ដោយ ខែ សុណង
2015-11-02
RFA

យុវជន ផង់ សីហា ជនសង្ស័យគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច តាមហ្វេសប៊ុក ពេលបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Brach Chev
ភរិយា និងសាច់ញាតិជនសង្ស័យដែលគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច ប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន អំពាវនាវឲ្យតុលាការពិចារណាទម្លាក់ការចោទប្រកាន់ស្វាមីគាត់ដែលកំពុងជាប់ឃុំ និងស្នើឲ្យ លោក សុខ ទូច ដកពាក្យបណ្ដឹងពីតុលាការ។ តែ លោក សុខ ទូច លើកឡើងថា លោកមិនមែនជាដើមបណ្ដឹងក្នុងការចាប់ខ្លួនជនសង្ស័យនេះទេ។
ជនសង្ស័យគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច បានសរសេរលិខិតអំពាវនាវពីពន្ធនាគារ ដើម្បីស្វែងរកអន្តរាគមន៍ពី លោក សុខ ទូច សុំដោះលែងឲ្យមានសេរីភាព។
ភរិយារបស់បុរសជាជនសង្ស័យឈ្មោះ ផង់ សីហា លោកស្រី ម៉ៅ សុភ័ក្ត្រ ដែលមានកូនក្នុងផ្ទៃរស់នៅភូមិក្បាលថ្នល់ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថ្លែងទាំងទឹកមុខក្រៀមក្រំថា ស្វាមីរបស់នាងដែលកំពុងជាប់ឃុំ បានសរសេរលិខិតមួយស្នើសុំឲ្យលោកបណ្ឌិត សុខ ទូច ដែលបច្ចុប្បន្នជាប្រធានក្រុមការងារស្រាវជ្រាវកិច្ចការព្រំដែន ដកពាក្យបណ្ដឹង និងលើកលែងទោសចំពោះស្វាមីគាត់ដែលបានគំរាមសម្លាប់ លោក សុខ ទូច តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ ហេតុផលនៃការស្នើសុំនេះ លោកស្រីបញ្ជាក់ថា ដោយសារស្ថានភាពជីវភាពគ្រួសារក្រលំបាក ហើយស្វាមីរបស់គាត់ចែករំលែក ឬស៊ែ (Share) បន្តពីគេដើម្បីបង្ហោះតែប៉ុណ្ណោះ៖ «ខ្ញុំជិតគ្រប់ខែ និងបានឲ្យគាត់មករកស៊ីចិញ្ចឹមនាងខ្ញុំវិញ។ គាត់ធ្វើសំណង់នៅខ្មែរ ក៏ធ្វើ នៅថៃ ក៏ធ្វើ។ នាងខ្ញុំទៅចងការប្រាក់គេទៅមិនទាន់ដោះហើយ ក៏ត្រូវជាប់ពន្ធនាគារ»។
កាលពីថ្ងៃទី២៨ ខែសីហា លោកបណ្ឌិត សុខ ទូច ត្រូវបានអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ ផង់ សីហា សរសេរគំរាមសម្លាប់ ដោយចោទប្រកាន់ថា លោកលក់ក្បាលឲ្យវៀតណាម ក្នុងរឿងព្រំដែន។
ទាក់ទិនរឿងនេះ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងការគំរាមសម្លាប់នេះ។ ភ្លាមៗនោះ ជនសង្ស័យត្រូវបានប៉ូលិសខ្មែរ និងប៉ូលិសថៃ សហការគ្នាចាប់ខ្លួនបញ្ជូនពីក្រុងថេប ប្រទេសថៃ ក្នុងពេលកំពុងធ្វើការ ហើយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស។
ជនសង្ស័យ ផង់ សីហា ក៏បានសរសេរលិខិតសុំអភ័យទោសពីពន្ធនាគារ ស្នើសុំឲ្យលោកបណ្ឌិត សុខ ទូច លើកលែងទោសដែរ។
ឆ្លើយតបបញ្ហានេះ លោកបណ្ឌិត សុខ ទូច អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា មានប្រសាសន៍នៅថ្ងៃទី២ វិច្ឆិកា ថា លោកមិនអាចដកពាក្យបណ្ដឹង និងលើកលែងទោសឲ្យបុរសនេះទេ ពីព្រោះលោកមិនបានដាក់ពាក្យប្ដឹងករណីនេះឡើយ គឺជាចំណាត់ការរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកអាចជួយសម្របសម្រួល បន្ទាប់ពីតុលាការជំនុំជម្រះសំណុំរឿងនេះ៖ «ក្រោយពីតុលាការសម្រេចហើយ តួនាទីតុលាការអស់ហើយ។ ខ្ញុំសរសេរលិខិតទៅរដ្ឋាភិបាល ឬក៏ទៅព្រះមហាក្សត្រ ដើម្បីឲ្យជួយសម្រួល។ តែបើអត់ឆ្លងកាត់ទោសទេ ហ្នឹងមានតែរឿងនយោបាយទេ»។
មេធាវីនៃសមាគមអាដហុក (ADHOC) ការពារក្ដី លោក ផង់ សីហា អ្នកស្រី មុត ពិសិដ្ឋ ថ្លែងថា ការជេរប្រមាថ គឺជាបទល្មើស ប៉ុន្តែតុលាការអាចពិចារណា និងសម្រាលទោសដោយយោងទៅលើការដឹងកំហុស និងការសុំអភ័យទោសរបស់ជនត្រូវចោទ។ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
ការគំរាមសម្លាប់លោកបណ្ឌិត សុខ ទូច បានកើតឡើងបន្ទាប់ពីបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម បានផ្ទុះឡើង និងទំនងបណ្ដាលឲ្យមនុស្សមួយចំនួន មិនពេញចិត្តចំពោះការបកស្រាយរបស់លោក។ ក្រៅពីនេះ អ្នកស្រី កុយ ពិសី ជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ក៏រងការប្រមាថតាមបណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា។ ពាក់ព័ន្ធនឹងរឿងគំរាមសម្លាប់តាមហ្វេសប៊ុកនេះដែរ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា តុលាការខេត្តសៀមរាប បានសម្រេចដោះលែងឲ្យយុវជនឈ្មោះ តៅ សាវឿន ដែលគំរាមដាក់គ្រាប់បែកសម្លាប់ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ ប៉ុន្តែអនុវត្តទោសជាប់ពន្ធនាគារតែ ១ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការសម្រេចដោះលែងយុវជនគំរាមសម្លាប់លោក ស ខេង
- មន្ត្រីច្បាប់អំពាវនាវឲ្យក្រសួងយុត្តិធម៌ស៊ើបអង្កេតការអនុវត្តសាលក្រមបង្ខំរុះរើផ្ទះពលរដ្ឋ
- តុលាការខេត្តពោធិ៍សាត់គ្រោងប្រកាសសាលក្រមលើសកម្មជនបក្សប្រឆាំងដើមខែក្រោយ
- សម្ភាសលោកបណ្ឌិត ឡៅ ម៉ុងហៃ អំពីការដាក់ញត្តិរបស់ទាហានដើម្បីដកតំណែងអ្នកនយោបាយ
- ដើមបណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀងគ្រោងប្ដឹងទារសំណងទៅសាលាឧទ្ធរណ៍
- តុលាការនឹងប្រកាសសាលក្រមករណីគ្រូពេទ្យ យ៉ែម ជ្រិន នៅថ្ងៃទី៣ ធ្នូ
- មន្ត្រីសិទ្ធិមនុស្សអំពាវនាវពលរដ្ឋឲ្យបញ្ឈប់ការសម្លាប់ដោយហ្វូងមនុស្ស
- សង្គមស៊ីវិលស្នើឲ្យសមត្ថកិច្ចដកលិខិតឆ្លងដែនរបស់លោក ផែង វណ្ណៈ រក្សាទុកសិន
- ដើមចោទគ្រោងប្ដឹងអតីតអធិការស្រុកកំពង់ត្រឡាចរឿងចាប់រំលោភទៅសាលាឧទ្ធរណ៍
this veitcong court wear democracy shirt never let ordinary khmer people out because against their will so don’t believe this veitcong court .king dom of veitcong only serve youn-veitcong not khmer even king also serve youn too ‘this is king dom of veitcong not king dom of wonder .king dom of people tear’ king dom of in-justice’ king dom of fake democracy’ king dom of dictator’ king dom of communist wear democracy shirt.GOD bless all cambodian people’