ម្ចាស់​ជយលាភី​ស្នាដៃស្ថាបត្យកម្ម លំនៅឋានរួម

គំរូស្នាដៃ​ស្ថាបត្យកម្ម «លំនៅឋានរួម» ដែល​ជាប់ជយលាភី​លេខមួយ​។​ Victoria Morck Madsen

គំរូស្នាដៃ​ស្ថាបត្យកម្ម «លំនៅឋានរួម» ដែល​ជាប់ជយលាភី​លេខមួយ​។​ Victoria Morck Madsen



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លទ្ធផល​នៃ​ការប្រកួតប្រជែង​ពិព័រណ៍​ស្នាដៃ​ស្ថាបត្យកម្ម​ក្រោមប្រធាន​បទ ​«លំនៅឋានរួម» ​របស់​និស្សិតផ្នែកស្ថាបត្យ​កម្ម​នៃ​បណ្តា​​គ្រឹះស្ថានឧត្តម​សិក្សា​ចំនួន ៨​ ដែល​បាន​ចូលរួម​នោះ​រក​ឃើញ​ម្ចាស់ជយលាភី​ធំ​ជា​ក្រុម​ហើយ​កាល​ល្ងាចថ្ងៃទី ៦ ខែតុលា​ ឆ្នាំ ២០១៥​ កន្លង​មក​នៅ​ឯ​វិទ្យាស្ថានបារាំង។

ស្នាដៃ​របស់​និស្សិត​ស្ថាបត្យកម្ម​បីរូបមក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​រួមមាន យុវតី យ៉េង សិរីរ័ត្ន យុវជន​ ស៊ាង សត្យា និង​យុវជន​ សូ វិទូ​ បាន​ទទួល​រង្វាន់​ជយ​លាភីចំណាត់លេខ ១ ដោយមាន​ប្រាក់​រង្វាន់ចំនួន ៧០០ ដុល្លារ ខណៈ​និស្សិត​មក​ពី​សាកល​វិទ្យា​ល័យ​ន័រតុន មាន​យុវតី ទេព​ ​ស្រីណែត យុវជន ហោ ដារ៉ូ និង​យុវជន​ ម៉ី រ័ត្ន ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ជាមួយ​ប្រាក់​រង្វាន់​ ៥០០ ដុល្លារ។

ចំណែក​ចំណាត់​ថ្នាក់​លេខ ៣ បាន​ទៅ​លើក្រុមនិស្សិត​ស្ថាបត្យកម្ម​បី​រូប​របស់​សាកល​វិទ្យាល័យបញ្ញាសាស្រ្ត​មាន​​យុវ​តី ឌិន សិទ្ធិការ្យ យុវជន​ ជៀក ដារី និង​យុវជន​ ម៉ី ភារម្យ ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣០០ ដុល្លារ។ ពិព័រណ៍​បង្ហាញ​គំរូ​ជា​ស្នាដៃ​របស់​ក្រុម​និស្សិត​នៅ​ជុំវិញ​ទស្សនទាន​មួយ​ ដែល​ស្តីពីការ​កសាង​អគារវីឡា ហើយ​នេះគឺ​ជា​ឆ្នាំ​ទីបី​ជាប់ៗគ្នាដែល​រៀបចំ​នៅ​​វិទ្យាស្ថានបារាំង​នៅកម្ពុជា ខណៈ​ពិព័រណ៍​​ចាប់​ផ្តើម​​ដាក់​​តាំង​​ពី​ល្ងាចថ្ងៃទី ៦ ខែតុលា​ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៥​ ខាងមុខ​។ ​

គំរូ​ស្នាដៃ​ចំនួន​បី​ខាង​លើ​ ត្រូវ​បាន​ជ្រើស​រើស​យ៉ាង​សម្រិត​សម្រាំង​ពីក្រុម​គណ:មេប្រយោគ​ ហើយ​ក៏​បានប្រកាស​លទ្ធ​ផល​ជយលាភី​នៅ​រាត្រី​ នៃ​ការ​បើកសម្ពោធពិព័រណ៍​នោះ​​តែ​ម្តង។​ តាម​រយៈ​ការតាំងពិព័រណ៍​ សន្និសីទ​ និង​ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ជា​ច្រើន​វដ្ត​​នៃប្រធានបទ​ «​លំនៅឋាន​រួម​» ​បានចោទ​ជា​​សំណួរ ហើយ​ក៏​​កំពុង​តែ​ត្រូវ​បាន​គេឆ្លុះ​បញ្ចាំង​ជា​ពិសេស​ ទៅ​លើ​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ទីក្រុងភ្នំពេញ ​នារយៈ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ ដែលបង្ហាញ​ពី​​សន្ទុះ​យ៉ាង​ខ្លាំង​នៃ​កំណើន​ប្រជាជន​។

កញ្ញា យ៉េង សិរីរ័ត្ន វ័យ ២០ ឆ្នាំ​ ជា​និស្សិត​ស្ថាបត្យកម្ម​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ដែលក្រុម​​របស់​នាង​ជាប់​ជយលាភី​ចំណាត់​ថ្នាក់លេខ ១ នោះ បាន​ពន្យល់ថា៖ «​ប្រជាជន​រស់​នៅ​ទីក្រុង​វិញមាន​ភាព​មមាញឹក​ខ្លាំង។ ដូច្នេះ​យើង​ក៏បាន​គិតស្រមៃ​រក​អ្វី​ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​ស្ថានភាពតំបន់ទាំង​ពីរ​នេះ​ដែរ​នៅ​ក្នុង​គម្រោងសំណង់ស្ថាបត្យ​កម្ម​»។

​សម្រាប់ឆ្នាំ ២០១៥ នេះ បណ្ដុំ​ព្រឹត្តិការណ៍​ដែលមានប្រធាន​បទស្តីអំពី​ការអភិវឌ្ឍទីក្រុង និង​ស្ថាបត្យកម្ម​នៅ​ក្នុង​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះវិ​ទ្យាស្ថា​ន​បារាំង​នៅ​កម្ពុជា​មាន​គោលបំណង​ផ្តិត​យក​នូវ​ចំណោទ​បញ្ហា ផ្នែក​នគរូបនីយកម្ម​បញ្ចូល​​ទៅ​ក្នុងកម្មវិធី​វប្ប​ធម៌​របស់​ខ្លួនដែល​បាន​បើក​ចំហ​នូវ​ឱកាស​ដ៏​ចម្បង​ដល់​ផ្នែក​សិល្បៈ​ចក្ខុ​ភាព​យន្ត ​និង​ការ​ជជែក​ពិភាក្សា​ផ្តល់​ជាគំនិត​យោបល់។

ក្រៅ​ពី​កម្មវិធី​ពិព័រណ៍​ និង​ប្រកួត​ស្នាដៃ​ស្ថាបត្យ​កម្ម​នេះ​ក៏​មាន​ការ​​តាំង​ពិព័រណ៍​​ចំនួន​ពីរ​ សន្និ​សីទ​ចំនួន​ពីរ​ និងខ្សែ​ភាព​យន្ត​ចំនួន​បី​ជា​បន្ត​បន្ទាប់​ទៀត។ ​​ព្រឹត្តិការណ៍​ទាំង​អស់​នេះ ​លោក​អ្នក​អាច​អញ្ជើញ​ចូល​រួម​ដោយ​សេរី​ ជា​មួយ​នឹង​ការ​បក​ប្រែ​សម្រួល​​ជូន​អ្នក​ទស្សនា​​ជា​​បីភាសា (បារាំង អង់គ្លេស និង​ខ្មែរ) ផង​ដែរ៕​


What Next?

Recent Articles