ដោយ ថា កិត្យា
2015-09-17
RFA

សមាជិកព្រឹទ្ធសភាកូតាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែងទៅកាន់អ្នកកាសែតនាទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។ RFA/Brach Chev
សាលាឧទ្ធរណ៍ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ លោក ហុង សុខហួរ នៅថ្ងៃទី១៧ ខែកញ្ញា ដោយតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ ការបដិសេធនេះ ត្រូវបានមេធាវី និងក្រុមគ្រួសាររបស់ជនជាប់ចោទយល់ថា មិនសមហេតុផល។
មេធាវីម្នាក់ក្នុងចំណោមមេធាវី ៣នាក់ ដែលការពារក្ដីឲ្យ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ឲ្យដឹងថា មូលហេតុដែលក្រុមប្រឹក្សាចៅក្រមជំនុំជម្រះរបស់សាលាឧទ្ធរណ៍ បដិសេធមិនឲ្យកូនក្តីរបស់លោកនៅក្រៅឃុំបណ្ដោះអាសន្ននោះ ដោយសំអាងថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ បារម្ភខ្លាចមានបទល្មើសកើតឡើងជាថ្មី និងរក្សាសន្តិសុខជូនជនជាប់ចោទ។
លោកមេធាវី សំ សុគង់ យល់ឃើញថា ចំពោះហេតុផលតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែលនេះ គឺមិនសមហេតុផលនោះឡើយ៖ «ដោយសារយើងពិនិត្យទៅក្នុងលក្ខខណ្ឌនៃការឃុំខ្លួនបណ្ដោះអាសន្ន យើងឃើញថា មិនមានអីជាការបារម្ភទេ ដោយសារនៅក្នុងនោះ គឺទាក់ទងទៅនឹងរឿងក្តីដែលមាននៅក្នុងតុលាការក្រុងភ្នំពេញ គឺត្រូវបានបិទការស៊ើបសួរហើយ។ អ៊ីចឹង គួរតែឲ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីគាត់បានធ្វើការ គាត់មានបេសកកម្ម និងភារកិច្ច ជាពិសេសគាត់ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា»។
យ៉ាងណាក៏ដោយ លោក ហុង សុខហួរ ពុំមានវត្តមានក្នុងបន្ទប់សវនាការឡើយ។ លោក សំ សុគង់ បញ្ជាក់ថា មូលហេតុដែលកូនក្តីរបស់លោកប្រើសិទ្ធិមិនចូលរួមសវនាការនោះ ព្រោះលោកយល់ថា តុលាការមិនអាចផ្តល់យុត្តិធម៌ដល់រូបលោកឡើយ។
ទន្ទឹមគ្នានេះដែរ ភរិយារបស់ លោក ហុង សុខហួរ គឺអ្នកស្រី គន្ធ លំអង ដែលបានអង្គុយរង់ចាំលទ្ធផលនៅមុខបន្ទប់សវនាការ ប្រាប់វិទ្យុអាស៊ីសេរី ថា ការបដិសេធបណ្ដឹងសុំនៅក្រៅឃុំនេះ គឺជារឿងនយោបាយ ម៉្លោះហើយអ្នកស្រីទាមទារឲ្យអ្នកនយោបាយ ជាពិសេសមេដឹកនាំគណបក្សកាន់អំណាច ត្រូវពិចារណាឡើងវិញក្នុងការដោះលែងស្វាមីអ្នកស្រីឲ្យមានសេរីភាព។
ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលចំពោះការចោទ ហើយបញ្ជាក់ថា ជំនួបដែលអាចនឹងកើតមានរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅសប្ដាហ៍ក្រោយនេះ គឺគ្មានការជជែកដោះស្រាយរឿងទណ្ឌិតដែលកំពុងជាប់ពន្ធនាគារព្រៃសនោះទេ៖ «ព្រោះវាខុសគ្នាណាស់ គឺមួយវប្បធម៌សន្ទនា មួយទៀតទាក់ទងនឹងផ្លូវច្បាប់ គឺមានតែប៉ុណ្ណឹងទេបាទ»។
