្រួលអតីតចរិកគាត់ហ្នឹងឱ្យជួយប្រជាពលរដ្ឋដែលរងគ្រោះ ទាំងអំបាលម៉ានដែលមិនទាន់ដោះស្រាយ សូមឱ្យគាត់ជួយ មេត្តា រកភាពដោះស្រាយ រកយុត្តិធម៌ជូនគាត់ ឱ្យដូចជារូបខ្ញុំ លោក ផន ណុល អ៊ីចឹង”។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា តំណាងអ្នកតវ៉ា លោក ផន ណុល ត្រូវ សាលាដំបូងរខេត្តកោះកុង ចាប់ដាក់ពន្ធនាគារអស់៤៣ថ្ងៃ ដោយសាតែដឹកនាំការតវ៉ា ប្រឆាំងនឹងក្រុមហ៊ុនការពារដីអ្នកភូមិ។

សកម្មជនដីធ្លីមកពីខេត្តកោះកុង
លោក ផន ណុល មកពីឃុំព្រែកខ្សាច់ ខេត្តកោះកុង ឲ្យដឹងថា ភាពខ្លាំងដែលសហគមន៍លោកទទួលបានជោកជ័យ ប្រឆាំងនឹងការបណ្តេញចេញនេះ គឺការពង្រឹងសាមគ្គីផ្ទៃក្នុង ឲ្យបានរឹងមាំ ការផ្តល់ទំនុកចិត្ត និងក្តីសង្ឃឹមដល់អ្នករងគ្រោះដូចគ្នា រួមទាំងភាពក្លាហាន និងលះបង់ខ្ពស់ ហើយមិនត្រូវជឿលើការញុះញង់ពីមជ្ឈដ្ឋាននានា នាំឲ្យចុះខ្សោយកម្លាំងតវ៉ា។
សកម្មជនដីធ្លីដែលពិការដៃរូបនេះ និយាយទាំងសម្តីម៉ាត់ៗទៀតថា តាមការគិត របស់លោកបើគ្មានការលះបង់ខ្ពស់ ពីអ្នករងគ្រោះដូចគ្នា គួបផ្សំនិងទំនាក់ទំនងផ្លូវច្បាប់ជាមួយស្ថាប័នឯករាជ្យទេ លោកថា ការតស៊ូមតិពិតជាមិនបានជោគជ័យឡើយ៖ “ខ្ញុំមានការដកពិសោធន៍មួយ បើសិនជាផលប្រយោជន៍របស់ខ្ញុំ ខ្ញុំធ្វើទៅ វាភ្លាត់រហូតមានកំហុសជាប់ដល់ពន្ធនាគារ ក៏វាមានន័យមួយធំទូលាយដែរ។ អ៊ីចឹងខ្ញុំថា បើសិនជារស់ពិបាកជាងស្លាប់ យើងស៊ូទ្រាំរស់ធ្វើអី”។
តាមរយៈនៃការតស៊ូរបស់សគមគមន៍លោក ថ្វីត្បិតតែមិនបានដីជិត៧០០០ហិកតាពីក្រុមហ៊ុនមកវិញ ប៉ុន្តែលោកថា ក្រុមហ៊ុនបានផ្តល់សំណងជូនប្រជាសហគមន៍ជាង១៣៥គ្រួសារ នៅភូមិយាយសែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរខេត្តកោះកុង ដែលរងផលប៉ះពាល់តាមការស្ម័គចិត្ត។
តំណាងសហគន៍ដែលជោគជ័យម្នាក់ទៀត មកពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺអ្នកស្រី ឈុន កន បានអះអាងថា ការតស៊ូមតិជាង១០ឆ្នាំមកនេះ ពោរពេញទៅដោយគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុន។
ប៉ុន្តែលោកស្រីថា ភាពអត់ធ្មត់ និងការមិនតបតដោយហិង្សា រួមទាំងរកអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរមូលដ្ឋាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងដែនដី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី រដ្ឋសភា និងតុលាការជាដើមនោះ អ្នកស្រីថា ធ្វើឲ្យក្រុមហ៊ុនព្រមប្រគល់សងដីទំហំដី១៦ហិកតា ឲ្យពួកគាត់៦គ្រួសារវិញ។ អ្នកស្រីបញ្ជាក់ថា៖ “ខ្ញុំត្រេកត្រអាលភាពជោគជ័យរបស់ខ្ញុំ អាហ្នឹងថាបានមកវិញ តែការរស់នៅរបស់ប្រជាជនយើងក្នុងចំណោមចម្ការអំពៅគេហ្នឹងបានវាស្ងាត់ស្ងប់។ ពីមុនមក ពួកហ្នឹងវាដើរអុជអាល ពួកអ្នកកាងរៀបចំដីហ្នឹង ដល់ឥឡូវវាស្ងាត់ស្ងប់ដែរ ហើយឧកញ៉ាក៏គាត់ចូលដាំបន្តទៀត”។

នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលបានចូលរួមក្នុងកម្មវិធីនេះ លើកឡើងថា ភាពជោគជ័យនៃការដោះស្រាយវិវាទដីធ្លីដ៏មានប្រសិទ្ធភាពជាងនេះ គឺការចូលរួមសកម្ម និងស្មោះត្រង់ពីរដ្ឋាភិបាល។
លោកយល់ថា ភាពជោគជ័យដ៏តិចតួចរបស់សហគមន៍ ដែលបានបង្ហាញពេលនេះ ជាការឆ្លុះបញ្ជាំងថា យុទ្ធសាស្ត្រធ្វើកំណែទម្រង់ដីធ្លីរបស់រដ្ឋាភិបាល ពេលនេះហាក់គ្មានប្រសិទ្ធិភាព ដែលអាចធ្វើឱ្យពលរដ្ឋអាចជឿទុកចិត្តបាននៅឡើយ៖ “បើប្រៀបធៀបនឹងករណី១៥ យើងឃើញថា តែ៣ករណីទេដែលទទួលបានជោគជ័យ។ អ៊ីចឹងវាត្រូវការឱ្យមានការចូលរួមពីប្រជាពលរដ្ឋដែរ ពីព្រោះអង្គការមិនអាចនៅជួយប្រជាពលរដ្ឋខ្មែរបានរហូតទេ។ អ៊ីចឹងប្រជាពលរដ្ឋខ្លួនឯងត្រូវតែម្ចាស់ការខ្លួនឯង ហើយត្រូវតែសាមគ្គីគ្នា បង្កើតទៅជាគេហៅថា អង្គការមហាជនមូលដ្ឋាន ឱ្យបានច្រើន ហើយបង្កើតទៅជាបណ្តាញសហគមន៍ឱ្យបានច្រើន ហើយបង្កើតទៅជាសហព័ន្ធសហគមន៍ហ្នឹងឱ្យបានច្រើន ហើយភ្ជាប់គ្នាពីវិស័យមួយទៅវិស័យមួយ ឱ្យបានច្រើនរាប់ម៉ឺន រាប់សែន រាប់លាននាក់។ ហើយយើងអាចជួយគ្នាបាន ហើយបើសិនយើងនៅដាច់ៗទៅគ្នា យ៉ាងដូច្នេះ ខ្ញុំជឿថា រដ្ឋាភិបាល ឬគណបក្សនៅតែគេងចំណេញ ត្រីងៀតឆ្លៀតពង នៅតែអាចស៊ីឡាក់បាន”។
ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម វិញអះអាងកាលពីអាទិត្យមុន ក្រោយគណៈកម្មការទី១នៃរដ្ឋសភាសាកសួរដេញដោលថា តាមរយៈវិធានការធ្វើកំណែទម្រង់ដីធ្លី រដ្ឋាភិបាលបានធ្វើប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋនៅទូទាំងប្រទេសបាន៤លានប័ណ្ណ លោកថាចំនួននេះស្មើ៥៧ភាគរយនៃផែនការ។
រដ្ឋមន្ត្រីរូបនោះឲ្យដឹងទៀតថា ក្នុងចំណោមនោះ ពេលក្រុមនិស្សិតចុះវាស់វែងដីជូនពលរដ្ឋ តាមគោលនយោបាយចាស់សកម្មភាពថ្មី របស់រដ្ឋាភិបាលកាលពីឆ្នាំ២០១២ ក្រុមការងារសម្រេចបានលើដី១លាន២សែនហិកតា ធ្វើប័ណ្ណជូនពលរដ្ឋបាន៦១ម៉ឺនប័ណ្ណ។ ប៉ុន្តែលោកថា ជម្លោះដែលនៅសេសសល់ ក្រុមការងារនឹងបន្តសកម្មភាព។
ជាងនេះទៅទៀតសមាគមការពាសិទ្ធិមនុស្សអាដហុកបានចេញរបាយការណ៍បង្ហាញថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៥នេះ ជម្លោះដីធ្លីបានធ្លាក់ចុះបន្តិចវិញបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ក្នុងរយៈដូចគ្នា។

ប៉ុន្តែអ្នកមកពីខេត្តពោធិ៍សាត់ ដែលអះអាងថា មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនទ្រីភាព បានទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ យកដីពីក្រុមហ៊ុនឲ្យពួកគាត់ បានអាស្រ័យផលដូចដើមវិញ ដោយអះអាងថា ពួកគាត់ជាអ្នកលះបង់សាច់ស្រស់ឈានស្រស់ កាន់អាវុធការពារជាតិ ច្រើនឆ្នាំមកនេះ មិនគួររដ្ឋាភិបាល មើលរំលង ជីវភាពរស់នៅដ៏លំបាករបស់ក្រុមគ្រួសារពួកគាត់ ដែលកំពុងរងការរំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជនបែបនេះទេ៖ “ដូចខ្ញុំទាហានមួយដែរ ខំការពារទឹកដី ខ្ញុំការពារព្រំដែន អ៊ីចឹងជាក់ស្តែងប្រពន្ធកូនខ្ញុំគឺប្រជាពលរដ្ឋ ខ្ញុំគឺជាទាហាន អ៊ីចឹងជាក់ស្តែងអ្វីដែលខ្ញុំឈឺចោលបំផុតនេះ គឺខ្ញុំទាហានការពារទឹកដីបាន ប៉ុន្តែខ្ញុំអន់ចិត្តណាស់គឺការពារដីប្រពន្ធកូនខ្លួនឯងមិនបាន”។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ស្រី ចក់ សុភាព អះអាងថា ជម្លោះដីធ្លីមួយចំនួនដែលអាជ្ញាធរ មិនទាន់អាចដោះស្រាយបាន អាចមកពីការអនុវត្តច្បាប់នៅកម្ពុជានៅមានកម្រិត ធ្វើឲ្យមន្ត្រីរដ្ឋាភិបាលខិលខូចមួយចំនួន មិនព្រួយបារម្ភពីការប្រឈមផ្លូវច្បាប់៖ “យន្តការនៅការដោះស្រាយទៀតសោធ ដែលត្រូវបានបង្កើតឡើង ថ្នាក់ជាតិក្តី ថ្នាក់ក្រោមជាតិក្តី គឺនៅមានចន្លោះប្រហោង ជាពិសេសដោយសារបញ្ហាប្រព័ន្ធតុលាការយើង នៅមានលក្ខណៈពុករលួយ ហើយត្រូវបានរងនូវសំពាធនយោបាយ ហើយជាពិសេសតែងតែមានទំនោរលើអ្នកមានអំណាចនោះ ធ្វើឱ្យពលរដ្ឋដែលគាត់ជាអ្នករងផលប៉ះពាល់ ត្រូវបានរងគ្រោះ បន្តរងគ្រោះអំពីជម្លោះដីធ្លីនេះ”។
លោកស្រី ចក់ សុភាព ជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធគួសហការជាមួយសង្គមស៊ីវិលជាដៃគូប្រជាសហគន៍ដែលរងគ្រោះ ដើម្បីពន្លឿនរកដំណោះស្រាយ រាល់ជម្លោះដីធ្លីដែលនៅបន្តអូសបន្លាយ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋឡើងវិញ។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ជាងនេះទៅទៀត លោកស្រីអះអាងថា នឹងបន្តចុះពង្រឹងអំណាចសហគន៍នៅមូលដ្ឋាន ដើម្បីជំរុញអភិបាលកិច្ចល្អ ដើម្បីធានាសិទ្ធិពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បើទោះបីរដ្ឋាភិបាល បានធ្វើច្បាប់បង្រួមសិទ្ធិអង្គការសង្គមស៊ីវិល និងទប់ស្កាត់លំហប្រជាធិបតេយ្យក៏ដោយ។
យ៉ាងនេះក្តីសកម្មជនដីធ្លីនៅឃុំជីខលើ ស្រុកស្រែអំបិល អ្នកស្រី ផាវ ញ៉ឺង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកហេង ហុយ ជិត៦ឆ្នាំមកនេះ មិនទាន់មានដំណោះស្រាយ អះអាងថា តាមរយៈបទបង្ហាញពីភាពជោគជ័យរបស់សហគមន៍ទាំង៣នេះ នឹងជំរុញឲ្យគាត់មានកម្លាំងចិត្តទ្វេដងក្នុងការជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ពន្លឿនយន្តការដោះស្រាយ៖ “យ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែបន្តការប្តេជ្ញាចិត្តថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអង្គការជាតិ អន្តរជាតិ មិនរកយុត្តិធម៌ឱ្យពួកខ្ញុំទេ ពួកខ្ញុំនឹងបន្តការតវ៉ា និងបន្តការជួបជុំរកយុទ្ធសាស្ត្រណាមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងអហិង្សាដើម្បីទាមទារយកដីរបស់ពួកខ្ញុំឱ្យបានជោគជ័យ”៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
