កុមារ​ជនជាតិ​ដើម​ភាគ​តិច​កួយ​ក្នុង​គ្រួសារ​ក្រីក្រ​រស់នៅ​ខេត្ត​ស្ទឹងត្រែង​មិន​បាន​ចូល​រៀន

ដោយ ម៉ែន សុធីរ
2015-11-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កុមារ​ជនជាតិ​ដើម​ភាគ​តិច​កួយ ៦២០
កុមារ​ជនជាតិ​ដើម​ភាគ​តិច​កួយ មិន​បាន​ចូល​រៀន​ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។ រូបថត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ (RFA/Men Sothyr)

អាជ្ញាធរ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រិះគន់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ មួយ​ចំនួន ថា​មិន​អនុញ្ញាត​ឲ្យ​កូន​ចៅ​ចូល​រៀន​នៅ​ថ្នាក់​បឋម​សិក្សា បើ​ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន ធ្លាប់​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ជូន​កូន​ចៅ​ទៅ​រៀន​ជា​រឿយៗ​ក្តី។

ម៉្យាង ប្រពៃណី​វប្បធម៌ ជីវភាព និង​កង្វះ​សាលា​រៀន ក៏​ជា​បញ្ហា​រួម​ផ្សំ​បង្ក​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន មិន​បញ្ជូន​កូន​ចូល​រៀន​ដែរ។ ដោយឡែក​មន្ត្រី​សង្គម​ស៊ីវិល ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​វិធានការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​មាន​លក្ខណៈ​បត់​បែន ឬ​បង្កើត​មណ្ឌល​សំចត ដែល​ផ្តល់​ឱកាស​ដល់​កុមារ និង​យុវជន​អាច​ចូល​រៀន នៅ​ពេល​ដែល​គេ​តាម​ឪពុក​ម្តាយ​ធ្វើ​ការ​ឆ្ងាយៗ។

អាជ្ញាធរ​ភូមិ​ឆ្វាំង អះអាង​ថា កុមារ​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ​ជិត ៣០​នាក់ បច្ចុប្បន្ន​ពុំ​បាន​ចូល​រៀន​សូម្បី​តែ​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​នៅ​មូលដ្ឋាន។

មេ​ភូមិ​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ លោក រស់ សឿន និយាយ​ថា ជីវភាព​គឺ​ជា​មូលហេតុ​សំខាន់​ធ្វើ​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ពុំ​អាច​តស៊ូ​ឲ្យ​កូន​ចូល​រៀន សូម្បី​តែ​ថ្នាក់​ទី​១។ លោក​ថា បច្ចុប្បន្ន​មាន​កុមារ​ប្រមាណ ២០ ទៅ ៣០​គ្រួសារ មាន​អាយុ​ចាប់​ពី ៨​ឆ្នាំ​ដល់ ១៦​ឆ្នាំ ត្រូវ​បាន​ឪពុក​ម្តាយ​បង្ខំ​ឲ្យ​ធ្វើ​ការ​រក​ប្រាក់​ជួយ​គ្រួសារ ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​សិក្សា​របស់​ពួក​គេ។ លើស​ពី​នេះ ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន ក៏​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​សិក្សា​របស់​កូន​ចៅ​ខ្លួន​ដែរ ព្រោះ​ពួក​គេ​យល់​ថា ការ​រស់​ពឹង​ផ្អែក​លើ​ស្រែ​ចម្ការ ការ​ប្រមូល​អនុផល​ព្រៃ​ឈើ គឺ​ជា​ប្រពៃណី និង​ជា​វប្បធម៌​របស់​ពួក​គេ៖ «ខ្វះ​បន្ទប់​រៀន ខ្វះ​សាលា​រៀន ព្រោះ​សិស្ស​វា​កើន។ បង​ប្អូន​ចំណូល​ថ្មី​មក​គគ្រឹកគគ្រេង យើង​បញ្ជូន​កូន​ទៅ​រៀន​សាលា​តូច​មួយ ២​បន្ទប់ ៣​បន្ទប់ ធ្វើ​ម៉េច​ចេញ ខ្លះ​គ្នា​ជួប​ការ​លំបាក​ជីវភាព»

ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ឋិត​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​ទី​រួម​ខេត្ត​ស្ទឹងត្រែង មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជាង ៤០​គីឡូ​ម៉ែត្រ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៩ ឆ្លង​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះវិហារ។ ពលរដ្ឋ​រស់នៅ​ទីនោះ ភាគ​ច្រើន​ជា​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ជាង ៣​ពាន់​គ្រួសារ។

កុមារី​ម្នាក់​មាន​អាយុ ១០​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម ដែល​កំពុង​ស៊ី​ឈ្នួល​ធ្វើ​ការ​ឲ្យ​គេ​ឈ្មោះ ហួន រ៉ុង។ កុមារី​រូប​នេះ​និយាយ​ថា សព្វថ្ងៃ​នាង​មាន​បំណង​ចង់​ចូល​រៀន​ដូច​កុមារ​ផ្សេង​ទៀត​ដែរ តែ​ម្តាយ​នៅ​ផ្ទះ​ពិការ​ភ្នែក ម៉្យាង​ឪពុក​ក៏​ចាស់​ជរា​ទៀត ក៏​បង្ខំ​ចិត្ត​ស៊ី​ឈ្នួល​គេ​ដើម្បី​យក​ប្រាក់​ផ្តល់​ឲ្យ​គ្រួសារ។ ចំណែក​អាណាព្យាបាល​កុមារី ហួន រ៉ុង គឺ​លោក វិន រួន រៀបរាប់​ថា បច្ចុប្បន្ន​គ្រួសារ​លោក​រក​មួយ​ថ្ងៃ​ស៊ី​មួយ​ថ្ងៃ។ ចំណែក​របរ​ធ្វើ​ស្រែ​ចម្ការ​ក៏​ហូប​មិន​គ្រប់ ទើប​បង្ខំ​ចិត្ត​ឲ្យ​កូន​ឈប់​រៀន ដើម្បី​ស៊ី​ឈ្នួល​គេ​បាន​ប្រាក់​ក្នុង ១​ខែ ១០​ម៉ឺន​រៀល។ លើស​ពី​នេះ លោក​ក៏​មាន​បំណង​ចង់​ឲ្យ​កូន​សិក្សា​ដែរ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព ម៉្យាង​ប្រពន្ធ​លោក​ក៏​ជា​ជន​ពិការ​ភ្នែក។ លោក​ថា គ្រួសារ​លោក​មាន​កូន ៦​នាក់ ហើយ​កូន​ដែល​ពុំ​បាន​ចូល​រៀន​សូម្បី​តែ​ថ្នាក់​ទី​១ មាន​ចំនួន ៤​នាក់ ហើយ​បច្ចុប្បន្ន​កូន ៤​នាក់​នោះ បាន​រៀបការ​មាន​ប្ដី​ប្រពន្ធ​អស់​ទៅ​ហើយ៖ «ប្រសិន​ប្រពន្ធ​ខ្ញុំ​ភ្នែក​ភ្លឺ ខ្ញុំ​ឲ្យ​កូន​ខ្ញុំ​ទៅ​រៀន​ទាំងអស់​ហើយ បាន​ពីណា​បម្រើ​ប្រពន្ធ​ខ្ញុំ? បាន​បាយ​បាន​សម្ល​មក បាន​លុយ​បាន​កាក់​មក​ទិញ​អង្ករ។ ខ្ញុំ​ខ្វះខាត​ជីវភាព​ការ​រស់នៅ»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ ទទួល​ស្គាល់​ថា ពលរដ្ឋ​ឃុំ​សំអាង ពិត​ជា​ខ្វះខាត​សាលា​រៀន​មែន ដូច្នេះ​អាជ្ញាធរ​ស្រុក​បាន​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ ហើយ​គ្រោង​ពង្រីក​បន្ទប់​សាលា​បឋម​សិក្សា ព្រោះ​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ក៏​កើន​ឡើង​ដែរ។ ចំណែក​អនុវិទ្យាល័យ អាជ្ញាធរ​ស្រុក​បាន​ស្នើ​ទៅ​មន្ទីរ​ជំនាញ ដើម្បី​ពិនិត្យ​លទ្ធភាព​តម្រូវ​ការ​អប់រំ​នៅ​តំបន់​នោះ តែ​ពុំ​អាច​កសាង​រួច​រាល់​នៅ​ឆ្នាំ​សិក្សា​ថ្មី​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​ជានិច្ចកាល​ក៏​ធ្លាប់​ជំរុញ​ឲ្យ​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច បញ្ជូន​កូន​ចៅ​ទៅ​រៀន ឬ​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ពុំ​ចាំបាច់​បង់​ប្រាក់៖ «យើង​សម្រួល​សព្វ​បែប​យ៉ាង ទោះ​បី​ក្រ​ប៉ុណ្ណា​អាច​ចូល​រៀន​បាន​ដែរ។ បញ្ហា​ខ្វះ​សាលា​រៀន សូម​ឯកភាព​ដោយសារ​កិច្ចការ​នេះ​ជាក់ស្តែង ដោយសារ​ចំនួន​សិស្ស​កើន ប៉ុន្តែ​សាលា​វា​នៅ​ដដែល។ សម្រាប់​គោល​នយោបាយ​នៃ​ការ​ដោះស្រាយ គឺ​យើង​មាន​វិធីសាស្ត្រ​ថា មន្ទីរ​អប់រំ​គេ​ជួយ​ចេញ​ជា​ស័ង្កសី​ប្រក់ ហើយ​សម្រាប់​អាជ្ញាធរ​ឃុំ​យើង​រៀបចំ​ចេញ​ឈើ»

