ម៉ុងតាញ៉ា​៩​នាក់​លាក់​ខ្លួន​នៅ​ភ្នំពេញ​ខ្វះ​ថវិកា​និង​ស្បៀង​អាហារ

ដោយ ថា កិត្យា
2015-10-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជនជាតិ​ម៉ុងតាញ៉ា ៦២០
ជនជាតិ​ម៉ុងតាញ៉ា ៩​នាក់ ដែល​រត់​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម មក​ដល់​ទីក្រុង​ភ្នំពេញ​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥។ រូបថត​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥ (RFA/Tha Kitya)


ជនជាតិ​ចារ៉ាយ-វៀតណាម ឬ​ម៉ុងតាញ៉ា ចំនួន ៩​នាក់ ដែល​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម កំពុង​លាក់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ កំពុង​ជួប​ការ​លំបាក ដ្បិត​អស់​ថវិកា និង​ស្បៀង​សម្រាប់​ទ្រទ្រង់​ជីវភាព។ ស្រប​គ្នា​នេះ ក៏​ពុំ​ទាន់​មាន​ជំនួយ​ណា​មួយ​ពី​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ឬ​ពី​អង្គការ​សហប្រជាជាតិ នៅ​ឡើយ។ ជន​ភៀស​ខ្លួន​ទាំង​នោះ អំពាវនាវ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស ជួយ​សង្គ្រោះ​ពួក​គាត់​ទាំង​ផ្នែក​ស្បៀង​អាហារ និង​ទាំង​ផ្នែក​ផ្លូវ​ច្បាប់ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា គ្រោង​ចាប់​បញ្ជូន​ពួក​គាត់​ទៅ​វៀតណាម វិញ។

ក្រុម​ជនជាតិ​ម៉ុងតាញ៉ា ចំនួន ៩​នាក់ ដែល​សុទ្ធតែ​ជា​បុរស​នោះ លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​កម្ពុជា បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​ប្រទេស​វៀតណាម វិញ​នោះ គឺ​មិន​ខុស​ពី​រុញ​ច្រាន​ពួក​គាត់​ទម្លាក់​ទឹក ឲ្យ​ក្រពើ​ហែក​ស៊ី ហើយ​អង្គុយ​ទះ​ដៃ​សើច​នោះ​ទេ។

ជនជាតិ​ម៉ុងតាញ៉ា​ម្នាក់ រៀបរាប់​ទាំង​ទឹក​មុខ​ស្រពោន​ថា ពួក​គាត់​គ្មាន​ផ្លូវ​ត្រូវ​ដើរ​ទៅ​មុខ​ទៀត​នោះ​ទេ ម៉្លោះ​ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្រែក​ដង្ហោយ​ដល់​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ប្រចាំ​កម្ពុជា ជួយ​ពួក​គាត់​ឲ្យ​ផុត​ពី​ការ​គាប​សង្កត់ ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​វៀតណាម នោះ​ទេ។ បុរស​រូប​នោះ​បន្ត​ថា ប្រសិន​បើ​បញ្ជូន​ទៅ​វៀតណាម វិញ គឺ​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់​ហើយ ព្រោះ​ឥឡូវ​នេះ នគរបាល​វៀតណាម បាន​ទៅ​រក​ពួក​គាត់​នៅ​ផ្ទះ​រហូត មិន​ថា​យប់ ឬ​ថ្ងៃ​នោះ​ទេ៖ «ប្រសិន​បើ​គេ​មក​ចាប់​ខ្ញុំ ពួក​ខ្ញុំ​ដឹង​តែ​នៅ​ទីនេះ ចាំ​គេ​មក​ចាប់​ទេ ព្រោះ​មិន​ដឹង​ត្រូវ​ទៅ​ណា? រក​អ្នក​ណា? ឬ​ធ្វើ​អ្វី​នោះ​ទេ? មិន​ហ៊ាន​ត្រឡប់​ទៅ​ស្រុក​វិញ​ទេ ពួក​ខ្ញុំ​ខ្លាច​ណាស់ ខ្លាច​ជាប់​គុក។ ពួក​ខ្ញុំ​នៅ​គុក​ច្រើន​ហើយ​ភ័យ​ខ្លាច​ណាស់។ រីឯ​អាជ្ញាធរ​ខ្មែរ គេ​ចង់​ធ្វើ​អ្វី ពួក​ខ្ញុំ​ក៏​ធ្វើ​ចុះ ពួក​ខ្ញុំ​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច​នោះ​ទេ»

