ក្រសួង​​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពីការវាយតម្លៃ​ហេតុ​ប៉ះពាល់បរិស្ថាន តែ​រង់​ចាំ​ក្រម​បរិស្ថាន​មួយ​ទៀត​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com

មន្រ្តីក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា​ក្រសួងបាន​បញ្ចប់​សេចក្តីព្រាងច្បាប់​​ស្តីពីការវាយតម្លៃ​ហេតុ​ប៉ះពាល់ប៉ះរិស្ថាន ប៉ុន្តែ​មិន​ទាន់​បញ្ជូន​ទៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​​​​ក្រម​បរិស្ថានមួយ​ទៀតដែល​ក្រសួងកំពុងតែ​រៀប​ចំ។​

នាយកខុទ្ទកាល័យនិងជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន សៅ​ សុភាព  ប្រាប់វីអូឌី(VOD)នៅថ្ងៃសុក្រនេះ​ថា​ក្រសួង​បានទុក​សេចក្តីព្រាង​ច្បាប់​ស្តីពីការវាយតម្លៃ​ហេតុ​ប៉ះពាល់ប៉ះរិស្ថានមួយអន្លើ​សិន ដោយ​កំពុង​រៀប​ចំ​ក្រម​បរិ​ស្ថាន​​ដែល​លោកចាត់ទុក​ថា​ជា​ឯក​សារ​សំខាន់​គ្របដណ្តប់​លើ​សេចក្តីព្រាង​ច្បាប់​នេះ។ លោក​មាន​ប្រសាសន៍​​ថា​៖ “សេចក្តីព្រាង​ច្បាប់​ស្តីពីហេតុ​ប៉ះពាល់​បរិស្ថានេះ សឹងតែ​រួច​ហើយ ពិគ្រោះ​យោបល់​ជា​សាធារណៈ​និង​អ្នក​ពាក់​ព័ន្ធ​ច្រើន​លើក​ច្រើន​សារ​ហើយ”។ លោកបន្ថែម​​​ថា​ក្រម​បរិស្ថាន​នេះ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ជិតស្និទ្ធិជាមួយ​អង្គ​ការ​​យូអ៊ិនឌីភី(UNDP) ដើម្បីធ្វើ​យ៉ាងណា​ឲ្យ​ក្រមនេះ​គ្រប់ដណ្តប់​លើ​ការ​បំពុលបរិស្ថាន​ ការអភិរក្សាធនធានធម្ម​ជាតិ​ ​ជីវៈ​ចម្រុះ និង​ការ​អភិ​វឌ្ឍ​ដោយ​ចី​រភាព។ លោក​បញ្ជាក់​ថា​៖ “ច្បាប់​ស្តីពី​ការ​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​ជា​ផ្នែក​មួយ​នៃ​ក្រម​បរិស្ថាន​”។​

ក្រសួង​បរិស្ថាន​​នឹង​បញ្ជូន​សេចក្តីព្រាង​ច្បាប់ទាំងពីរនេះ​​ទៅ​ទីស្តីការគណៈ​រដ្ឋមន្រ្តី​និង​រដ្ឋសភា ដើម្បី​អនុម័ត​ ដោយ​រំពឹង​ថា​នឹង​អនុម័ត​​រួច​រាល់នៅ​ក្នុង​ឆ្នាំ​២០១៧។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន។​

អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លីនៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មានប្រសា​សន៍ថា​កន្លងទៅ​លោក​ឃើញមាន​ច្បាប់​ច្រើន​ទាក់ទង​នឹង​ការ​វាយតម្លៃហេតុ​​ប៉ះពាល់​បរិស្ថាន តែ​លោក​​ថា​ការ​អនុ​វត្តមិន​បាន​ល្អ ដែលនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​រងគ្រោះ​និង​ប៉ះពាល់​បរិស្ថា​ន។ លោក​បញ្ជាក់​ថា៖ “ការ​បង្កើត​ច្បាប់ច្រើន​វា​ល្អ សំខាន់​ការ​អនុវត្ត​នោះវិញទេ។ ប្រជា​ពលរដ្ឋ​រង​គ្រោះ​ ដោយ​រងការ​ចោទ​ថារំលោភដី​ក្រុមហ៊ុន។ អញ្ចឹងច្បាប់វាប្រសើរ​ហើយ តែ​សំខាន់​ធ្វើ​យ៉ា​ងម៉េច​បម្រើ​ប្រជា​ពលរដ្ឋ​និរ​ក្សា​បរិស្ថាន​ពិតប្រាកដ”។​