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បញ្ហា​ខ្វះ​សាលា​រៀន​ក៏​ជា​ចំណុច​រួម​ផ្សំ​យ៉ាង​សំខាន់​មួយ​បង្ហាញ​ថា ក្រសួង​អប់រំ ហាក់​កំពុង​ដើរ​បញ្ច្រាស​ពី​គោល​នយោបាយ​ពង្រឹង​វិស័យ​អប់រំ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​កម្ពស់​វិស័យ​អប់រំ​ជា​អាទិភាព​ក្នុង​គោលដៅ ដើម្បី​ទប់ស្កាត់​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ «ទាំងអស់​គ្នា​ដើម្បី​ការ​អប់រំ ការ​អប់រំ​ដើម្បី​ទាំងអស់​គ្នា» ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​បញ្ជាក់​ថា មាន​កត្តា​រួម​ផ្សំ​ជាច្រើន​ហាក់​ជា​ចំណុច​ខ្សោយ​របស់​រដ្ឋាភិបាល ឬ​ក្រសួង​អប់រំ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា​ដោយ​ឯករាជ្យ​ពី​លទ្ធភាព​តម្រូវ​ការ​ឲ្យ​ទូលំទូលាយ ដូចជា​ការ​លើក​ទឹក​ចិត្ត​ដល់​កុមារ​ក្រីក្រ ការ​ផ្តល់​ព័ត៌មាន​ទាក់ទិន​អាហារូបករណ៍​ឲ្យ​ទូលំទូលាយ អត្ថប្រយោជន៍​នៃ​ការ​សិក្សា ការ​អភិវឌ្ឍ​សាលា​រៀន និង​ការ​ពង្រឹង​សមត្ថភាព​គ្រូ ដើម្បី​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច មាន​ជំនឿ​ចិត្ត​លើ​ការ​អប់រំ​របស់​រដ្ឋាភិបាល។ អ្នកស្រី​មើល​ឃើញ​ថា មាន​ឧបសគ្គ​ជាច្រើន​ដែល​ជា​បញ្ហា​ចម្បង​សម្រាប់​កុមារ ឬ​យុវជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល ដែល​កំពុង​ប្រឈម​បោះបង់​ការ​សិក្សា។ ដូច្នេះ បញ្ហា​នេះ​នៅ​តែ​ជា​ប្រធានបទ​ដដែលៗ និង​កាន់​តែ​ចាក់​ឫស​ជ្រៅ ប្រសិន​បើ​វិធានការ​របស់​រដ្ឋាភិបាល​ហាក់​មាន​លក្ខណៈ​យឺតយ៉ាវ និង​ទន់​ជ្រាយ៖ «តំបន់​ដាច់​ស្រយាល​ដែល​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​វិស័យ​អប់រំ ឬ​រដ្ឋាភិបាល ធ្វើ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​ធំ​មិន​ចូល​ចិត្ត​ទៅ​រស់នៅ​តំបន់​ដាច់​ស្រយាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មិន​មាន​ការ​យក​កូន​ទៅ​សាលា នេះ​ជា​ការ​មួយ​ដែល​ខ្ញុំ​សូម​ថ្កោលទោស​ទៅ​លើ​រដ្ឋាភិបាល»

ដូច​គ្នា​នេះ​ដែរ អ្នក​សម្រប​សម្រួល​នៃ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រចាំ​កម្ពុជា លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​មាន​ផែនការ​បង្កើត​មណ្ឌល​សំចត ឬ​សាលា​រៀន​បម្រុង​មួយ ដែល​មាន​លក្ខណៈ​បត់​បែន​សម្រាប់​សិស្ស​ក្រីក្រ​ដើរ​ស៊ី​ឈ្នួល​នៅ​ស្រុក​ឆ្ងាយៗ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ។ លោក​ថា កុមារ​ជនជាតិ​ដើម​ភាគ​តិច​ក្រីក្រ គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ខ្ពស់ ដូចជា​ផ្តល់​អាហារូបករណ៍ ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោកគ្រូ​អ្នកគ្រូ​ជាដើម។ លោក​យល់​ថា រដ្ឋាភិបាល​គួរ​តែ​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អង្គការ​សង្គម​ស៊ីវិល ជំរុញ​អប់រំ​ឪពុក​ម្តាយ​ជា​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​យល់​ពី​តម្លៃ​នៃ​ការ​រៀន​សូត្រ​ឲ្យ​មាន​ប្រសិទ្ធភាព ពុំ​ដូច្នេះ​ទេ ឱកាស​នៃ​ការ​ទទួល​បាន​ការ​រៀន​សូត្រ​របស់​កុមារ​នៅ​តែ​ជា​ក្តី​កង្វល់៖ «យើង​ចង់​ឲ្យ​រដ្ឋ​មាន​វិធានការ​ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​ធ្វើ​ចំណាក​ស្រុក ឬ​ត្រូវ​បន្លាស់​ទី​នៅ​ក្នុង​ការ​រស់​របស់​គាត់​ហ្នឹង គាត់​ត្រូវ​តែ​មាន​សាលា​រៀន​បែប​សំចត​មួយ​សម្រាប់​គាត់​ដែរ ធ្វើ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំង ធ្វើ​ម៉េច​អាច​ឲ្យ​មាន​គោលការណ៍​មួយ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ទៅ​តាម​ទំនៀមទម្លាប់​របស់​ជនជាតិ​ដើម​ភាគ​តិច»

ស្ថិតិ និង​សូចនាករ​អប់រំ​ខេត្ត​ស្ទឹងត្រែង ក្នុង​ឆ្នាំ​២០១៤-២០១៥ ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ បង្ហាញ​ថា ស្រុក​នេះ​មាន​វិទ្យាល័យ​១ មាន​សិស្ស​សិក្សា​ចំនួន ១៥៤​នាក់ មាន​អនុវិទ្យាល័យ​ចំនួន ៧ មាន​សិក្សា​ចំនួន ៦១០​នាក់ និង​មាន​សាលា​បឋម​សិក្សា​ចំនួន ៤៣ មាន​សិស្ស​សិក្សា​ចំនួន​ជាង ៦​ពាន់​នាក់ (៦.៣៦៧​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles