យាយណាង រៀបរាប់ជីវិតសង្វេគ នៅក្រៅសិល្បៈ

ដោយ៖​ វង្ស សុម៉ាលីន​​ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 07:28 AM
http://vodhotnews.com


តារា​​កំប្លែង​​ល្បី​ឈ្មោះ​​គឺ​អ្នក​ស្រី​​ ណយ សំណាង ហៅ​​យាយ​ណាង


មិន​ខុស​ពី​​​​តារា​សិល្បៈ​ជើង​ចាស់​​​កម្សត់​ៗ​​ភាគ​ច្រើន ​​​​​តារា​​កំប្លែង​​ល្បី​ឈ្មោះ​​គឺ​អ្នក​ស្រី​​ណយ សំណាង ហៅ​​យាយ​ណាងក៏​​មាន​ជីវិត​បច្ចុប្បន្ន​​​គួរ​ឲ្យ​សង្វេគ​ណាស់​ដែរ។ ​អ្នក​ស្រី​បាន​​​លាតត្រដាង​​ឲ្យ​ឃើញ​ពី​​​​​​​​​វាំង​នន​ខ្មៅ​នៅ​ក្រៅ​​សិល្បៈ​របស់​ខ្លួន ព្រម​ជា​មួយ​​ការ​អះ​អាង​ថាជីវិត​​​​​​​​​​​​​​​​​​របស់​អ្នកស្រី​​គឺ​មិន​ខុស​ពី​​​​​ស្លាប់​ទាំង​រស់​នោះឡើយ​។

នៅ​ក្នុង​ពិធី​​​​​ទទួល​អំណោយ​​ពី​​​​​​ព្រះ​សង្ឃគង់​នៅ​វត្តនាគវ័ន្ត​ ​ពី​សមាគម​សិល្បករ​ខ្មែរនិង​ពី​​សប្បុរសជន​​មួយ​ចំនួន​កាល​ពី​ថ្ងៃ​​​ទី​​​​​២ ខែ​វិច្ឆិកា អ្នក​ស្រី​បាន​ថ្លែង​​​ប្រាប់​ថា​ជីវិត​ចុង​ក្រោយ​របស់​អ្នក​ស្រី​​​​​​គឺ​មិន​មាន​អ្វី​ជា​ទីពឹង​នោះ​​ទេ ​​​​​បើ​ទោះជា​លើ​កញ្ចក់​ទូរទស្សន៍​​​អ្នក​ស្រី​ប្រឹង​សើច​ប្រឹង​យំដែល​មិន​ខុស​ពី​មនុស្ស​គ្មាន​ទុក្ខ។ អ្នក​ស្រី​បាន​ទាំង​ចាត់​ទុក​ថាការ​រស់​នៅ​របស់​ខ្លួន​​​ក្នុង​ប៉ុន្មាន​​​ឆ្នាំ​នេះមិន​ខុស​ពី​​​ស្លាប់​ទាំង​នៅ​ដង្ហើម ​ដោយសារតែ​ភាព​​ខ្មៅ​ងងឹតនៅ​បាំង​ពេញ​ទំហឹង ​​​​​​​មិន​អាច​​​​លេច​ឡើង​នូវ​​ក្ដី​សង្ឃឹម​​ទាល់តែសោះ​។ អ្នក​ស្រី​បាន​​​ប្រកាស​​ក្នុង​ជំនួប​​​ដែល​មាន​អ្នក​កាសែតចូល​រួម​នោះ​ថា៖ “​ម៉ែ​រាល់​ថ្ងៃ​កូន ​​​ពិបាក​ណាស់​ ឈឺ​ក៏​ឈឺ ​​​​​​​​លុយ​កាក់​អត់​មាន​ទេ ​​​​​​​​​​​​​ឡើង​កំប្លែង​​​ឥឡូវ​ក៏​មិន​សូវ​កើត​​ ហើយ​​​ត្រូវ​បង្ខំ​ចិត្ត​​​​​រកលុយ​​ចិញ្ចឹម​​​​ចៅ​កំព្រា​ដល់​ទៅ​​៧​នាក់​នៅ​ក្នុង​បន្ទុកទៀត បើ​កុំ​តែ​​ម៉ែ​​​​​​អាណិត​ចៅ ​​​ម៉ែ​​​សុខ​ចិត្ត​​​​​​​​​​​​​​អត់ដង្ហើម​​​ឲ្យ​ស្លាប់​បាត់​ទៅ​ហើយ បើ​តាម​​តែ​វា​ពិបាកពេក​​!”។

​​អ្នក​ស្រី​​លើក​ឡើង​​​​​​ដោយ​​​​​​​ភាព​ក្ដុក​ក្ដួល​ថាក្រោយ​ពេល​​កូន​ប្រុស​ច្បង​របស់​​ខ្លួន​គឺ​លោក អ៊ាច វណ្ណៈ ហៅ​​​​វណ្ណៈ ដេវិដ ​​​​ស្លាប់​ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថយន្ត​​របស់​លោក​ខេមរៈ សិរីមន្ត  ​កាល​ពី​ខែ​​មីនា ឆ្នាំ​​២០១៣ ​កូន​របស់​លោក​ចំនួន​​​៧​​នាក់​​​​​(ប្រុស​​៥ ​ស្រី​​២) ត្រូវ​បាន​ម្ដាយ​របស់​ពួក​គេ​ទម្លាក់​ចោល ហើយ​​ទុក​​​​ឲ្យ​អ្នក​ស្រី​ចិញ្ចឹម​ទាំង​ស្រុង​។ ជាប់​ជួន​ជា​ក្នុង​ពេល​នេះ ​អ្នក​ស្រី​កាន់​តែ​​ធ្លាក់​ខ្លួន​ជរា​និង​ចេញ​សម្ដែង​លែង​សូវ​កើត ទើប​ធ្វើ​​ឲ្យ​សភាព​អត់​បាយ ​​​​​​​កើត​ឡើង​ញឹក​ញាប់​។ អ្ន​ក​ស្រី​មាន​​​​ប្រសាសន៍​ថា​​៖ “​​ពី​មុន​​​បាន​ឪពុក​ម្ដាយ​​​ចៅៗ​អស់​​​ហ្នឹង​វា​​​​រ៉ាប់​រង​​ ​ម្យ៉ាង​កាល​ហ្នឹង​​​ខ្ញុំរក​លុយ​​បាន​ច្រើន​​​​​ផង ប៉ុន្តែ​តាំង​ពី​​កូនខ្ញុំ​អា​បង​គេ​ហ្នឹង​ស្លាប់​មក ​ប្រពន្ធ​របស់​វា​ក៏​ទៅ​មាន​​ប្ដី​ក្រោយ​ចោល​ៗ​កូន​អស់ ​​​​​​​​ទុក​​ឲ្យ​ខ្ញុំនិង​​វណ្ណា ស័ក្ត​ កូន​ពៅ​របស់​ខ្ញុំ ​ចិញ្ចឹម​យ៉ាង​វេទនា​បំផុត ហើយ​កូន​គិត​មើល​​​​​ផ្ទះក៏​យើង​ជួល​គេ ​មាត់​យើង​ក៏​ច្រើន​តើ​បាន​អី​ហូប? ខ្ញុំ​​អត់​​លាក់​លៀម​ទេ ភាគ​ច្រើន​ណាស់​ដែល​ខ្ញុំ​​​​​​​​​​​​​​ស្គាល់តែ​​​​​​​ផ្អក​ប្រហុកនិង​ទិញ​​​មី​ពីរ​បី​​​កញ្ចប់​​មក​​ឆុង​ហូប​បាយ​ជា​មួយ​ចៅ​ៗ!”