លោក​បន្តថាការ​វាយតម្លៃ​លើ​​ដីសម្បទាន​សេដ្ឋកិច្ចនិង​ការ​វាយតម្លៃ​លើ​ការ​ស្ថាបនា​ទំនប់វារីអគ្គិសនី​​មិន​ទាន់​ធ្វើ​​បាន​ល្អនៅឡើយទេ។ ​​ដីសម្បទាន​សេដ្ឋកិច្ច​ជាង​៧០ភាគរយ​មិន​ទទួល​បាន​ការ​ប្រឹក្សា​ពី​មូលដ្ឋានលើ​ការ​ប៉ះពាល់​ដល់​ការរស់នៅរបស់ប្រជាជន​​និង​ផលប៉ះពាល់បរិស្ថាន​នោះទេ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក វណ្ណ សូផាត។​

បើ​តាម​របាយការណ៍​របស់​លោក វណ្ណ សូផាត រហូត​ដល់​ឆ្នាំ​២០១១ លោក​កត់ត្រា​ថា​ប្រជា​ពលរដ្ឋ​ជាង​៣០ម៉ឺននាក់​រង​ផល​ប៉ះពាល់​ដោយ​សារ​ការផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ ប៉ុន្តែ​​លោក​ថា​ចំនួន​នេះ​កើនឡើង​រហូត​មក​ដល់ពេលនេះ ដោយ​សារ​ការ​ផ្តល់​ដីសម្បទាន​សង្គមកិច្ច។

នាយខុទ្ទ​កាល័យ​ក្រសួង​បរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប្រាប់វីអូឌីថា​រដ្ឋាភិបាល​បាន​សម្រេច​កាត់បន្ថយ​រយៈ​ពេល​វិនិយោគ​លើ​ដីសម្បទាន​សេដ្ឋកិច្ច​ពី​៧០ឆ្នាំ​ឬ​៩០ឆ្នាំ​ មក​ត្រឹម​៥០ឆ្នាំ​ទាំងអស់។ លោក​បន្ត​ថាក្រសួង​បរិស្ថាន​បាន​វាយតម្លៃ​ក្រុមហ៊ុន​ដីសម្បទានសេដ្ឋកិច្ច​ចំនួន​​១១៣​ដែលមានផ្ទៃដីសរុប​៦១​០២​៩៦,៧៥ហិកតា​ដែល​ក្នុង​នោះ​ ​គម្រោង២៣​(ផ្ទៃដី​សុរប​៩០៦៨២ហិកតា)ត្រូវ​បានរដ្ឋាភិបាលសម្រេច​ដកហូត​សិទ្ធិវិនិយោគ​ គម្រោង​៤(ផ្ទៃដី​១៥៧​៩៩​ហិកតា)ត្រូវ​បាន​កាត់បន្ថយ​ទំហំ​ផ្ទៃ​ដី វិនិយោគ​និង​គម្រោង​ចំនួន២០​(ផ្ទៃដីសរុប​១៣១៧​១៧,៧៥​ហិកតា​)​​ត្រូវ​បាន​រដ្ឋាភិបាល​ទុក​ពេល​ឲ្យ​៦ខែ​ទៅ​១ឆ្នាំ ដើម្បី​បន្ត​នីតិវិធី​(ស្ថិតនៅក្រោម​ការ​តាម​ដាន​)ហើ​យ​គម្រោ​ង​​ចំនួន​៤១​(ផ្ទៃដីសរុប​ជិត​២០ម៉ឺនហិកតា)​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឲ្យ​បន្ត​អនុវត្ត​គម្រោង​ ដោយ​​កាត់​បន្ថយ​រយៈពេល​នៃ​កិច្ច​សន្យា​មក​ត្រឹម​៥០ឆ្នាំ។​

