​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជា​ឲ្យ​អតីតទីប្រឹក្សា​ក្រសួងប​រិស្ថាន​ម្នាក់​ទៅ​​ប្រកាស​ទ្រព្យសម្បត្តិ​​

ដោយ៖​ ឆុង ស៊ីណាន​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com


​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ជូនដំណឹង​ជា​សាធារណៈឲ្យ​អតីតទីប្រឹក្សា​ក្រសួងប​រិស្ថាន​ លោក សាយ សា​វ៉ាន់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដែល​ត្រូវបាន​បញ្ចប់​មុខ​តំណែង​កាលពី​ឆ្នាំ​២០១៣ ឲ្យចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យសម្បតិ និង​បំណុល​ទៅតាម​គោលការណ៍​ច្បាប់​។​

​សេចក្តី​ជួន​ដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឲ្យដឹងថា លោក សាយ សា​វ៉ាន់ បានបញ្ចប់​មុខតំណែង​ជា​ទីប្រឹក្សា​ក្រសួង​បរិស្ថាន តាម​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៣ ហើយ​លោក​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការប្រកាស​ទ្រព្យសម្បតិ និង​បំណុល​ទៅតាម​គោលការណ៍​ច្បាប់​នៅឡើយ​។​

​សេចក្តីជូនដំណឹង​បន្តថា រយៈពេល​កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ប្រចាំ​នៅ​ក្រសួង​បរិស្ថាន​បាន​ព្យាយាម​និង​ខិតខំ​ទំនាក់ទំនង​ជា​ច្រើន​សារ​ទៅ​លោក សាយ សារ៉ាន់ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​។ សេចក្តីជូនដំណឹង​បន្ថែមទៀតថា ប្រការ​នេះ​បង្ខំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ និង​អញ្ជើញ​លោក សាយ សា​វ៉ាន់ ឲ្យចូល​ខ្លួនប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។​

​សេចក្តីជូនដំណឹង​បញ្ជាក់បន្ថែម​ថា យោងតាម​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ចែង​ថា​ជន​ណា​ដែល​មិន​បាន​ប្រកាស​បំណុល និង​ទ្រព្យសម្បត្តិ ឬ​បាន​ប្រកាស​មិន​ត្រឹមត្រូវ​តាម​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ទៅតាម​បញ្ញាតិ​នៃ​ច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​២​លាន​រៀល ហើយ​ត្រូវ​បង្ខំ​ឲ្យធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ក្នុងករណី​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បតិ្ត​ត្រូវ​ផ្តន្ទាទោស​ទ្វេដង​៕

​សរសេរ​មកកាន់ លោក ឆុង​ស៊ីណាន តាមរយៈ Chhong.sinan@yahoo.com

What Next?

Recent Articles