ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015
http://vodhotnews.com
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបទបញ្ជាថ្មីមួយសម្រាប់ការបង្កើនប្រសិទ្ធភាពក្នុងការបង្រ្កាបបទល្មើសរត់គេចពន្ធ ដោយអនុញ្ញាតឲ្យសមត្ថកិច្ចគយនិងរដ្ឋាករសហការជាមួយកងកម្លាំងប្រដាប់អាវុធលើការបង្រ្កាបបទល្មើសគេចពន្ធនានា។
លោក ហ៊ុន សែន បានលិខិតបញ្ជាមួយចុះថ្ងៃទី៩ខែតុលា ឆ្នាំ២០១៥ ដែលជាវិធានមួយក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធ។ លិខិតបញ្ជាឲ្យដឹងថាកន្លងទៅរដ្ឋាភិបាលបានចេញជាបន្តបន្ទាប់ នូវអនុក្រឹត្យ លិខិតបញ្ជាឬសារាចរណែនាំនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនិងកែទម្រង់សដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ។ លិខិតបន្តថា ទោះជាយ៉ាងណា រដ្ឋាភិបាលបានសង្កេតឃើញថាប្រសិទ្ធភាពនៃទប់ស្កាត់និងការបង្រ្កាបអំពើរត់គេចពន្ធពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយ ដោយថានេះធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋនិងបណ្តាលឲ្យមានភាពអយុត្តិធម៌ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀត។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ រដ្ឋាភិបាលបានសម្រេចនៅក្នុងលិខិតបញ្ជាថា៖ “កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធមានកាតព្វកិច្ចត្រូវគាំទ្រនិងចូលរួមសហការយ៉ាងសកម្មបំផុត ប្រកបដោយភាពស្មោះស្ម័គ្រនិងទាន់ពេលវេលាជាមួយសមត្ថកិច្ចគយនិងរដ្ឋាករ”។ លិខិតបញ្ជាបន្ថែមថាសមត្ថកិច្ចគយនិងរដ្ឋាករត្រូវស្នើសុំការគាំទ្រ ហើយកងកម្លាំងប្រដាប់អាវុធត្រូវជៀសវាងការលូកដៃធ្វើកិច្ចការរបស់សមត្ថកិច្ចគយនិងរដ្ឋាករដោយផ្ទាល់។
បើតាមលិខិតបញ្ជា រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដោយមានរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជាប្រធាននិងអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជាអនុប្រធានអចិន្រ្តៃយ៍ ក្នុងការចាត់ការលើបទល្មើសទ្រង់ទ្រាយធំ។ គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនិងមធ្យោបាយការងារននា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ស្ថាប័នឬអង្គភាពសាមីពាក់ព័ន្ធតាមទំហំសមស្របមួយ ដោយមានការឯកភាពពីប្រធាន។
សម្រាប់ការបង្រ្កាបបទល្មើសទ្រង់ទ្រាយមធ្យមនៅតាមមូលដ្ឋានរាជធានី-ខេត្ត ត្រូវដឹកនាំការបង្ក្រាបដោយគណៈកម្មការចម្រុះតាមរាជធានីខេត្តនីមួយៗ ដោយមានអភិបាលខេត្តជាប្រធាននិងប្រធានសាខាគយនិងរដ្ឋាកររាជធានីខេត្តជាអនុប្រធានអចិន្រ្តៃយ៍។ ចំណែកបទល្មើសជាក់ស្តែងដែលត្រូវការប្រតិបត្តិការស្រាវជ្រាវពួនស្ទាក់ជាលក្ខណៈបន្ទាន់បំផុត កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតដែលបានពិនិត្យឃើញនូវបទល្មើសគយជាក់ស្តែងនានា ត្រូវជូនដំណឹងជាបន្ទាន់ដល់សមត្ថកិច្ចគយនិងរដ្ឋាភិបាលដែលកំពុងឈរជើងបំពេញភារកិច្ចនៅកន្លែងជិតបំផុតនៃកន្លែងកើតហេតុ។
បើតាមលិខិតបញ្ជា អគ្គនាយករដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចត្រូវទទួលរ៉ាប់រងនូវការចំណាយចាំបាច់នានា ក្នុងប្រតិបត្តិការនីមួយៗ ក៏ដូចជាការចំណាយសម្រាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗចំពោះប្រតិបត្តិករដែលបានចូលរួម ដោយមានសិទ្ធិប្រើប្រាស់ទឹកប្រាក់នៃផលដែលបានមកពីប្រតិបត្តិការបង្រ្កាបនីមួយៗ ដែលត្រូវកំណត់ដោយប្រកាសក្រសួងសេដ្ឋកិច្ច។ ក្នុងករណីទឹកប្រាក់ដែលត្រូវផ្តល់រង្វាន់លើសពី១០០លានរៀល(ប្រមាណ២៥០០០ដុល្លារ) ក្រសួងសេដ្ឋកិច្ចត្រូវសុំយោបល់សម្រេចពីប្រមុខរដ្ឋាភិបាល។
គួរបញ្ជាក់ថាកាលពីខែតុលា ឆ្នាំ២០១៤ រដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិឲ្យទៅមន្រ្តីពន្ធដារក្នុងការដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីអាចស៊ើបអង្កេតបញ្ហាអំពើពុករលួយក្នុងការប្រមូលពន្ធ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលលើកឡើងថា៖ “[រដ្ឋាភិបាល]ផ្តល់នីតិសម្បទាជូនមន្រ្តីពន្ធដារជាមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីទទួលបានសិទ្ធអំណាចពេញលេញក្នុងការស៊ើបអង្កេតបទល្មើសស្តីពីពន្ធដារនិងកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ចក្នុងពេលបំពេញបេសកកម្មបង្រ្កាបបទល្មើសស្តីពីពន្ធដារ ក្នុងគោលបំណងធានាប្រសិទ្ធភាពក្នុងការជំរុញការកៀរគរចំណូលនិងពង្រឹងការអនុវត្តច្បាប់ស្តីពីពន្ធដារ”។
ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ រដ្ឋាភិបាលសម្រេចរឹតបន្តឹងការប្រមូលពន្ធដែលនេះជាកំណែទម្រង់មួយក្នុងចំណោមកំណែទម្រង់ផ្សេងៗទៀត។
គួរបញ្ជាក់ថាថ្មីៗនេះ អគ្គនាយករដ្ឋានគយនិងរដ្ឋាករកម្ពុជាបានក្រើនរំឮកដល់ម្ចាស់ហាងលក់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិក ទៅប្រកាសបង់ពន្ធឲ្យទាន់ពេល មិនឲ្យហួសថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បើពុំនោះនឹងចាត់ទុកជាទំនិញខុសច្បាប់ ហើយនឹងទទួលការផាកពិន័យ។ អគ្គនាយករដ្ឋានគយព្រមានតាមរយៈសេចក្តីជូនដំណឹងមួយ ដល់អាជីវករលក់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិក ឈប់នាំចូល ឈប់ទទួលនិងឈប់ចែកចាយទំនិញគ្មានពន្ធ និងអាករតទៅទៀត បើពុំនោះទេនឹងធ្វើការផាកពិន័យធ្ងន់ធ្ងរ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
