ពលរដ្ឋ​ក្នុង​ស្រុក​ចំនួន​ពីរ​នៅ​ខេត្ត​សៀមរាប​ស្នើ​អភិបាល​ខេត្ត​អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ​ម្នាក់

ដោយ ហង្ស សាវយុត
2015-10-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តវ៉ា​ឲ្យ​ដោះ​លែង​អ្នក​ភូមិ​នៅ​ខេត្ត​សៀមរាប ៦២០
ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​មក​ពី​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ និង​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី លើក​គ្នា​ទៅ​សាលា​ខេត្ត​សៀមរាប ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​ភូមិ​ម្នាក់ ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hang Savyouth


អាជ្ញាធរ និង​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​អង្គរធំ ខេត្ត​សៀមរាប កំពុង​ចាត់​វិធានការ​ក្តៅ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បង្ក្រាប​ទៅ​លើ​សកម្មភាព​ចូល​កាប់​រាន ហើយ​ចាប់​យក​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នៅ​តំបន់​វាល​ឆ្កែ​កូន នៃ​ភ្នំ​អំពិល ក្នុង​ឃុំ​ពាក់ស្នែង ដែល​ជាប់​ភូមិសាស្ត្រ​គ្នា​នឹង​តំបន់​អូរម្ចាស់ នៃ​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី។

ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ គឺ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់ និង​អ្នក​កាសែត​នៅ​អង្គភាព​សេនា​ដៃ​៨ ម្នាក់​ទៀត​បញ្ជូន​ទៅ​តុលាការ។

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​នៅ​ឃុំ​ពាក់ស្នែង ស្រុក​អង្គរធំ និង​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី បាន​លើក​គ្នា​មក​ឈរ​នៅ​មុខ​សាលា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​តុលា ដោយ​ចង់​ជួប​ជាមួយ​អភិបាល​ខេត្ត និង​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្រជាពលរដ្ឋ​ម្នាក់ ឲ្យ​មាន​សេរី​ភាព​វិញ។

ក្រុម​អ្នក​ភូមិ​ប្រុស​ស្រី​ដែល​មាន​សម្លៀកបំពាក់ និង​សាច់​ឈាម បង្ហាញ​ឲ្យ​ដឹង​ថា ជា​កសិករ​ក្រីក្រ​ទាំង​នោះ បាន​ទាមទារ​ឲ្យ​អភិបាល​ខេត្ត​សៀមរាប ជួយ​អន្តរាគមន៍​ទៅ​តុលាការ ដើម្បី​ដោះ​លែង​ស្ត្រី​ម្នាក់​ឈ្មោះ កី ប៉ឹប ជា​អ្នក​ភូមិ​សណ្ដាន់ ឃុំ​ពាក់ស្នែង ឲ្យ​មាន​សេរីភាព​វិញ។ អ្នក​ភូមិ​បញ្ជាក់​ថា រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​អង្គរធំ បាន​ចោទ​ប្រកាន់​ស្ត្រី​ឈ្មោះ កី ប៉ឹប ថា​ជា​អ្នក​ចូល​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ ប៉ុន្តែ​ភាព​ពិត គឺ​ស្ត្រី​នោះ​មិន​មាន​កំហុស​អ្វី​ទេ៖ «ប្រុស៖ មូលហេតុ​ដែល​គេ​ចាប់​នោះ គាត់​ឮ​ថា​គេ​ចាប់​អ្នក​សារព័ត៌មាន ក៏​រត់​មក​ជួយ ហើយ​គេ​ក៏​ហ៊ុមព័ទ្ធ​ចាប់​គាត់​ទៅ។ ស្រី៖ សូម​ទាមទារ​ឲ្យ​ដោះ​លែង កី ប៉ឹប មក​វិញ ព្រោះ​គាត់​ជា​ពលរដ្ឋ​សុទ្ធសាធ​អត់​មាន​ខុស​អ្វី​ទេ»

ការ​លើក​គ្នា​ទាមទារ​របស់​ក្រុម​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា កន្លង​ទៅ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​អង្គរធំ ព្រម​ទាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ ហើយ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ កុល សៀម ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​សេនា​ដៃ​៨ និង​ស្ត្រី​ម្នាក់​ឈ្មោះ កី ប៉ឹប ជា​អ្នក​ភូមិ​សណ្ដាន់ មក។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ស្រុក​អង្គរធំ បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា មនុស្ស​ទាំង​ពីរ​នាក់​ដែល​គេ​ចាប់​ខ្លួន​នេះ គឺ​ម្នាក់​ជា​អ្នក​រារាំង និង​ឆាឆៅ​រំខាន​ដល់​ការ​អនុវត្ត​ភារកិច្ច​របស់​សមត្ថកិច្ច និង​ម្នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​កាប់​រាន​ដី​ព្រៃ ព្រម​ទាំង​ដឹក​នាំ​អ្នក​ផ្សេង​ទៀត​ឲ្យ​ចូល​ទៅ​រុក​រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។

អភិបាល​ស្រុក​អង្គរធំ លោក ឡុង រដ្ឋារក្ស មាន​ប្រសាសន៍​ថា ដី​ម្ដុំ​តំបន់​ឆ្កែ​កូន ភ្នំ​អំពិល នោះ គឺ​ជា​ដី​ព្រៃ​ដែល​មាន​ដីកា​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​តាំង​តែ​ពី​ខែ​ឧសភា ឆ្នាំ​២០០៦ មក។ លោក​អភិបាល​ស្រុក​ដដែល​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កី ប៉ឹប នោះ គឺ​ពិត​ជា​បាន​ចូល​ទៅ​ធ្វើ​ស្រែ​ក្នុង​តំបន់​នោះ​ជា​យូរ​ឆ្នាំ​មក​ហើយ​មែន ក៏ប៉ុន្តែ​គាត់​មាន​កំហុស ដោយសារ​តែ​គាត់​បាន​បំផុស​អ្នក​ផ្សេង​ទៀត​ឲ្យ​ចូល​ទៅ​សង់​រោង​ប្រក់​តង់​កៅស៊ូ​ទំហំ ២​គុណ​នឹង ៣​ម៉ែត្រ​ជាច្រើន ដើម្បី​ចាប់​យក​ដី​របស់​រដ្ឋ ដោយ​បែង​ជា​ឡូ​ចែក​គ្នា​ក្នុង​ក្បាល​ដី​ទំហំ ៤០​ម៉ែត្រ​គុណ​នឹង ៥០​ម៉ែត្រ​ក្នុង​មួយ​រោងៗ។ ចំណែក​ឯ​អ្នក​កាសែត​សេនា​ដៃ​៨ នោះ​វិញ គឺ​បាន​ធ្វើ​សកម្មភាព​ដាក់​ម៉ូតូ​រាំង​ផ្លូវ​គោយន្ត​របស់​ប្រជាពលរដ្ឋ មិន​ឲ្យ​ចេញ​ពី​តំបន់​នោះ ព្រម​ទាំង​តាម​ថត​រូបភាព និង​អុកឡុក​រំខាន​សមត្ថកិច្ច ក្នុង​ពេល​បង្ក្រាប​ការ​រុក​រាន​ដី​ព្រៃ​នោះ​ផង៖ «យាយ កី ប៉ឹប គាត់​បាន​ធ្វើ​យូរ​គ្រាន់​ហើយ​ដែរ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ​គាត់​ធ្វើ ហើយ​គាត់​បាន​នាំ​អ្នក​ផ្សេង​ទៅ​ធ្វើ ទៅ​ពង្រីក​ដី​នោះ​ទៀត ដោយ​បង្កើត​ភាព​អនាធិបតេយ្យ»

នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​អង្គរ​ធំ លោក ប៉ែន សារិន មាន​ប្រសាសន៍​ថា តំបន់​ដែល​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​ចាប់​យក​នោះ គឺ​ជា​ដី​ព្រៃ​អចិន្ត្រៃយ៍​របស់​រដ្ឋ។ នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក គឺ​ដីកា​លេខ​១១៤ របស់​សាលា​ខេត្ត​សៀមរាប បាន​ដក​ហូត​យក​ដី​ព្រៃ​ទីនោះ​មក​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ​ទំហំ ៥​ពាន់​ហិកតារ ប៉ុន្តែ​ចាប់​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ដំបូង​ជាង ៣០​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​សង់​រោង បំណង​ចាប់​យក​ដី​ទីនោះ លុះ​អាជ្ញាធរ​ចុះ​ណែនាំ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា កន្លង​ទៅ ក៏​ស្រាប់​តែ​មាន​ចំនួន​អ្នក​ចូល​ទៅ​សង់​រោង​កាន់​តែ​ច្រើន​ឡើងៗ​រហូត​ដល់​ទៅ​ជិត ២០០​ខ្នង៖ «គាត់​ក៏​បាន​បញ្ឈប់​ការ​ចូល​ទៅ​រុក​រាន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។ ដល់​ពេល​យើង​រើរុះ​មិន​ឲ្យ​គាត់​ធ្វើ​បន្ត​ទៀត មក​ដល់​ថ្ងៃ​ទី​៦ ខែ​តុលា គឺ​គាត់​ធ្វើ​រោង​ថែម​រហូត​ដល់​ទៅ​ជិត ២០០​ខ្នង ដោយ​មាន​ការ​ញុះញង់​ពី​មនុស្ស​មួយ​ចំនួន កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាន់​តែ​ច្រើន»

ទោះ​យ៉ាង​ណា អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា យល់​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​លើក​គ្នា​មក​ស្នើសុំ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ភូមិ​នោះ គឺ​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​ចំពោះ​រឿង​ដែល​រដ្ឋបាល​ព្រៃ​ឈើ​អះអាង​ថា ដី​នៅ​តំបន់​ឆ្កែ​កូន ភ្នំ​អំពិល គឺ​ជា​ដី​ព្រៃ​របស់​រដ្ឋ ចំណែក​ប្រជាពលរដ្ឋ​ក៏​អះអាង​ថា ជា​ដី​ដែល​ពួក​គេ​កាន់​កាប់​ធ្វើ​កសិកម្ម​យូរ​មក​ហើយ​នោះ គឺ​លោក​មិន​ទាន់​ប្រាកដ​ថា ខាង​ណា​ខុស ឬ​ក៏​ត្រូវ​នៅ​ឡើយ​ទេ ពីព្រោះ​ក្រុម​អង្គការ​មិន​ទាន់​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​នៅ​ឡើយ។

អង្គការ​លីកាដូ បញ្ជាក់​ថា ប្រសិន​បើ​នៅ​ពេល​ខាង​មុខ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចុះ​ទៅ​ស៊ើប​អង្កេត ហើយ​រក​ឃើញ​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​កាប់​រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​មែន គឺ​ជា​រឿង​ខុស​ច្បាប់ ប៉ុន្តែ​ប្រសិន​បើ​ដី​ទាំង​នោះ​ត្រូវ​អ្នក​ភូមិ​ធ្វើ​កសិកម្ម​ជា​យូរ​មក​ហើយ​មែន បើ​ទោះ​ជា​មិន​ទាន់​មាន​លិខិត​កាន់​កាប់​ជា​ផ្លូវ​ការ​ក៏ដោយ ក៏​ច្បាប់​នៅ​តែ​ទទួល​ស្គាល់​ថា គឺ​ជា​ដី​ភោគៈ​របស់​ប្រជាពលរដ្ឋ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles