ដោយ៖ ណាត សុភាព | ថ្ងៃចន្ទ ទី2 វិច្ឆិកា 2015, 04:44 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មេដឹកនាំគណបក្សប្រឆំាងលោក សម រង្ស៊ី នឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃអង្គារស្អែកនេះ ដើម្បីអ្វីដែលលោកអះអាងថាជាភាពចាំបាច់នៃវប្បធម៌សន្ទនា ដោយសារតំណាងរាស្ត្ររបស់លោកពីររូបត្រូវបានបាតុករវាយឲ្យរងរបួសធ្ងន់នៅក្បែររដ្ឋសភា កាលពីចុងខែតុលា។ នេះបើតាមហ្វេសប៊ុក លោក សម រង្ស៊ី កាលពីថ្ងៃទី១ខែវិច្ឆិកានេះ។
យ៉ាងណាក៏ដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាលោក សម រង្ស៊ី ត្រឡប់មកកម្ពុជានៅម៉ោង៧និង៣០យប់ថ្ងៃស្អែកនេះ គឺគ្រាន់តែមកចូលរួមបុណ្យកឋិនទានមួយនៅខេត្តកណ្តាល។ លោកបន្តថាលោក សម រង្ស៊ី ទំនងជាមិនមានគម្រោងជួបជាមួយភាគីគណបក្សនយោបាយណាមួយនោះទេ។ លោកថ្លែងថា៖ “បាទកម្មវិធីក្នុងប្រទេសប្រហែលជាមានខ្ញុំដឹងមានគឺគាត់ធ្វើការចូលរួមបុណ្យកឋិនមួយនៅខេត្តកណ្តាល(អ្នកព័ត៌មានសួរ៖ ប៉ុន្តែអត់មានគោលបំណងត្រូវជួបជជែកគ្នារឿងនយោបាយជាមួយគណបក្សនយោបាយណាមួយទេ? អត់មានអីទំាងអស់ ប៉ុន្តែគាត់ទាក់ទងគ្នាយ៉ាងម៉េចពីនោះមក ខ្ញុំអត់ដឹងទេ”។
លោក អេង ឆៃអ៊ាង បន្ថែមថាវត្តមានលោក សម រង្ស៊ី មកកម្ពុជាមានតែចំនួន២ថ្ងៃតែប៉ុណ្ណោះ បន្ទាប់មកលោក សម រង្ស៊ី នឹងធ្វើដំណើរទៅប្រទេសម៉ុងហ្គោលីបន្តទៀត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ថាលោក សម រង្ស៊ី គួរតែជជែកគ្នាអំពីស្ថានការនយោបាយនៅកម្ពុជាជាមួយមេដឹកនាំគណបក្សប្រជាជន។ លោកថានេះជាជម្រើសល្អរវាងគណបក្សទំាងពីរ ដើម្បីកុំឲ្យស្ថានការនយោបាយឡើងកម្តៅ ខាតប្រយោជន៍ពលរដ្ឋនិងជាតិ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថារឿងបញ្ហាជជែកគ្នារវាងគណបក្សទំាងពីរនេះ គួរតែកើតមានឡើងហើយ ឲ្យបានមានលក្ខណៈជិតស្និទ្ធឲ្យល្អនឹងគ្នា ឲ្យយល់ចិត្តគ្នា ក៏ពិតមែនហើយថាការជជែកគ្នាជាសិទ្ធិរបស់អ្នកនយោបាយ ក៏ប៉ុន្តែយើងពិនិត្យមើលលក្ខណៈនយោបាយរបស់ខ្មែរយើង កាលណាឃ្លាតឆ្ងាយពីគ្នាគឺមិនយល់គ្នាធ្វើឲ្យស្ថានការណ៍ឡើងកម្តៅ ធ្វើឲ្យខាតបង់គឺប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទំាងមូល”។
កាលពីថ្ងៃទី២៩ ខែតុលា ក្រោយពីការប្រើហិង្សាលើតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី បានផ្ញើលិខិតទៅកាន់លោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ប្រាប់ថាលោកថ្កោលទោសចំពោះកុប្បករដែលបានវាយដំតំណាងរាស្ត្រកាលពីថ្ងៃទី២៦ ខែតុលា។ នៅក្នុងលិខិតនោះលោក សម រង្ស៊ី ក៏បានស្នើឲ្យសមភាគីរបស់ខ្លួន ពង្រឹងវប្បធម៌សន្ទនា ដើម្បីដោះស្រាយបញ្ហារបស់ជាតិរួមគ្នាទៀត។
ទន្ទឹមនឹងនោះ លោក សម រង្ស៊ី ក៏បានស្នើឲ្យលោក ស ខេង ជួយចាត់វិធានការនាធាដល់សន្តិសុខនិងសុវត្ថិភាពតំណាងរាស្ត្រទាំងអស់ ដោយសារតំណាងរាស្ត្ររបស់ខ្លួនពីររូបត្រូវបានជនដៃដល់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបង្កហិង្សាឲ្យរបួសធ្ងន់ នៅពេលពួកបាតុកទាមទារឲ្យដក លោក កឹម សុខា។
លោក ស ខេង បានឆ្លើយតបតាមលិខិតទៅលោកសម រង្ស៊ី វិញថា រូបលោកផ្ទាល់ ក៏ដូចជារដ្ឋាភិបាលសម្តែងការសោកស្តាយហេតុការណ៍ហិង្សាលើតំណាងរាស្ត្រនិងថ្កោលទោសចំពោះអ្នកប្រព្រឹត្ត។ លោក ស ខេង ក៏បានប្តេជ្ញាថានឹងស៊ើបអង្កេតស្វែងរកជនដៃដល់មកផ្តន្ទាទោសឲ្យបាន៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
