តម្លៃ​ធ្វើ​ដំណើរតាមរថយន្ត​ក្រុង​ចាប់ផ្តើមឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ៖​ ទូច សុខា​ | ថ្ងៃសុក្រ ទី9 តុលា 2015
http://vodhotnews.com


តម្លៃសំបុត្ររថយន្តក្រុង​របស់​ក្រុមហ៊ុន​កាពីតូល គឺ​៣ម៉ឺនរៀលសម្រាប់​ការ​ធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង (រូបថត​ពីហ្វេសប៊ុក​)


តម្លៃ​សំបុត្ររថយន្តក្រុងរបស់​​ក្រុមហ៊ុនកាពីតូល​ នៅថ្ងៃ​សុក្រនេះ​ ចាប់ផ្តើមឡើងថ្លៃ​ប្រហែល១ម៉ឺនរៀល ខណៈ​ប្រជា​​ព​ល​រដ្ឋ​ចា​ប់​ផ្តើម​សម្រុក​​ចាកចេញ​ពីរាជធានីភ្នំពេញ​ទៅ​​ស្រុ​ក​កំ​ណើ​ត​ ដើម្បីអបអរ​បុណ្យ​ភ្ជុំបិណ្ឌខាងមុខនេះ​។​

បើតាមតម្លៃ​​សំបុត្រ​រថយន្តក្រុង ពីភ្នំពេញទៅបាត់ដំបង មានតម្លៃ​៣ម៉ឺនរៀល ដែលពីមុន​តម្លៃ​​២២០០០​រៀល។ ចំណែក​អ្នក​រត់​​តាក់ស៊ីម្នាក់នៅផ្សារអូរឬស្សី​បាននិយាយ​ថា​ខ្លួន​នឹង​ដំឡើងថ្លៃ​១ម៉ឺនរៀលដែរសម្រាប់​ការ​ធ្វើ​ដំណើ​​​រ​អំឡុងពេលជិតភ្ជុំធំនេះ។​

កាលពីថ្ងៃទី​២២ខែកញ្ញា លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តឈ្នួលទាំង​ឡាយកុំឲ្យឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោកបន្ត​ថារដ្ឋាភិបាលយកចិត្តទុក​ដាក់ចំពោះប្រជាពលរដ្ឋជាពិសេសកម្មករនិងសិស្សនិស្សិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើត។ លោកបានថ្លែងថា៖ “ឲ្យតែដល់ពេលបុណ្យទាន ការធ្វើដំណើរឡើងថ្លៃហ្មង អញ្ចឹងអំពាវនាវទុកឲ្យហើយ ព្រោះឆ្នាំហ្នឹង ខ្ញុំអត់បាននៅភ្ជុំនៅស្រុកខ្មែរទៀត”។ ចំណែកកាលពីថ្ងៃទី​១ខែតុលា រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ លោក ស ខេង ក៏​បាន​អំពាវ​នាវ​កុំ​ឲ្យ​ម្ចាស់រថយន្តធ្វើដំណើរដំ​ឡើង​ថ្លៃផងដែរ​​។​ លោកមានប្រសាសន៍​​ថា៖ "អ៊ីចឹង​ហើយ​ខ្ញុំ​មាន​តែ​ម្យ៉ាង​ទេ ចូល​រួម​ជាមួយ​សម្តេច​តេជោដើម្បី​អំពាវនាវ​ឲ្យ​អ្នក​ធ្វើ​អាជីវកម្ម ម្ចាស់រថយន្តទាំង​ឡាយ…សូម​មេត្តាយោគយល់អធ្យាស្រ័យ ​បន្ធូរ​បន្ថយ ព្រោះ​ថាបើសិន​ជា​មាន​អ្នក​ធ្វើ​ដំណើរច្រើន តម្លៃ​ធម្មតា​​ក៏ បាន​ចំណូល​ច្រើន​ដែរ"

អ្នក​​នាំពាក្យ​ក្រសួង​សាធារណៈការនិង​ដឹង​ជញ្ជូន​ លោក ផែង សុវិជ្ជានោ ប្រាប់​វីអូឌី(VOD)ថាក្រ​សួង​តែង​តែ​ជូន​ដំណឹងនិង​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ឈ្នួលកុំ​ឲ្យ​ឡើង​ថ្លៃ​នៅ​រដូវ​បុណ្យ​ទាន​ម្តងៗ។ លោក​បន្តថានៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​ដែរ មន្ត្រី​របស់​ក្រសួង​ក៏​បាន​ណែនាំ​ដល់​ម្ចាស់​រថ​យន្ត​ឈ្នួល​កុំ​ឲ្យ​ឡើង​​ថ្លៃ​ឈ្នួល​រថ​យន្តដូចគ្នា​ដែរ។ លោក​​បន្ថែម​ថា៖ “យើងក៏​បានស្នើ​សុំ​ចេញ​ជា​លិខិត​កុំឲ្យ​​ឡើង(ថ្លៃ​ឈ្នួល​) អ៊ីចឹង​ដែរ តែ​យើង​មិន​មាន​វិធាន​ការ​ថា​មិន​ត្រូវ​ឡើង​​ មិន​ត្រូវ​អី មិនមាន​វិធានការ​ទេ គ្រាន់​តែ​មាន​វិធានការ​ស្នើ​សុំ​គឺ អ៊ីចឹង”

គួរ​បញ្ជាក់​ថានៅ​ពេល​រដូវ​បុណ្យ​ទាន​ម្តង​ៗ​ប្រ​ជាពល​រដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​តែង​តែ​រអ៊ូរទាំចំពោះ​ការ​ឡើង​ថ្លៃ​ឈ្នួល​រថ​យន្ត។ ចំណែករដ្ឋា​ភិបាល ក៏​តែង​តែ​អំពាវ​នាវ​កុំ​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ។ ទោះ​យ៉ាង​ណា ការ​អំពាវ​នាវ​របស់​រដ្ឋា​ភិ​បាលមិនសូវមាន​ប្រ​សិទ្ធ​ភាព​នោះ​ទេ ដោយ​ថ្លៃ​ឈ្នួលរថ​យន្តនៅ​តែ​ឡើង​ថ្លៃ​ដដែល៕

សរសេរ​មក​កាន់ លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com​​

What Next?

Recent Articles