ដោយ៖ មាឃ ចាន់ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015
http://vodhotnews.com
សាលារាជធានីភ្នំពេញបានស្នើឲ្យភាគីពាក់ព័ន្ធចូលរួមត្រៀមលក្ខណៈរៀបចំព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប៣ឆ្នាំនៃការសោយព្រះទីវង្គត់របស់ព្រះករុណា ព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី១៥ ខែតុលា តាមរយៈការការពារសន្តិសុខនិងរបៀបរៀបរយតាមដងផ្លូវ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០៧ខែតុលលាឲ្យដឹងថានៅថ្ងៃព្រហស្បតិ៍ ទី១៥ខែតុលា ឆ្នាំ២០១៥ ស្នងការដ្ឋាននគរបាលរាជធានី បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី សាលាខណ្ឌដូនពេញ រួមសហការគ្នាជាមួយសាលាខណ្ឌចំការមន ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ចរាចរណ៍តាមដងផ្លូវនិងជុំវិញព្រះបរមរូប នៅសួនច្បារខាងកើតវិមានឯករាជ្យ។ សេចក្តីជូនដំណឹងបន្តថាសាលាខណ្ឌទាំង១២ត្រូវជូនដំណឹងទៅដល់គ្រឹះស្ថានសាធារណៈនិងឯកជនទាំងអស់ ដោយក្នុងនោះរួមមានអង្គការ សាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនជាដើម ឲ្យដាក់តាំងព្រះឆាយាល័ក្ខណ៌ព្រះបរមរតនកោដ្ឋ ដោយកំណាត់បូរពណ៌ខ្មៅនិងបំភ្លឺភ្លើងពណ៌ តុបតែងលម្អទង់ជាតិនៅតាមគេហដ្ឋាន ពាក្យស្លោកឲ្យបានសមរម្យ។
បើតាមសេចក្តីជូនដំណឹង មន្ទីរសាធារណការនិងដឹកជញ្ជូន រួមទាំងក្រុមហ៊ុនស៊ិនទ្រី ត្រូវនាំគ្នាបោសសម្អាតលាងតាមដងផ្លូវនិងបរិវេណជុំវិញព្រះបរមរូប។ សេចក្តីជូនដំណឹងដដែលបន្តថាមន្ទីរធម្មការនិងសាសនា ត្រូវសហការជាមួយគណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិនិងក្រសួងធម្មការនិងសាសនា និមន្តព្រះសង្ឃរាប់បាត្រនៅក្នុងនិងមុខព្រះបរមរាជវាំង អំឡុងពេលនៃការប្រារព្ធពិធី។
គួរបញ្ជាក់ថាព្រះបរមរតនកោដ្ឋបានយាងចូលទីវង្គត់នៅ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២ នៅក្រុងប៉េកាំង ប្រទេសចិន ទីដែលព្រះអង្គយាងទៅពិនិត្យ ព្រះរាជសុខភាព។ ព្រះអង្គយាងចូលទីវង្គត់ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា៕
សរសេរមកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com