លោក ស្រ៊ុន ដារិទ្ធិ មាន​ប្រសាសន៍ថា​​ជា​គោល​ការណ៍​រដ្ឋាភិបា​ល​​មិន​សិទ្ធិ​បន្ថយ​រយៈ​ពេលនៃ​ការ​វិនិយោគ ដោយ​មិន​មាន​ការ​ផ្តល់សំណងអ្វីឡើយ បើទោះ​ជាមាន​កា​រ​ត​វ៉ាក៏​ដោយ​។ លោក​បញ្ជាក់​ថា​៖ "(ការ​សម្រេច​កាត់បន្ថយ​វិនិយោគដីមកត្រឹម​៥០ឆ្នាំ) ការសម្រេច​ផ្នែកនយោបាយ​ស្រប​ទៅ​តាម​ច្បាប់។ ច្បាប់រដ្ឋប្បវេណីអនុញ្ញាតឲ្យ​យើង​ធ្វើអញ្ចឹង”។ លោក​បន្ត​ថាក្រុមហ៊ុន​ដែលរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បន្ត​នីតិវិធី​និង​ស្ថិតក្រោម​ការ​តាម​ដាន រដ្ឋា​ភិបាល​នឹង​កាត់បន្ថយមក​​​រយៈ​ពេល៥០ឆ្នាំ​​ដូចគ្នា ដោយ​គ្រាន់តែ​រង់​ចាំសេចក្តីជូនដំណឹង​(សជណ)តែ​ប៉ុណ្ណោះ​​។​ លោក​បន្ថែម​ថា​ក្រុមហ៊ុន​ខ្លះគ្រាន់តែ​ទទួល​បាន​គោល​ការណ៍​ដី​សម្បទាន​ពី​រដ្ឋាភិបាលច្រើន​ឆ្នាំ​មក​ហើយ​​ ​ ប៉ុន្តែ​មិន​ទាន់​មាន​កិច្ច​សន្យាជាមួយ​ក្រសួង​បរិស្ថាន​ ដូច្នេះលោក​ថា​រដ្ឋាភិបាល​អាច​ដក​ហូត​ដី​មក​បាន ​នៅពេលសិក្សាឃើញ​ថា​មាន​ភាពមិនប្រក្រតី។

​អ្នក​នាំពាក្យនិង​ជា​អនុរដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​លោក អ៊ាង សុផល្លែត ឲ្យ​ដឹង​ថា​គិត​ត្រឹម​ថ្ងៃ​ទី៥ខែ​សីហា​ក្រុមហ៊ុន​ចំនួន៧៧ដែល​ស្ថិត​នៅក្រោម​ក្រសួងកសិកម្ម ត្រូវ​បាន​​ត្រួតពិនិត្យ និង​វាយតម្លៃ​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន១០ ត្រូវ​បាន​ដកហូត ​ក្រុមហ៊ុន៦ត្រូវ​បាន​ឲ្យ​សម្រួល​ផ្ទៃដី​ក្រុមហ៊ុន៥៤ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​នីតិវិធីនិង​ក្រុមហ៊ុន៧ ត្រូវ​បាន​ទុក​ពេល​ឲ្យ​ពី៦ខែ​ទៅ​១​ឆ្នាំ​ ដើម្បី​បន្ត​នីតិវិធី​។​

បើ​តាម​មន្រ្តី​ក្រសួង​កសិកម្ម ​មាន​ក្រុមហ៊ុន​សរុប​ចំនួន១២២លើ​​ផ្ទៃដី​សរុប​​ចន្លោះ​ពី១,២លាន​ហិកតា​ទៅ ១,៣លាន​ហិកតា​ដែល​បាន​ទទួល​ការ​អនុញ្ញាតនិង​ចុះ​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិនិយោគ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញសេ​ចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យ​ពិនិត្យ​មើលឡើ​ងវិញនូវដីសម្បទានដែលមានស្រាប់ទាំងអស់៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles