ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 05:27 PM
http://vodhotnews.com
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានអំពាវនាវឲ្យម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅទូទាំងប្រទេស រក្សាតម្លៃសេវាកម្មអាជីវកម្មសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ឲ្យដឹងថាក្រសួងបានអំពាវនាវកុំឲ្យម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅរាជធានីខេត្ត ដំឡើងថ្លៃសេវាកម្មនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។ សេចក្តីជូនដំណឹងបន្តថា៖ “ទទួលបានូវសេចក្តីណែនាំនេះ ក្រសួងទេសចរណ៍សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាលោក លោកស្រីអ្នកនាងកញ្ញា ដែលជាម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍នៅរាជធានីខេត្ត ទាំងអស់ជួយសហការនិងអនុវត្តតាមខ្លឹមសារខាងលើឲ្យបានល្អប្រកបដោយការទទួលខុសត្រូវ”។
គួរបញ្ជាក់ថានៅពេលរដូវបុណ្យទានម្តងៗប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកំសាន្តកន្លែងផ្សេងៗបានរអ៊ូរទាំពីការដំឡើងថ្លៃម្ហូបអាហារ កន្លែងស្នាក់នៅនិងសេវាកម្មផ្សេងៗ។ ចំណែកអ្នកធ្វើដំណើរទៅស្រុកកំណើតតែងតែរអ៊ូរទាំចំពោះការឡើងថ្លៃឈ្នួលរថយន្ត។
កាលពីថ្ងៃទី២២ខែកញ្ញា លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តឈ្នួលទាំងឡាយកុំឲ្យឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោកបន្តថារដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាពិសេសកម្មករនិងសិស្សនិស្សិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើត។ លោកបានថ្លែងថា៖ “ឲ្យតែដល់ពេលបុណ្យទាន ការធ្វើដំណើរឡើងថ្លៃហ្មង អញ្ចឹងអំពាវនាវទុកឲ្យហើយ ព្រោះឆ្នាំហ្នឹង ខ្ញុំអត់បាននៅភ្ជុំនៅស្រុកខ្មែរទៀត”៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com