ប្រជាពលរដ្ឋ​​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ​ចាប់​ឆ្នោត​យក​ដី​ឡូតិ៍​​សង្គមកិច្ច​ (របាយការណ៍​ពលរដ្ឋ​អ្នក​សារព័ត៌មាន)​

ដោយ៖​ ឆោម ស្រីលក្ខណ៍​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015
http://vodhotnews.com


ពលរដ្ឋ​ម្នាក់​ដែល​ទទួល​បាន​មក​ចាប់​ឆ្នោត​យក​ដីសង្គម​កិច្ច។ (រូបថត៖ ឆោម ស្រីលក្ខណ៍)


ប្រជា​ពលរដ្ឋ​​​ចំនួន​៥៦១​គ្រួសារ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​មក​ចាប់​ឆ្នោត​យក​ដី​ឡូតិ៍​​សង្គមកិច្ច​ នៅ​សាលា​ស្រុកឆ្លូង ខេត្តក្រចេះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ សរ ចំរុង ​អភិបាល នៃ​អភិបាល​ខេត្ត​ក្រចេះ។

ពលរដ្ឋ​ទាំង​នេះ​មក​ពី​ឃុំ​ចំនួន​៤​ រួមមាន​​ឃុំ​ព្រែក​សាម៉ាន់​ ឃុំពង្រ​ ឃុំ​ខ្សាច់​អណ្តែត​ និង​ឃុំ​ដំរីផុង​ ​ក្នុង​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ។ ពួក​គាត់​​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​៩៩៨​គ្រួសារ​ដែល​នឹង​ទទួល​បាន​ដី​​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត បាន​លើក​ឡើង​ថា ការ​ចាប់​ឆ្នោត​យក​ដី​ឡូតិ៍​នេះ ជិត​ឈាន​ចូល​ដល់​ដំណាក់​កាល​ចុង​បញ្ជប់​នៃ​បញ្ហា​ប្រជាពល​រដ្ឋ​៩៩៨​គ្រួសារ​ ដែល​ការ​ចាប់​ឆ្នោត​យក​ដី​ឡូតិ៍​សម្បទាន​សង្គម​កិច្ច គឺ​ធ្វើឡើង​បាន​ពីរ​ដំណាក់​កាល​ហើយ​ ដោយ​ក្រុម​ទី១ ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​២៩១​គ្រួសារ និង​ក្រុម​ទី២​មាន​ចំនួន​៥៦១​គ្រួសារ។

ទោះ​ជា​យ៉ាង​ណា​ ក៏​មាន​ពលរដ្ឋ​រាប់​សិប​គ្រួសារ​ទៀត​ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​គ្រួសារ​ទាំង​​៩៩៨​នោះ​​ ​បាន​ឡើង​ទៅ​រក​អន្តរាគមន៍​​និង​ដាក់​ញត្តិ​នៅ​​រដ្ឋសភា​ជាតិ។ ពួក​គាត់​ធ្លាប់​បាន​អះអាង​ថា​ អាជ្ញាធរ​បាន​ហាម​ឃាត់​ពូក​គាត់​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​របស់​ពួក​គាត់​ ហើយ​ផ្តល់​ពេល​ឲ្យ​ពួក​គេ​ខ្លី​ពេក​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណកម្ម។

ការ​ដែល​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​គ្រួសារ​ទាំង​៩៩៨​ នេះ​ មាន​ន័យ​ថា​ ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ធ្លី​នាពេល​អនាគត៕

ពលរដ្ឋ​ដែល​មក​ចូលរួម​ចាប់​ឆ្នោត​កាល​ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ នៅ​សាលាខេត្ត​ក្រចេះ (រូបថត៖ ឆោម ស្រីលក្ខណ៍)


ឆោម​ ស្រីលក្ខណ៍​ ជា​ពលរដ្ឋ​អ្នកសារព័ត៌មាន​នៅ​ខេត្ត​ក្រចេះ

What Next?

Recent Articles