។ ​​អ្នក​ស្រី​ប្រាប់​ថា​​​លោក​វណ្ណា ស័ក្ត ដែល​អ្នក​ណា​ក៏​ដឹង​ថា​គឺ​ជា​តារា​ចម្រៀង​កុង​ត្រា​របស់​ផលិតកម្មអឹម(M)  មិន​មាន​ប្រាក់​ចំណូល​ពី​សិល្បៈច្រើន​ទេ ​​ក្នុង​ពេល​ដែល​លោក​ចេញ​ច្រៀងក៏​ត្រូវ​​​​ផលិតកម្ម​កាត់​យក​​​​​​​​​​​​ប្រាក់​ចំណេញ​​​​៥០ភាគរយ ​ដែល​ជា​គោលការណ៍​​​​​​ក្រោម​ការ​ព្រម​ព្រៀង​​​បែប​នេះ​។ ប្រាក់​ចំណូ​ល​ខ្លះ លោក​បាន​ត្រឹមតែ​​​​​​​​​​ទប់​លើ​ថ្លៃសម្លៀក​​បំពាក់និង​​​​តម្រូវ​​​ការផ្ទាល់ខ្លួន​​ប៉ុណ្ណោះ ទើប​​​​​អ្នក​ស្រី​និង​​​​ចៅ​ៗពេល​ខ្លះ​ក៏​មិន​អាច​រំពឹង​ទៅ​​លើ​កូន​ប្រុស​​​​​រូប​នេះ​​​​ទាំង​ស្រុង​។ អ្នក​​​​ស្រី​និយាយ​​​ថា​៖ “​​​វណ្ណា ស័ក្ត ​រាល់​ថ្ងៃ​គ្នា​ចង់​​​​​ខ្សោះ​ខ្លួន​ហើយ​​កូន មួយ​រយ​​មក​បាត់​​​២រយ​មក​បាត់​​​​ ព្រោះ​​មាត់​យើងវា​ច្រើន ម្យ៉ាង​​យើង​ជួល​ផ្ទះ​នៅ​​​​កូន​ដឹង​ស្រាប់​ហើយ គឺ​លើក​កញ្ជើរដើ​រតែ​រហូត​ហ្នឹង​ នៅ​ពេល​គេ​ឡើង​ថ្លៃ​! ​​​​ហ្នឹង​បាន​​​​​​​ចៅអធិការវត្តទួល​ទំពូង​លោក​​​អាណិត​ ជួយ​​​ចេញ​លិខិត​​​​​​​​​​​សុំ​​ឲ្យ​នាយក​សាលា​ដែល​ចៅ​ៗខ្ញុំ​​​​​រៀន​ កុំ​​ឲ្យ​​​យក​លុយ​​ផង កុំ​អី​ចៅ​ខ្ញុំ​អត់​មាន​អ្នក​​ណា​ស្គាល់​សាលា​ទេ​!”។ ​


អ្នក​ស្រី​ណយ សំណាង បាន​​​​រៀប​រាប់​ថា ក្រោយ​បែក​សម័យ​ប៉ុល ​ពត ​ផ្ទះ​​សម្បែង​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​​ចាប់​យក​​អស់​ ហើយចំណែក​អ្នក​ស្រី​​ក៏​មិន​ទទួល​បាន​របប​ផ្ទះ​ដីឬ​​​​បាន​​​​ចាប់​​​​ដី​ផ្ទះ​របស់​អ្នក​ណា​វិញដែរ។ អ្នក​ស្រី​​​​​​​​​​បាន​ក្លាយ​ជា​​សិល្បករ​ជ្រក​ក្នុង​ផ្ទះ​ជួល​​ពី​មួយ​​កន្លែង​ទៅ​មួយ​កន្លែង​​​យ៉ាង​លំបាកវេទនា ក្នុង​វ័យ​​​​៧២​ឆ្នាំរបស់​​ខ្លួន​ ក៏​​​​​​​​ធ្វើ​​ឲ្យ​អ្នក​ស្រី​​​​​​​​​​​​លែងមាន​​លទ្ធភាព​រក​ចំណូល​បាន​ដូច​មុន​។ អ្នក​ស្រី​​បន្ត​ទាំង​អួល​ដើម​ករ​ថា៖ “​រាល់​ថ្ងៃ​ហ្នឹង​ខ្ញុំ​​​​​​​មាន​ជំងឺ​បេះ​ដូង​ផង ​​​​​ខ្វះ​ជាតិ​ស្ករ​ផង ​​​​លើស​ឈាម​ផង និង​​​ចុក​ដៃ​ចុក​ជើង​ផង! ខ្ញុំអត់​ដែ​ល​បាន​ទៅ​តាម​ដានជំងឺ​​អី​ទេ គឺ​បាន​ត្រឹម​តែ​ឈឺ​ផ្សំ​ថ្នាំ​​លេប​ហ្នឹង ​ខ្ញុំ​អត់​មាន​សង្ឃឹមអី​ទេ នៅ​ពេល​​ខ្លួន​ឯង​​​​កាន់​តែ​ចាស់អញ្ចឹង រាល់​ថ្ងៃ​​បើ​និយាយ​ពី​​គឺ​​អត់ណាស់ ​ម្យ៉ាង​​ខ្ញុំ​មាន​កូន​​ត្រឹម​តែ​២​ វា​បែរ​ជា​ស្លាប់​មួយ ហើយ​​បន្សល់​​ចៅ​​តូច​ៗ​​​​​​ឲ្យ​រញ៉ុង​ឲ្យ​ខ្ញុំ​អញ្ចឹម​ទៀត បើ​បោះ​បង់​ទៅ​ណា​​​”។ អ្នក​ស្រី​ប្រាប់​ថា​​​​មិន​ទាន់​ដាច់​ចិត្ត​​យក​ចៅ​​កំព្រា​​​​​​​ណា​មួយ​​​ឲ្យ​ទៅ​រស់​នៅ​មណ្ឌល​នោះ​ទេ ​​ដោយសារ​​​​មណ្ឌល​ភាគ​ច្រើន​​គេ​អត់​​ទទួល​​​​​​យក​ទាំង​អស់ ហើយ​មិន​ចង់​​ឲ្យ​ចៅ​បែក​បង​បែក​ប្អូន​និង​រស់​នៅ​ឆ្ងាយ​ពី​ខ្លួន។ ​​ អ្នក​ស្រី​បាន​សម្រក់​ទឹក​ភ្នែក​នៅ​​ពេល​ទទួល​​យក​​អំណោយ​ជា​​​អង្ករ​​​​​៣​បាវ ​​មី​​​​​ ទឹក​ត្រី ​​ទឹក​ក្រូ ​ថ្នាំ​សង្កូវ និង​​គ្រឿ​ង​ប្រដាប់​ប្រដាចាន​ឆ្នាំង ព្រម​ទាំង​​ថវិកា​​ចំនួន​​៤​​​០០​ដុល្លារ ដែល​​ផ្ដល់​ឲ្យដោយ​​​​​​​ព្រះ​គ្រូ​​​នី សុវណ្ណមុនីរ៉េត គង់​នៅ​វត្តនាគវ័ន្ដ  ​ពី​​​លោក​ឧកញ៉ា ប៉ែន នួន ​​​និង​​ពី​​សមាគម​សិល្បករ​ខ្មែរ កាល​ពី​ថ្ងៃ​​​​​​​​​​ចន្ទ​ទី​​​​២ វិច្ឆិកានោះ​។

​លោក​​​នាយ​ឃ្លោក ​ប្រធាន​កិត្តិយស​​​​មាគម​សិល្បករ​ខ្មែរ បាន​​​ប្រកាស​​​ឲ្យ​ដឹង​ថាលោក​​នឹង​ផ្ដល់​​អាហារបំប៉ន​ជួយ​ថែ​ទាំសុខភាព​​ដល់​អ្ន​ក​ស្រី ដើម្បី​​កុំ​​​​​ឲ្យ​សុខភាព​អ្នក​ស្រី​​​​​កាន់​តែ​ទ្រុឌទ្រោម ហើយ​ធ្លាក់​ខ្លួន​​សម្ដែង​លែង​កើតក្នុង​ស្ថានភាព​កម្សត់​នេះ៕

សរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈvongsomalin@yahoo.com        

What Next?

Recent Articles