ដោយ សេក បណ្ឌិត
2015-10-08
RFA
អក្សរស្វាគមន៍រមណីយដ្ឋានសេកសក ស្ថិតក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយចំនួននៅខេត្តបាត់ដំបង ជាពិសេសរមណីយដ្ឋានទេសចរណ៍ធម្មជាតិសេកសក នឹងបាត់ឈ្មោះ ដោយជំនួសមកវិញនូវទំនប់វារីអគ្គិសនី។
ទាក់ទងបញ្ហានេះ អ្នកស្រុកបាត់ដំបង និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន មិនចង់ឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់ចង់ឲ្យអាជ្ញាធរខេត្ត និងរដ្ឋាភិបាលអភិរក្សតំបន់នោះឲ្យគង់វង្ស ដើម្បីរក្សាកេរដំណែលធម្មជាតិដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន ហើយវាកំពុងបម្រើផលប្រយោជន៍ដល់សហគមន៍ និងផ្ដល់នូវភាពសុខសាន្តដល់សង្គមមនុស្ស និងសត្វជាច្រើនជំនាន់មកហើយ។
សំឡេងភ្ញៀវទេសចរ៖ «មិនចង់ឲ្យសាងសង់វារីអគ្គិសនីស្អីនោះទេ កាលណាធ្វើ វាអាចបាត់បង់តំបន់ទេសចរណ៍ហ្នឹង ខូចបរិស្ថាន…»។
ការទទូចចង់បានរបស់អ្នកស្រុករតនៈមណ្ឌល និងភ្ញៀវទេសចរកំពុងមានសន្ទុះប្រណាំងគ្នានឹងការពន្លឿនដំណើរការសាងសង់ទំនប់វារីអគ្គិសនីសេកសក ស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ទំនប់នេះបានចាប់ផ្ដើមដំណើរការសាងសង់ជាងមួយឆ្នាំមកហើយ និងសម្រេចបានលទ្ធផលប្រមាណជាង ៦០% ហើយ។
ទោះយ៉ាងណានេះក្តី ភ្ញៀវទេសចរមកពីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀតដែលធ្លាប់មកលេងកម្សាន្តផ្ទាល់ និងឮឈ្មោះរមណីយដ្ឋានសេកសក ពួកគាត់មិនសប្បាយចិត្តនឹងគម្រោងសាងសង់ទំនប់នេះឡើយ ព្រោះពួកគាត់យល់ថា នឹងនាំឲ្យបាត់បង់រមណីយដ្ឋានអេកូទេសចរណ៍ជាប្រវត្តិសាស្ត្រមួយចំនួននៅក្នុងស្រុករតនៈមណ្ឌលនេះ។
ភ្ញៀវទេសចរមួយរូបឈ្មោះ វុទ្ធី ទៅពីភ្នំពេញ ជាមួយក្រុមគ្រួសារមួយក្រុម ដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានសេកសក បានចាប់អារម្មណ៍ថា លោកចូលចិត្តរមណីយដ្ឋានមួយនេះ ព្រោះវាល្បីឈ្មោះជាច្រើនជំនាន់មកហើយ ជាពិសេសតាមបទចម្រៀងរបស់អតីតអធិរាជសំឡេងមាស គឺលោក ស៊ីន ស៊ីសាមុត ដែលលោកបានច្រៀងរៀបរាប់ពីទិដ្ឋភាពស្រស់បំព្រងនៃជ្រលងទឹកសេកសក នោះ៖ «ខ្ញុំមកលេងសុទ្ធសាធតែម្ដង…! ខ្ញុំមកតាមបទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត…»។