សមត្ថកិច្ចបានចាប់ខ្លួន លោក ហុង សុខហួរ កាលពីថ្ងៃទី១៤ ខែសីហា តាមសម្រែកបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយចោទប្រកាន់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ថាជាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ។
ក្រោយការចាប់ខ្លួន ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក កៅ វណ្ឌី សម្រេចចោទប្រកាន់ លោក ហុង សុខហួរ ៣ករណី គឺទី១ ក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម។ ទី២ ចោទប្រកាន់ប្រើប្រាស់ឯកសារក្លែង និងទី៣ ញុះញង់ឲ្យមានអសន្តិសុខសង្គម។
សំណុំរឿងនេះ ត្រូវបានអង្គការមិនមែនរដ្ឋាភិបាល រិះគន់ថា ជារឿងនយោបាយ។ ដូច្នេះ ការដោះស្រាយតាមយន្តការតុលាការ គឺមិនអាចទៅរួចនោះទេ។
បើទោះជាបែបណា ក្រុមមេធាវីការពារក្តីឲ្យ លោក ហុង សុខហួរ នឹងជួបប្រជុំគ្នាដើម្បីរកលទ្ធភាពថា តើនឹងប្ដឹងសារទុក្ខប្រឆាំងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះទៅតុលាការកំពូលបន្តទៀត ឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មការទី៧នៃរដ្ឋសភាកំពុងសិក្សាពីបញ្ហាអប់រំនៅខេត្តកោះកុង
- សម្ភាសលោក សុន ឆ័យ ស្ដីពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា
- មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់គណៈមេធាវីអន្តរជាតិ
- តុលាការខេត្តស្វាយរៀងជម្រះក្តីរឿងរដ្ឋបាលព្រៃឈើប្ដឹងប្រធានសហគមន៍និងសកម្មជនដីធ្លី
- លោក កឹម សុខា គ្រោងដាក់លិខិតណាត់ជួបបក្សប្រជាជនសប្ដាហ៍ក្រោយ
- សង្គមស៊ីវិល៖ កម្ពុជានឹងមិនមានសង្គ្រាមទេប្រសិនបើមានអ្នកដឹកនាំថ្មី
- សង្គមស៊ីវិលទាមទារឲ្យដោះលែងសកម្មជននយោបាយនិងរកយុត្តិធម៌ជូនអ្នកស្លាប់
- គណបក្សថ្មីប្រតិកម្មនឹងលោក ហ៊ុន សែន ដែលថាអាចមានសង្គ្រាមបើលោកចាញ់ឆ្នោត
- ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រកាសដាក់ព្រះកាយជាអ្នកប្រឆាំងក្នុងបក្សប្រឆាំង
នរណាក៏គេដឹង និងទទួលស្គាល់ដែរ ដំណើរដើមទងនៃបញ្ហា គឺជារឿងនយោបាយ ដែល CNRP ខិតខំប្រើគ្រប់មធ្យោបាយ គ្រប់បញ្ហា គ្រប់រូបភាព ដើម្បីយកជ័យជំនះលើគណបក្សប្រជាជន និងផ្តួលរំលំរាជរដ្ឋាភិបាល។ នេះ គឺជាការពិតណាស់ ។ ពិតគឺពិតមែន ពិតដែលមិនអាប្រកែកបាន។ សូម្បីសម រង្ស៊ី និងកឹម សុខាខ្លួនឯងក៏មិនប្រកែកដែរ។
តែដល់ទៅពេលអនុវត្ត គឺក្រុមនេះ បានអនុវត្តតាមរបៀបចារកម្ម ភេរវកម្ម ជារបៀបអនាធិបតេយ្យ ព្រៃផ្សៃ ដែលពុំមានចរិតនយោបាយសូម្បីបន្តិច។ ចំណុចនេះហើយ ដែលជាកំហុសរបស់ខ្លួនឯង នាំឲ្យចូលគុក។
ចូរឈប់និយាយថា ខ្លួនឯងជាប់គុកនយោបាយទៅ! នៅកម្ពុជាគ្មានទេអ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយជាប់គុកដោយសារបទព្រហ្មទណ្ឌ!!
បើមិនជឿ សុំសួរអាមេរិកទេ!
ចាំទេ ថា កាលពីឆ្នាំ ២០១៣ អាមេរិចាប់ព្រឹទ្ធសភាប៉ុន្មាននាក់ដាក់គុក?