ដោយ៖ បូ សាវី | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 05:07 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកភូមិប្រហែល៥០នាក់តំណាងឲ្យពលរដ្ឋ៦៥គ្រួសារ មកពីស្រុកអង្គរធំ និងស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្ដុំគ្នាដាក់ញត្ដិរកអន្តរាគមន៍ពីអភិបាលខេត្ដសៀមរាប ដោះលែងពលរដ្ឋម្នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនដោយចោទថាកាប់រុករានដីព្រៃខុសច្បាប់។
កាលពីថ្ងៃទី៦ ខែតុលា មន្ដ្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជាច្រើនរយនាក់ប្រដាប់ដោយអាវុធ បានចាប់ខ្លួនអ្នកភូមិម្នាក់ជាស្ដ្រីឈ្មោះ កី ប៉ឹប អាយុ៤៧ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ដោយចោទប្រកាន់ស្ដ្រីរូបនោះរស់នៅក្នុងព្រៃខុសច្បាប់។
ប្រជាពលរដ្ឋនៅឃុំពាក់ស្នែង ប្រាប់VODនៅកន្លែងតវ៉ាក្បែរសាលាខេត្ដថាតុលាការបានឃុំខ្លួនស្ត្រីនោះដោយអយុត្តិធម៌ ព្រោះរូបគាត់បានរស់នៅ និងប្រកបរបរធ្វើស្រែចម្ការជាង១០ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាប្រាប់ថារស់នៅខុសច្បាប់នោះទេ។ លោកបន្ដថាការចាប់ខ្លួនស្ដ្រីនោះដោយសារអ្នកមានអំណាចឈ្មោះ ដូង ឌឹម និងឈ្មោះ អ៊ឹម សឿត ចង់យកដីពីគាត់ប៉ុណ្ណោះ។
VODមិនអាចទាក់ទងអភិបាលខេត្ដ លោក ឃឹម ប៊ុនសុង និងអ្នកនាំពាក្យសាលាខេត្ដសៀមរាប លោក ប៊ុន ថាឬទ្ធិ ដើម្បីសាកសួរពីបញ្ហានេះបានទេ ដោយលោកទាំងពីរមិនលើកទូរស័ព្ទ។ ចំណែកឈ្មោះ ដូង ឌឹម និងឈ្មោះ អ៊ឹម សឿត ដែលពលរដ្ឋហៅថាជាអ្នកមានអំណាចនោះ ក៏មិនអាចស្វែងរកការបំភ្លឺបាននៅឡើយ។
ប៉ុន្ដែពលរដ្ឋឲ្យដឹងថាញត្ដិដែលពួកគាត់ដាក់ជូនអភិបាលខេត្ដនោះ មានអភិបាលរងខេត្ដម្នាក់ចេញមកទទួលហើយ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា តាមច្បាប់ភូមិបាល បើសិនពលរដ្ឋរូបនោះបានកាន់កាប់ដីជម្លោះជាង១០ឆ្នាំមែននោះ អាជ្ញាធរខេត្ដគួរដោះស្រាយតាមច្បាប់។
ប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីឆ្នាំ២០០២ អ្នកភូមិចំនួន៥០គ្រួសារ បានទៅរស់នៅលើដីជម្លោះស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ហើយមកដល់ឆ្នាំ២០០៧មានចំនួន២៧គ្រួសារទៀត ទៅរស់នៅបន្ថែមប៉ុន្ដែត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បណ្ដេញចេញនៅថ្ងៃទី៦ ខែតុលានេះ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