លោក វុទ្ធី បង្ហាញទស្សនៈថា វារីអគ្គិសនីគួរកុំធ្វើនៅតំបន់នេះ ព្រោះវាប៉ះពាល់ខ្លាំងទៅលើសម្បត្តិធម្មជាតិ បរិស្ថានល្អដែលបន្សល់ទុកតាំងពីអតីតកាល និងមានតម្លៃមិនអាចកាត់ថ្លៃបាន និងបាត់បង់ដីស្រែចម្ការប្រជាពលរដ្ឋជាច្រើនហិកតារថែមទៀត៖ «ប៉ះពាល់ដល់អេកូទេសចរណ៍។ … យោបល់ខ្ញុំគួរកុំអី ទុកធ្វើតំបន់ទេសចរណ៍អ៊ីចឹងទៅ»។
ចំណែកស្ត្រីជាអ្នកទេសចរម្នាក់ទៀតឈ្មោះ កុង លីលី ក៏បានបង្ហាញក្តីបារម្ភចំពោះការកប់បាត់នូវតំបន់រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិដែលល្បីឈ្មោះនេះ ដោយសារសំណង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ៖ «ទីមួយប៉ះពាល់ដល់កេរដំណែលដូនតាយើង ទីពីរប៉ះពាល់ដល់បរិស្ថាន តំបន់ទេចរណ៍ និងធ្វើឲ្យបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋក្រីក្រ»។
ដោយឡែកប្រជាពលរដ្ឋម្ចាស់ស្រុកវិញ ក៏មានការសោកស្ដាយចំពោះការបាត់បង់ទីរមណីយដ្ឋានដ៏ល្បីឈ្មោះដែលបន្សល់ទុកតាំងពីដូនតាពួកគាត់មក រហូតធ្វើឲ្យពួកគាត់គាំងសម្ដីនិយាយស្ទើរមិនចេញចំពោះការបាត់បង់នេះ។
ទន្ទឹមនឹងការសោកស្ដាយនេះដែរ ពួកគាត់ម្នាក់ៗក៏មិនហានតវ៉ាប្រឆាំងនឹងគម្រោងនេះដែរ។ ចុងក្រោយបានត្រឹមតែទាមទារសំណងសមរម្យចំពោះការបាត់បង់ដីស្រែចម្ការ ដោយសារគម្រោងវារីអគ្គិសនីនោះប៉ុណ្ណោះ។
ពលរដ្ឋម្នាក់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល លោក លីវ សំរិន មានប្រសាសន៍ថា ការដែលពលរដ្ឋមិនហ៊ានចេញមុខតវ៉ានោះ ដោយសារខ្លាចអាជ្ញាធរមិនដោះស្រាយផ្ដល់សំណងលើផលប៉ះពាល់ដីធ្លី ផ្ទះសម្បែងជូនពួកគាត់៖ «ខាងភូមិខ្ញុំខ្លាចណាស់! ឮគេថា អ្នកណាខ្លាំង អ្នកណាហ៊ានប្ដឹង អ្នកណាហ៊ាននិយាយពីប្រវត្តិអីអ៊ីចឹង គឺគេទុកសំណុំរឿងម្នាក់ហ្នឹង ឬប៉ុន្មានគ្រួសារហ្នឹង ទុកចោលអត់ដោះស្រាយឲ្យទេ»។
ចំណែកមន្ត្រីរដ្ឋាភិបាលវិញបានឆ្លើយតបចំពោះក្ដីកង្វល់នេះ និងយល់អំពីអារម្មណ៍របស់ប្រជាពលរដ្ឋម្ចាស់ស្រុកភ្ញៀវទេសចរ ដែលមិនចង់ឲ្យបាត់បង់រមណីយដ្ឋានល្បីឈ្មោះក្នុងសហគមន៍របស់ពួកគាត់ ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវថ្លឹងថ្លែងអំពីការអភិវឌ្ឍដែលបម្រើដល់ប្រយោជន៍ និងតម្រូវការចាំបាច់របស់ពលរដ្ឋភាគច្រើនទៀតដែលនៅក្នុងខេត្តបាត់ដំបង។
អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដែលទើបឡើងកាន់តំណែងថ្មីប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រសាសន៍ថា តាមពិតគម្រោងសាងសង់ទំនប់សេកសក នេះ រដ្ឋាភិបាលដែលមានក្រុមការងារអន្តរក្រសួង បានសិក្សាជាច្រើនឆ្នាំមកហើយអំពីផលប៉ះពាល់តាំងពីលោកមិនទាន់ឡើងកាន់តំណែង។
លោកថា ក្រុមការងារបច្ចេកទេសបានសិក្សាលម្អិតឃើញថា ផលប៉ះពាល់តិចតួចអាចដោះស្រាយបាន ហើយផលចំណេញច្រើនអាចបំពេញតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលភាគច្រើនជាកសិករ ហើយកំពុងត្រូវការប្រព័ន្ធធារាសាស្ត្រអគ្គិសនីជាចាំបាច់ដើម្បីអភិវឌ្ឍវិស័យកសិកម្មរបស់ពួកគាត់៖ «កិច្ចការដែលពាក់ព័ន្ធរមណីយដ្ឋានល្បីឈ្មោះបោះសំឡេងជាប្រវត្តិសាស្ត្រនោះ ដូចជាមិនប៉ះពាល់អីទេ គ្រាន់តែបើតាមធម្មជាតិរបស់វា ទឹកតិចវាហូរ ដល់ពេលយើងទប់ទឹកវាអត់ហូរទេ តែទឹកវាច្រើន»។
លោកបន្តថា ទំនប់ដែលកំពុងសាងសង់នៅតំបន់សេកសកនេះ គេឲ្យឈ្មោះថា ទំនប់ពហុបំណងសេកសក អាចផលិតថាមពលអគ្គិសនីបានប្រមាណ ១៣មេហ្គាវ៉ាត់ ជាគម្រោងរបស់រដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងធនធានទឹក និងឧតុនិយម និងសាងសង់ដោយក្រុមហ៊ុនចិន។ ទំនប់ពហុបំណងសេកសកនេះ មិនផ្ដោតសំខាន់តែទៅលើការផលិតចរន្តអគ្គិសនីមួយមុខនោះទេ គឺវាក៏ជាអាងស្តុកទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកបន្តទៅទំនប់ដង្ហត ដែលស្ថិតនៅផ្នែកខាងក្រោមតំបន់សេកសក ក្នុងស្រុកបាណន់ ដោយអាចស្រោចស្រពលើផ្ទៃដីកសិកម្មបានប្រមាណ ៧ម៉ឺនហិកតារគ្របដណ្ដប់លើស្រុក៤ គឺស្រុកគាស់ក្រឡ មោងឬស្សី ស្រុកបាណន់ និងក្រុងបាត់ដំបង។
អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល «ចង់និយាយថា ទ្វារទឹកដែលត្រូវផ្គត់ផ្គង់ទៅឲ្យទំនប់ដង្ហតនោះ ជាជាងយើងមានទ្វារទឹកមួយធំបង្ហូរទៅដោយមិនបានគិត ដូច្នេះកម្លាំងទឹកដែលបង្ហូរទៅនោះ យើងអាចដាក់កូនវារីអគ្គិសនីមួយបាន ប៉ុន្តែគោលបំណងនោះមិនសំដៅតែទៅលើវារីអគ្គិសនីទេ ជាជាងខែប្រាំង យើងទម្លាក់ទៅឲ្យទំនប់ដង្ហតដើម្បីធ្វើស្រែ វាក៏អាចហូរបង្វិលឌីណាម៉ូបាន និងស្ទាក់ទឹកស្ទឹងសង្កែ កុំឲ្យហូរទៅទន្លេសាបចោលដូចមុន»។
ការសាងសង់ទំនប់នេះ ត្រូវចំណាយថវិកាប្រមាណ ១០០លានដុល្លារ ជាប្រាក់កម្ចីពីប្រទេសចិន ហើយគេគ្រោងបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៨ ខាងមុខ។
ទោះជាយ៉ាងណាក្តី អ្នកចាត់ការទូទៅនៅរមណីយដ្ឋានសេកសក លោក ខេម ចាន់ បានថ្លែងសោកស្ដាយចំពោះការបាត់បង់នូវតំបន់រមណីយដ្ឋានធម្មជាតិដ៏កម្រនៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង៖ «ខ្ញុំសោកស្ដាយមែនទែន! ព្រោះតំបន់នេះមានតាំងពីបទចម្រៀងលោក ស៊ីន ស៊ីសាមុត មក ពេលបាត់បង់ទៅសោកស្ដាយខ្លាំង មិនមែនធម្មតាទេ ព្រោះវាមិនអាចកើតឡើងវិញបានទេ ព្រោះមានទឹកជ្រោះ មានសួនអីផ្សេងៗទៀត ដែលខំសាងសង់មកជាច្រើន ហើយកន្លែងខ្លះមានដីស្រែ ចម្ការរបស់ប្រជាពលរដ្ឋដែលខំកាប់ឆ្ការបានជាច្រើនដល់ពេលលិចទឹកអ៊ីចឹងស្ដាយដែរ»។
លោកថា នៅប្រមាណ ២ ឬ ៣ឆ្នាំខាងមុខទៀតនេះ រមណីយដ្ឋានធម្មជាតិល្បីឈ្មោះមួយចំនួន ដូចជា ជ្រោះពេជ្រចិន្តា សេកសក ជ្រលងបព្វតា និងចម្លងកួយ នឹងត្រូវបាត់រូបរាងដោយត្រូវកប់បាត់ក្នុងផ្ទៃបាតអាងនៃទំនប់វារីអគ្គិសនីសេកសក ហើយបន្សល់នៅតែឈ្មោះនៅក្នុងបទចម្រៀងរបស់អតីតអធិរាជសំឡេងមាសគឺ លោក ស៊ីន ស៊ីសាមុត ប៉ុណ្ណោះ។
តំណាងប្រជាពលរដ្ឋឲ្យដឹងថា តាមគម្រោង ផ្ទៃដីកសិកម្មជាង ១០ម៉ឺនហិកតារនឹងត្រូវលិចលង់នៅពេលទំនប់ពហុបំណងសេកសក ត្រូវបានសាងសង់រួច និងចាប់ផ្ដើមដំណើរការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អក្សរស្វាគមន៍រមណីយដ្ឋានសេកសក ស្ថិតក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
កុមារនាំគ្នាលេងទឹកក្នុងរមណីយដ្ឋានទេសចរណ៍ធម្មជាតិសេកសក។
ជ្រលងសេកសក
រូបសំណាកនៅក្នុងរមណីយដ្ឋានសេកសក។
ផ្ទៃអាងទំនាបនៃរមណីយដ្ឋានសេកសក។
ប្លង់គម្រោងសាងសង់ទំនប់វារីអគ្គិសនីឈ្មោះ “ពហុបំណងសេកសក”។
ប្លង់គម្រោងសាងសង់ទំនប់វារីអគ្គិសនីឈ្មោះ “ពហុបំណងសេកសក”។
ខ្នងទំនប់វារីអគ្គិសនីផ្នែកខាងលើ។
ខ្នងទំនប់វារីអគ្គិសនីផ្នែកខាងក្រោម។
បុគ្គលិកក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីកិនបង្ហាប់ដីខ្នងទំនប់។
អត្ថបទដែលទាក់ទង
- តំណាងសហគមន៍តំបន់អារ៉ែងត្រូវតុលាការខេត្តកោះកុងចាប់ដាក់ពន្ធនាគារ
- ក្រុមហ៊ុនជាង២០០មកពី១៦ប្រទេសតាំងពិព័រណ៍ម្ហូបអាហារនិងភេសជ្ជៈនៅក្រុងសៀមរាប
- អាជ្ញាធរជាតិអប្សរាប្រកាសថាប្រាក់ចំណូលលក់សំបុត្រចូលរមណីយដ្ឋានអង្គរកើនឡើង
- ភ្ញៀវទេសចរបរទេសតាមទូកកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០១៥នៅខេត្តកំពង់ឆ្នាំង
- អាជ្ញាធរគ្រោងរៀបចំតំបន់ចម្ការឈើនិងវាលផ្កាព្រៃជាកន្លែងទេសចរណ៍មួយទៀតនៅសៀមរាប
- ពលរដ្ឋដែលមិនព្រមទទួលសំណងពីគម្រោងទំនប់វារីអគ្គិសនីសេសាននាំគ្នារានយកដី
- អង្គការជាង៤០ស្ថាប័នស្នើឲ្យឡាវបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង
- មន្ត្រីជំនាញខេត្តព្រះសីហនុកំពុងសិក្សាគម្រោងវិយោគកោះថាសឲ្យក្រុមហ៊ុនឯកជន
- គណៈកម្មការទី៣រដ្ឋសភាប្រតិកម្មនឹងរដ្ឋសភាឡាវអនុម័តគម្រោងសង់ទំនប់ដនសាហុង