គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ការ​រក​ឃើញ​ផែនទី​ថ្មី​របស់​លោក អ៊ុំ សំអាន ថា​ញុះញង់​បង្ក​អសន្តិសុខ

ដោយ ម៉ម មុនីរតន៍
2015-10-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ៊ុំ សំអាន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាំន (ស្ដាំ) លើក​បង្ហាញ​ផែនទី​​កម្ពុជា ដែល​លោក​អះអាង​ថា ជា​ប្រភេទ​ផែនទី​បោន (Bonne) ខ្នាត ១/១០០.០០០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៥។ Photo provided


មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល នៅ​បន្ត​ស្ងប់ស្ងាត់​នៅ​ឡើយ​ចំពោះ​ការ​រក​ឃើញ​ថា ផែនទី​បោន​ខ្នាត ១/១០០.០០០ របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​អង្គការ​សហប្រជាជាតិ (អ.ស.ប)។ ស្រប​ពេល​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បន្ត​ស្ងប់ស្ងាត់​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​វិញ ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​បង្ក​ឧបាយកល​ទុច្ចរិត និង​បំពុល​បរិយាកាស​របស់ លោក អ៊ុំ សំអាន។

មន្ត្រី​រដ្ឋាភិបាល នៅ​បន្ត​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ឡើយ និង​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ ថា​នឹង​ចាត់​វិធានការ​បែប​ណា​ចំពោះ​ការ​អះអាង​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់ ដែល​ប្រកាស​ជំហរ​ថា បាន​រក​ឃើញ​ផែនទី​ដែល​អះអាង​ថា ខុស​គ្នា​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា លោក អ៊ុំ សំអាន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ទៀងផ្ទាត់ គឺ​ខ្នាត យូ.ធី.អឹម (UTM) ១/១០០.០០០ ដែល​ធ្លាប់​សុំ​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​រឿង​នេះ ឲ្យ​ទៅ​ទាក់ទង​ក្រសួង​ការ​បរទេស វិញ។ ម្យ៉ាង​វិញ​ទៀត លោក​ក៏​នឹង​ពុំ​ទាន់​មាន​អ្វី​ដែល​ត្រូវ​ឆ្លើយ​តប​ការ​អះអាង​នេះ​នៅ​ឡើយ​ដែរ។

ចំណែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី បដិសេធ​ថា លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​ច្បាស់លាស់​នៅ​ឡើយ។ ហេតុ​នេះ លោក​ពុំ​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។

រាជបណ្ឌិត្យសភា​បង្ហាញ​ផែនទី ៦២០
ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញ​ផែនទី​ដែល​បាន​ពី​ភាគី​ពាក់ព័ន្ធ​ដល់​អ្នក​សារព័ត៌មាន នា​រាជបណ្ឌិត្យសភា​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Tin Zakariya

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ តុលា ថា លោក​បាន​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​កំពុង​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ លោក​អះអាង​ថា ផែនទី​ដែល​រក​ឃើញ​នេះ ប្រហែល​ជា​មិន​ដូច​ផែនទី​ដែល​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​នោះ​ទេ។ លោក អ៊ុំ សំអាន ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ជា​ថ្មី​ឡើង​វិញ ដើម្បី​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ ដើម្បី​ពិនិត្យ។ ជាង​នេះ​ទៀត លោក​យល់​ឃើញ​ថា ផែនទី​ដែល​លោក​ទើប​តែ​រក​ឃើញ​នេះ គឺ​ស៊ី​គ្នា​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​២ ដែល​ធានា​ពី​អធិបតេយ្យភាព​របស់​កម្ពុជា។ លោក​បន្ត​ថា «ខ្ញុំ​សូម​អំពាវនាវ​ទៅ​រដ្ឋាភិបាល សុំ​ស្នើ​ទៅ លោក បាន គីមូន (Ban Ki-moon) ម្ដង​ទៀត ដើម្បី​សុំ​ខ្ចី​ផែនទី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​រដ្ឋាភិបាល ហើយ​ប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ទោះ​បី​ដូច ឬ​មិន​ដូច​គ្នា​អី»

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹក​ដី​របស់​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៣៥ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។

កាល​ពី​ថ្ងៃ​ទី​២០ សីហា រដ្ឋាភិបាល​កម្ពុជា បាន​ផ្ទៀងផ្ទាត់​ផែនទី​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ ចំនួន ១៨​ផ្ទាំង ដើម្បី​ពិនិត្យ​ជាមួយ​ផែនទី​ដែល​រដ្ឋាភិបាល​មាន និង​កំពុង​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម។ បើ​ទោះ​បែប​ណា លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ពន្យល់​ថា ផែនទី​ដែល​បាន​បញ្ជូន​មក​នេះ គឺ​ពុំ​ដូច​ផែនទី​ដែល​រដ្ឋាភិបាល​ចង់​បាន​នោះ​ទេ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា យល់​ឃើញ​ថា ប្រសិន​បើ​ផែនទី​ដែល លោក អ៊ុំ សំអាន រក​ឃើញ​នោះ គឺ​ជា​ផែនទី​ពិត ហើយ​អ្នក​ដែល​មាន​កំហុស គឺ​អង្គការ​សហប្រជាជាតិ។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់​និយាយ​មិន​ពិត​ទេ គឺ​ប្រហែល​ជា​អាច​បង្ក​ទៅ​ជា​ជម្លោះ​ទៅ​វិញ​ក្នុង​រឿង​ព្រំដែន​នេះ។ លោក​បន្ត​ថា «អ៊ីចឹង​បើ​សិន​ជា​អង្គការ​សហប្រជាជាតិ យើង​សុំ ហើយ​គេ​ឲ្យ អា​ហ្នឹង​ហើយ​មាន​អា​នោះ​ទៀត អ៊ីចឹង​អ្នក​ខុស គឺ​អង្គការ​សហប្រជាជាតិ។ នៅ​ត្រង់​ចំណុច​នេះ យើង​គិត​ចេញ​ជា​ពីរ​ទៀត ទី​មួយ បើ​ឯកឧត្ដម អ៊ុំ សំអាន ពិត​ជា​រក​ឃើញ​មែន អង្គការ​សហប្រជាជាតិ ជា​អ្នក​ទទួល​ខុស​មែន​ទែន ប៉ុន្តែ​បើ​ឥត​មាន​មែន ខ្ញុំ​ជឿជាក់​ថា ឯកឧត្ដម អ៊ុំ សំអាន ភូត​ប្រជាពលរដ្ឋ ក៏ដូចជា​ធ្វើ​ឲ្យ​អង្គការ​សហប្រជាជាតិ ក្លាយ​ជា​ដៃគូ​សត្រូវ​នឹង​គ្នា»

6
សកម្មភាព​បង្ហាញ​ពី​ការ​ផ្ទៀងផ្ទាត់​ផែនទី របស់​អង្គការ​សហប្រជាជាតិ និង​ផែនទី​​រាជរដ្ឋាភិបាល ដោយ​មន្ត្រី​រដ្ឋាភិបាល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Brach Chev

លោក អ៊ុំ សំអាន អះអាង​ថា ការ​ពិត ផែនទី​បោន​ខ្នាត ១/១០០.០០០ គឺ​មាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ដែល​ទៅ​សុំ​ខ្ចី​នោះ បែរ​ជា​យក​ផែនទី​ខ្នាត យូ.ធី.អឹម ១/១០០.០០០ វិញ។ លោក​បន្ត​ថា មន្ត្រី​ប្រចាំ​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ អះអាង​ថា ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ មាន​ច្រើន​ទាក់ទង​ជាមួយ​វៀតណាម ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​កម្ពុជា នឹង​សុំ​ខ្ចី​ខ្នាត​ណា​មួយ? លោក​បន្ត​ថា «ខ្ញុំ​សួរ​ថា ហេតុ​អី​បាន​ជា​រដ្ឋាភិបាល​មិន​ចង្អុល​យក​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​ខ្ញុំ​រក​ឃើញ។ គាត់​ថា ធ្វើ​ម៉េច​ខ្ញុំ​ដឹង បើ​ខ្ញុំ​បង្ហាញ​គេ​ដែរ។ ហេតុ​ដូច្នេះ បន្ទាប់​ពី​ហ្នឹង​មក រដ្ឋាភិបាល​ចង្អុល​បង្ហាញ​ផែនទី យូ.ធី.អឹម ខ្នាត ១/១០០.០០០ ហ្នឹង​ហើយ បន្ទាប់​មក​បាន លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ហ្នឹង សរសេរ​លិខិត​ទៅ លោក ហ៊ុន សែន ហើយ​យក​ផែនទី​ហ្នឹង​យក​ទៅ​ស្រុក​ខ្មែរ»

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រតិកម្ម​នៅ​ថ្ងៃ​ទី​៨ តុលា ដោយ​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​ដ៏​គឃ្លើន​ឥត​ឈប់​របស់ លោក អ៊ុំ សំអាន ដែល​ញុះញង់​បង្ក​នូវ​អស្ថិរភាព​សង្គម និង​អសន្តិសុខ។ លើស​ពី​នេះ​ទៀត ការ​បំបែក​បំបាក់​ឯកភាព​ជាតិ​តាម​រយៈ​ការ​បំពាន​ច្បាប់​យ៉ាង​កំរោល ហើយ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​ច្បាប់ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា លោក​បាន​រក​ឃើញ​ផែនទី​បោន​ខ្នាត ១/១០០.០០០ ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​១៩៥៤ គឺ​រយៈពេល​ជិត​បី​ខែ ក្រោយ​ពី​សន្និសីទ​ក្រុង​ហ្សឺណែវ (Geneva) កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​ដដែល​ស្តី​អំពី​ឯករាជ​ភាព និង​បូរណភាព​ទឹក​ដី​ឥណ្ឌូចិន ដែល​មាន​កម្ពុជា វៀតណាម និង​ឡាវ។