ការ​ព្រួយ​បារម្ភ​របស់​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ គឺ​នៅ​បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា ព្រមាន​ថា​នឹង​ចាប់​បញ្ជូន​ពួក​គាត់​ទៅ​ប្រទេស​វៀតណាម វិញ បន្ទាប់​ពី​ផុត​ឱសានវាទ​រយៈពេល ៣​ខែ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ជនជាតិ​ម៉ុងតាញ៉ា ដែល​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ព្រោះ​តែងតែ​លាក់​មុខ​មិន​ហ៊ាន​ជួប​អាជ្ញាធរ​កម្ពុជា។ លោក​បន្ថែម​ថា ការ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​អង្គការ​ចាត់​តាំង​នោះ គឺ​ជា​ការ​រំលោភ​អធិបតេយ្យ​ភាព​កម្ពុជា៖ «ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ​មួយ តើ​យើង​សុខ​ចិត្ត​ឲ្យ​គេ​យក​ទឹក​ដី​យើង​ទៅ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន​ដែរ​ទេ? នៅ​ពេល​យើង​ហៅ​គាត់​មក​ជួប គាត់​មិន​មក​ជួប​ទេ គាត់​ទៅ​ជួប​ត្រឹម​អង្គការ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ដោយ​មាន​អ្នក​ពាំ​នាំ​ព័ត៌មាន​ពី​មួយ​ទៅ​មួយ ក្នុង​នាម​ជា​អ្នក​រត់​ពន្ធ​មនុស្ស។ ដូច្នេះ យើង​មិន​ទទួល​ស្គាល់​ទាំងអស់​នោះ​ទេ។ យើង​ក៏​ជម្រាប យូ.អិន.អេច្ឆ.ស៊ី.អ ថា បញ្ជូន​ពួក​គាត់​ទៅ​ស្រុក​កំណើត​វិញ​ទៅ ទុក​ពេល​ឲ្យ​បី​ខែ ហើយ​បើ ៣​ខែ​មិន​ទៅ​វិញ​ទេ យើង​ខ្ញុំ​សូម​អនុវត្ត​ច្បាប់​កម្ពុជា»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់ លោក ខៀវ សុភ័គ នោះ ក្រុម​ជនជាតិ​ម៉ុងតាញ៉ា ឆ្លើយ​តប​ថា មូលហេតុ​ដែល​ពួក​គាត់​ប្រាថ្នា​ជួប​អង្គការ​សហប្រជាជាតិ នោះ ដោយសារ​ដឹង​ថា យូ.អិន (UN) ចេះ​ការពារ​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់ ចេះ​ស្រឡាញ់​មនុស្ស និង​ចេះ​អាណិត​អាសូរ​ដល់​មនុស្ស​ទន់​ខ្សោយ។ រីឯ​អាជ្ញាធរ​កម្ពុជា វិញ ពួក​គាត់​ថា មិន​បាន​ទៅ​រក​ជួប​ទេ ដោយសារ​តែ​ពួក​ខ្ញុំ​មិន​ដឹង​ថា​នៅ​ឯណា ហើយ​យ៉ាង​ណា​យ៉ាង​ណី​នោះ​ទេ៖ «ពួក​ខ្ញុំ​មក​នេះ​មិន​មាន​បំណង​ថា​ទៅ​ប្រទេស​នេះ​ប្រទេស​នោះ​អី​ទេ។ និយាយ​ដូច្នេះ គឺ​មិន​ត្រូវ​ទេ។ មូលហេតុ​ដែល​ពួក​ខ្ញុំ​មក​នេះ គឺ​ដោយសារ​គេ​ធ្វើ​ទុក្ខបុកម្នេញ​ពេក​នៅ​វៀតណាម គេ​ធ្វើ​បាប​ពួក​ខ្ញុំ។ ពួក​ខ្ញុំ​ខ្លាច​ណាស់ ត្រូវ​តែ​រត់​ពួន រត់​កាត់​ព្រៃ ហើយ​ទើប​រត់​មក​ដល់​កម្ពុជា ហើយ​ពួក​ខ្ញុំ​មក​នេះ ពួក​ខ្ញុំ​មិន​មាន​សិទ្ធិ​ស្អី​នោះ​ទេ មាន​តែ យូ.អិន ទេ ទើប​មាន​សិទ្ធិ ហើយ​ពួក​គាត់​នឹង​ទទួល​យក​ពួក​ខ្ញុំ ជួយ​សង្គ្រោះ​ពួក​ខ្ញុំ។ ពួក​ខ្ញុំ​ភ័យ​ខ្លាច​ណាស់​ទើប​មក​ទីនេះ»

តំណាង​ជនជាតិ​ម៉ុងតាញ៉ា រៀបរាប់​ថា ជាង​មួយ​សប្ដាហ៍​ហើយ​ដែល​ពួក​គាត់​បាន​ចូល​ដល់​ទីក្រុង​ភ្នំពេញ​នោះ​យ៉ាង​ឯកោ​បំផុត ដោយ​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​មួយ ជួយ​អន្តរាគមន៍​ករណី​ពួក​គាត់​នោះ​ទេ ហើយ​ពួក​គាត់​ប្រឈម​មុខ​នឹង​ការ​ដាច់​បាយ និង​កន្លែង​ស្នាក់​នៅ​ទៀត​ផង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អន្តរាគមន៍​ពី លោកស្រី វីវៀន តាន់ (Vivian Tan) អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​តុលា។

ទាក់ទិន​បញ្ហា​នេះ​ដែរ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​នាម​កម្ពុជា ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ជន​ភៀស​ខ្លួន​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ច្រាន​ចោល​ការ​ស្នើសុំ​សិទ្ធិ​ជ្រក​កោន​របស់​ពួក​គាត់៖ «អ្នក​ដែល​ចូល​មក​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន យើង​ឃើញ​ថា រដ្ឋាភិបាល​តែង​ថា​ពួក​គាត់​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​ទទួល​ឋានៈ​ជន​ភៀស​ខ្លួន ប៉ុន្តែ​កម្ពុជា អាច​ទៅ​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​វិញ ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល គ្រាន់​តែ​ថា ធ្វើ​យ៉ាង​ណា​ឲ្យ​តាម​នីតិវិធី​ត្រឹមត្រូវ ក្នុង​ការ​ទទួល​ពួក​គាត់​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន ឬ​ក៏​មិន​ទទួល​នោះ សូម​ឲ្យ​មាន​កិច្ច​សម្ភាសន៍ ឬ​ក៏​ការ​សាកសួរ​ដោយ​កិច្ច​សហការ​ពី យូ.អិន.អេច្ឆ.ស៊ី.អ ត្រឹមត្រូវ»

មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ រិះគន់​ថា មិន​បាន​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព​តាម​អនុសញ្ញា​ជន​ភៀស​ខ្លួន​ល្អ​នោះ​ទេ។ ជនជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ដែល​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សាសនា និង​នយោបាយ ត្រូវ​បាន​បញ្ជូន​ដោយ​បង្ខំ​ទៅ​វៀតណាម វិញ។ មិន​ខុស​គ្នា​ឡើយ រដ្ឋាភិបាល​បាន​កំណត់​ជនជាតិ​អ៊ុយហ្គរ៍ (Uyghur) ដែល​ស្នើសុំ​សិទ្ធិ​ជ្រក​កោន ថា​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​ចាប់​បញ្ជូន​ពួក​គេ​ដោយ​បង្ខំ​ទៅ​ចិន វិញ​ដូច​គ្នា​ដែរ។

ទោះ​ស្ថិត​ក្រោម​ការ​រិះគន់​មិន​ដាច់​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ក៏​នៅ​តែ​ផ្ញើ​សារ​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា ទាំង​នោះ ឈប់​ភៀស​ខ្លួន​ចូល​កម្ពុជា ត​ទៅ​ទៀត បើ​ពុំ​នោះ​ទេ អ្នក​ទាំង​នោះ​នឹង​ក្លាយ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles