ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com
មន្រ្តីក្រសួងបរិស្ថានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចបន្ថយរយៈពេលវិនិយោគរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន៤ទៀត មកត្រឹម៥០ឆ្នាំ ដោយកាត់បន្ថយពី៧០ឆ្នាំឬ៩០ឆ្នាំ។
នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វីអូឌីនៅព្រឹកថ្ងៃសុក្រនេះថាក្រោយពីប្រជុំអន្តរក្រសួងកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចំនួន៤ទៀត(៣នៅខេត្តសៀមរាបនិង១នៅបន្ទាយមានជ័យ)បន្តនីតិវិធីក្នុងការអភិវឌ្ឍ(ស្ថិតនៅក្រោមការតាមដាន) តែបន្ថយការវិនិយោគមកត្រឹម៥០ឆ្នាំ។ លោកបន្តថាបើតាមលោកដឹង ក្រុមហ៊ុនចំនួន៣គ្រប់គ្រងដោយខ្មែរនិង១មានការចូលរួមពីបរទេសទេស។ លោកបន្តថាក្រុមហ៊ុនទាំង៤នោះមានទំហំដីមិនតិចជាង២ម៉ឺនហិកតានោះទេ ហើយដាំដំណាំកសិកម្មគឺកៅស៊ូនិងដំឡូង។
លោកបន្តថាក្រសួងនឹងរៀបចំផែនការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនមានការអនុវត្តតាមផែនការមេនិងកិច្ចសន្យា។
ក្រសួងបរិស្ថានឲ្យដឹងថារដ្ឋាភិបាលបានផ្តល់គោលការណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុន១១៣ដែលមានផ្ទៃដីសរុប៦១០២៩៦,៧៥ហិកតាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ គម្រោង២៣(ផ្ទៃដីសុរប៩០៦៨២ហិកតា)ត្រូវបានរដ្ឋាភិបាលសម្រេចដកហូតសិទ្ធិវិនិយោគ គម្រោង៤(ផ្ទៃដី១៥៧៩៩ហិកតា)ត្រូវបានកាត់បន្ថយទំហំផ្ទៃដី វិនិយោគនិងគម្រោងចំនួន២០(ផ្ទៃដីសរុប១៣១៧១៧,៧៥ហិកតា)ត្រូវបានរដ្ឋាភិបាលទុកពេលឲ្យ៦ខែទៅ១ឆ្នាំ ដើម្បីបន្តនីតិវិធី(ស្ថិតនៅក្រោមការតាមដាន)ហើយគម្រោងចំនួន៤១(ផ្ទៃដីសរុបជិត២០ម៉ឺនហិកតា)ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យបន្តអនុវត្តគម្រោង ដោយកាត់បន្ថយរយៈពេលនៃកិច្ចសន្យាមកត្រឹម៥០ឆ្នាំ។
លោក ស្រ៊ុន ដារិទ្ធិ មានប្រសាសន៍ថាជាគោលការណ៍រដ្ឋាភិបាលមិនសិទ្ធិបន្ថយរយៈពេលនៃការវិនិយោគ ដោយមិនមានការផ្តល់សំណងអ្វីឡើយ បើទោះជាមានការតវ៉ាក៏ដោយ។ លោកបញ្ជាក់ថា៖ "(ការសម្រេចកាត់បន្ថយវិនិយោគដីមកត្រឹម៥០ឆ្នាំ) ការសម្រេចផ្នែកនយោបាយស្របទៅតាមច្បាប់។ ច្បាប់រដ្ឋប្បវេណីអនុញ្ញាតឲ្យយើងធ្វើអញ្ចឹង”។
លោក ស្រ៊ុន ដារិទ្ធិ បន្តថាក្រុមហ៊ុនដែលរដ្ឋាភិបាលអនុញ្ញាតឲ្យបន្តនីតិវិធីនិងស្ថិតក្រោមការតាមដាន រដ្ឋាភិបាលនឹងកាត់បន្ថយមករយៈពេល៥០ឆ្នាំដូចគ្នា ដោយគ្រាន់តែរង់ចាំសេចក្តីជូនដំណឹង(សជណ)តែប៉ុណ្ណោះ។ លោកបន្ថែមថាក្រុមហ៊ុនខ្លះគ្រាន់តែទទួលបានគោលការណ៍ដីសម្បទានពីរដ្ឋាភិបាលច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកិច្ចសន្យាជាមួយក្រសួងបរិស្ថាន ដូច្នេះលោកថារដ្ឋាភិបាលអាចដកហូតដីមកបាន នៅពេលសិក្សាឃើញថាមានភាពមិនប្រក្រតី។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក អ៊ាង សុផល្លែត ឲ្យដឹងថាគិតត្រឹមថ្ងៃទី៥ខែសីហាក្រុមហ៊ុនចំនួន៧៧ដែលស្ថិតនៅក្រោមក្រសួងកសិកម្ម ត្រូវបានត្រួតពិនិត្យ និងវាយតម្លៃ ដែលក្នុងនោះក្រុមហ៊ុនចំនួន១០ ត្រូវបានដកហូត ក្រុមហ៊ុន៦ត្រូវបានឲ្យសម្រួលផ្ទៃដីក្រុមហ៊ុន៥៤ ត្រូវបានអនុញ្ញាតឲ្យបន្តនីតិវិធីនិងក្រុមហ៊ុន៧ ត្រូវបានទុកពេលឲ្យពី៦ខែទៅ១ឆ្នាំ ដើម្បីបន្តនីតិវិធី។
បើតាមមន្រ្តីក្រសួងកសិកម្ម មានក្រុមហ៊ុនសរុបចំនួន១២២លើផ្ទៃដីសរុបចន្លោះពី១,២លានហិកតាទៅ ១,៣លានហិកតាដែលបានទទួលការអនុញ្ញាតនិងចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិនិយោគ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទានដែលមានស្រាប់ទាំងអស់៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