ជុំវិញ​រឿង​នេះ លោក អ៊ុំ សំអាន លើក​ឡើង​ថា លោក​នឹង​មិន​បញ្ជូន​ឯកសារ​ផែនទី​ដែល​លោក​រក​ឃើញ​ពី​បណ្ណាល័យ​អង្គការ​សហប្រជាជាតិ ដោយ​ផ្ទាល់​ទេ ព្រោះ​ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​ថា បង្ក​បញ្ហា។ បន្ថែម​ពី​លើ​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​សុំ​ខ្ចី​ដោយ​ផ្ទាល់​ពី​អង្គការ​សហប្រជាជាតិ វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ការ​រក​ឃើញ​ផែនទី​ថ្មី​របស់​លោក អ៊ុំ សំអាន ថា​ញុះញង់​បង្ក​អសន្តិសុខ"

  1. Judge says:

    Constitution is our main laws for Cambodia. If there is a map or maps fit to constitution we,Cambodians, should use that. Having found the right map, Mr. UM SAM AN should not be accused of causing insecurity,should he?????. Please watch out for what side is doing manipulation? ????. This is a very serious act reflected upon our constitution.
    Samneang

  2. Bol says:

    នេះគឺជាចេតនារបស់អ៊ុំសំអាន ក្នុងបេសកកម្មរបស់សមរង្ស៊ី កឹម សុខា បន្តការញុះញង់ ដើម្បីបង្កើតអស្ថរភាពសង្គម និងឈានដល់ជម្លោះក្នុងស្រុក ដើម្បីគោលដៅដណ្តើមអំណាច។
    ចលនាបែបនេះ មិនអាចបណ្តែតបណ្តោយបានទេ។
    បើអ៊ុំសំអាន ចង់បន្ត គួរទេមកបន្តក្នុងស្រុក មក។
    សួរថា តើនរណាជាអ្នកទទួលខុសត្រូវផ្លូវការក្នុងការប្រកាសពីឯកសារមួយ? អ៊ុំសំអាន ឬក៏លោកបានគីមូន?
    បើថា ហត្ថលេខារបស់លោកបានគីមូន មិនអាចយកជាការបានទេ តើត្រូវធ្វើដូចម្តេចជាមួយលោកបានគីមូន? ត្រូវលោកបានគីមូនចេញពិតំណែងមុនអាណត្តិ ឬយ៉ាងម៉េច?

  3. sam sary says:

    When UN and other countries came match the maps, where all of these guys have been? Why they ran away? Now what they try to do? Causing the problem?

  4. LS says:

    ថាទៅ វាមិនប្រាកដជាងាយដែរ។ រដ្ឋាភិបាលបានចែកឯកសារ ថតរូបបង្ហាញ ល្អម្យាងដែរ។​​ ចុះបើ អញ្ចេះវិញយ៉ាងម៉េចដែរ

    ១ សំរបសម្រួលអោយ UN បារាំង ​ឬអាមេរិក ជួួយប្រកាសទទួលស្គាល់ថា អ្វីដែលបានផ្តៀងផ្ទាត់ ពិត ជាផែនទីពិត និង​ផ្លូវការ ឯការផ្ទៀងផ្ទាត់ដោយរដ្ឋាភិបាល ពិតជាត្រឹមត្រូវ និយាមឯកទេស ពិតប្រាកដ មិនមានសំពាធ មិនការបន្លំបោកប្រាស់ មិនមានការដាក់ទោសក្បត់ជាតិ ​ឬបង្កចលាចល អីចេះ អីចុះ មួយប្រកាសថាត្រូវ មួយថាមិនត្រឹមត្រូវ ។

    ២ ជួយបង្កើត ក្រុមការងារចំរុះ មានសមាសភាពចំរុះ មានសមាសសភាពអុឺរ៉ុប អាមេរិក ជប៉ុន ត្រួតពិនិត្យព្រំដែដ និង​​បង្គោលជាក់ស្តែង វាបាត់ វានៅ វាដើរទៅុមុខ ទៅក្រោយ មានប៉ុន្មាន ហេតុអី??

    ៣ បើមានពីរនឹង ​ទោះអ្នកណា យកអាហ្នឹង មកធ្វើ នយោបាយទៀត ក៏ប្រជាជនលែងជឿដែរ។

    ៤ ហើយបើដឹង អារឿងព្រំដែនហ្នឹង វារសើប វាអស្ថេរភាព ឈប់ដេញចាប់ ចោទប្រកាន់ ជេរប្រមាថ ម៉េច មិនរៀបចំវាស់វែង ផ្ទៀងផ្ទាត់មើល??

    ឈឺក្បាលណាស់ មួយចោទ មួយប្រកាន់ មិនដឹងមួយណាត្រឹមត្រូវមែនទែន??