យ៉ាងតិចបុគ្គល​ជាង​៥០រូប​ទទួលគោរម​ងារ​ជា​ឧកញ៉ាក្នុង​រយៈពេល​១០ខែ ឆ្នាំ​២០១៥

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015
http://vodhotnews.com

យ៉ាងតិច​បុគ្គល​​៥០រូប ​ត្រូវ​បានព្រះមហាក្សត្រ​ប្រោសប្រទាន​គោរមងារ​ជា​​ឧកញ៉ា ក្នុង​រយៈ​ពេល​១០ខែ ​ឆ្នាំ​២០​១៥ តាមរយៈសំណើ​​របស់​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឬ​​លោក​ ជា ស៊ីម អតីតប្រធាន​ព្រឹទ្ធសភា​។ នេះ​បើ​យោ​ង​តាម​សៀវភៅព្រះរាជកិច្ច ដែល​ចេញផ្សាយ​សម្រាប់ឆ្នាំ​២០១៥ ដែល​គិត​ពី​ការចេញផ្សាយ​ចាប់ពី​ខែមករាមកដល់​ខែតុលា ឆ្នាំ​២០១៥​។​​

ជាធម្មតា គោ​រម​ងារ​ជា​​ឧក​ញ៉ា​ត្រូវ​​ទទួល​ការ​ប្រោស​ព្រះ​រាជ​ទាន​តាម​ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហស្ត​លេ​ខា​ដោយ​ព្រះ​មហា​ក្សត្រ តាម​សំណើរបស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​​លោក ​ជា ស៊ីម។

បើ​គិត​ពី​ខែមករាមក​ដល់ខែមិថុនា​ ដែលព្រះមហាក្សត្របាន​ឡាយព្រះ​ហស្តលេខា បុគ្គល​ជាង​១៥រូប​ត្រូវ​បាន​ផ្តល់គោរមងារជា​ឧកញ៉ា​ តាមរយៈ​សេចក្តី​ក្រាប​បង្គំទូល​ថ្វាយ​របស់​លោក ជា ស៊ីម។ ឧកញ៉ាទាំងនោះ​មានឈ្មោះដូចជា​លោក ស្រ៊ា មុំសុភា ​លោក ឆៃ វណ្ណថន លោក ឆៃ វណ្ណឈិន​ លោក ជឹម សុផល លោក ឈៀត សេង​អេង លោក​ ឈៀត ហុង ​លោក ហាត់ សំប៊ុន លោក អ៊ាត ឧត្តម លោក យិន សុវណ្ណី លោកស្រី ស៊ុំ ហៀង លោក ឡាយ វីរៈ ​លោក សុធី សុវិត្យា​ លោក ឡុង ដីណាល់ លោក ឈុន ចេតនា លោក ចាប ហុង​លី លោក ប៉ែន ស៊ីនេត និង​លោក ជាម ឃុនណាត ជាដើម។​

ក្រោយពី​លោក ជា ស៊ីម បានទទួល​មរណភាពកាលពីថ្ងៃទី​០៨ ខែមិថុនា​ ឆ្នាំ​២០១៥​ ឧកញ៉ាទាំងអស់​ត្រូវ​ទទួលស្គាល់ដោយព្រះមហាក្សត្រ​ តាមសំណើរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ឧកញ៉ាទាំងនោះ​មានឈ្មោះ​ដូចជា លោក ឈន សុផល លោក​ ប៉េង ប៊ុនថន លោក​ស្រី គៀន ស្រីនាង  លោក កុយ សុវណ្ណ លោក មាស សុវុឌ្ឍិឌី លោក គាត ច័ន្ទវណ្ណ លោក សូ រតនៈ លោក វង្ស ប៊ុនហេង លោក​ទេព វិសិដ្ឋ លោក ឡុច សុភ័ក្រ លោក ហួរ ហាប់ លោក ឆាយ សេងអៀង លោក តុង ហុកសេង លោក ឡាវ អ៊ាវ លោក ឯម អ៊ន់ លោក អ៊ឹង ប៊ុនចិន លោក គួច សេងហេង លោក សេង សេរី លោក យុន សុភា លោក ថូស៊ី​ហីកកូ មុនិកយ៉ូស៊ី លោក ឡោ ស៊ុន​ជាង លោក កែវ សំណាង លោកស្រី មុំ ថាវី លោក គាង សេង លោក ហួត ឈឿន លោក អៀង ចន្ថា លោក ហួត ហាក់ លោក ប៊ុន ស៊ីថា លោក ហង្ស​ ចាន់​សោភា លោក​ ឯម សៀកឡន លោក លឹម ចាន់ឌឿន​ លោក ជូ ហុងអ៊ាន លោក មាស សុរិយា លោក វ៉ាង គិតមែន និងលោក សួង ណយ ជាដើម។​

ជា​ទូទៅ បុគ្គលដែល​ទទួល​គោរមងារ​ឧកញ៉ា កាលណា​​​បាន​បរិ​ច្ចាគ​ធន​ធាន​ផ្ទាល់​ខ្លួន​ចាប់​ពី​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ​ ក្នុង​ការ​កសាង​រាល់​សមិទ្ធ​ផល​នានា​ ​ដូច​ជា​វត្ត​អារាម​ មន្ទីរ​ពេទ្យ​ សា​លា​រៀន​ ផ្លូវ​ ប្រឡាយ​ទឹក​ អណ្តូង​ទឹក​។​

អគ្គលេខាធិការ​រាជ​រដ្ឋាភិបាលដែល​ទទួល​បន្ទុក​លើ​ការងារ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ផ្សេងៗ លោក សយ សុខា ធ្លាប់​មានប្រសាសន៍ថា​​ការទទួលគោរម​ងារ​ជា​ឧកញ៉ា​ត្រូវ​មានលក្ខខណ្ឌរបស់គេ។​ ​លោក​បន្ត​ថា​ឧកញ៉ា​ត្រូវ​បាន​តែង​តាំង​តាមរយៈ​ព្រះរាជក្រឹត្យរបស់​ព្រះមហាក្សត្រ​និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​។

កាសែត​The Cambodia Dailyបាន​ចុះផ្សាយ​កាលពីឆ្នាំ​២០១៤ថា​កាលពីឆ្នាំ​២០០៤ កម្ពុជាមានឧកញ៉ា​ប្រមា​ណ​​២០រូប តែ​បាន​កើន​ឡើង​មក​ជិត​២០០រូប កាលពីឆ្នាំ​២០០៤ និង​មក​ដល់​ឆ្នាំ​២០០៨ មានជាង​៧០០រូប​។​

ប្រធាន​ស្ថាប័នស្រាវជ្រាវវេទិកាអនាគត លោក អ៊ូ វីរៈ យល់​ថា​​ឧកញ៉ានៅកម្ពុជាមានច្រើន គឺ​អាចប្រហែល​​ចូល​ពាន់នាក់។ លោក​បន្ត​ថា​ដោយ​សារប្រទេស​កម្ពុជាមិន​មាន​ការគោរពច្បាប់ ការមិន​ឲ្យ​តម្លៃ​ទៅ​លើ​សីល​ធម៌និង​វប្បធម៌ បុគ្គល​មួយ​ចំនួន​ចង់​បាន​ងារ​​ឧកញ៉ានេះ ដើម្បី«អួតដាក់គ្នា»។​ លោក​បន្ថែម​ថា​​ងារជា​ឧកញ៉ានេះ គឺ​ដើម្បី​ងាយស្រួលក្នុង​ការ​រកស៊ីផងដែរ។ លោកបញ្ជាក់ថា​៖ “ឧកញ៉ាមាន​ឱកាស​រកស៊ីច្រើន ដោយ​សារ​ងារ​នេះ​ដូច​ជាមានអភ័យ​ឯកសិទ្ធិអញ្ចឹង។…ប្រទេស​យើង​មិន​មាន​នីតិរដ្ឋ មិន​គោរពច្បាប់ មិន​ឲ្យ​តម្លៃ​លើ​សីលធម៌ និង​វប្បធម៌​ ទើប​ម្នាក់ៗ​​ចង់​បាន​ងារ​ឧកញ៉ា ដើម្បី​យក​ងារ​មក​អួត និង​យក​ឱកាស​រកស៊ី”។​

អ្នក​នាំ​ពាក្យ​គណបក្ស​​សង្គ្រោះ​ជាតិ លោក យឹម​ សុវណ្ណ ធ្លាប់​ឲ្យ​ដឹង​ថា​កន្លង​មក​ ឧក​​ញ៉ា​មួយ​ចំនួន​បាន​ប្រើ​ងារ​នេះ ដើម្បី​ប្រកប​របរ​ខុស​ច្បាប់ ដូច​ជា​ការ​រត់​ពន្ធ​ទំនិញ  និង​ការរំលោភ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​ប្រ​ជា​ពល​រដ្ឋ​ជា​ដើម។ លោក​ថាប្រ​ទេស​ជាតិ​ត្រូវ​ការ​ឧក​ញ៉ាដែលប្រ​កប​របររកស៊ី​ដោយ​សុចរិត​ និង​ជួយប្រ​ទេស​ជាតិ​ដោយ​ស្មោះ​ត្រង់​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ លោក​បន្ថែមថា៖ “បើ​សិន​ជា​ឧក​ញ៉ា​ហ្នឹងគាត់​ជា​អ្នក​​រក​ស៊ី​ដោយ​សុចរិត បាន​ធន​ធាន​ដោយ​សុច្ចរិត​ វា​ល្អ​ចំពោះ​ប្រ​ទេស​ជាតិ ប៉ុន្តែ​បើ​សិន​ជា​ឧក​ញ៉ា​ដែល​រក​ស៊ី​ដោយ​ទុច្ចរិត ឧក​ញ៉ា​ដែល​មាន​ការ​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ ពាក់​ព័ន្ធ​នឹង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​​សម្បត្តិ​ជាតិ ឧក​ញ៉ា​ហ្នឹង​យើង​មិន​ចង់​បាន​ប៉ុន្មាន​ទេ”។

បើទោះពីកម្ពុជាមានឧកញ៉ាច្រើនក៏ដោយ ឧកញ៉ាមួយចំនួនប៉ុណ្ណោះ​ដែលមានឈ្មោះល្បីក្នុងការរកស៊ី ក្នុង​នោះ​រួមមាន​ឧកញ៉ា គិត ម៉េង ឧកញ៉ា សុខ គង់ ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ម៉ុង ឫទ្ធី ​ឧកញ៉ា ពុង ឃាវសែនិងឧកញ៉ាកុក អាន​ ជាដើម៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles