អ្នក​មាន​ទំនាស់​ដី​នៅ​បន្ទាយមានជ័យ​ប្រមាណ​៣០០​នាក់​តវ៉ា​បិទ​ផ្លូវ​ទាមទារ​ដំណោះស្រាយ

ដោយ ហ៊ុំ ចំរើន
2015-11-02
RFA

ពលរដ្ឋ​​អូរជ្រៅ ថ្មពួក តវ៉ា​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ៦២០
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ មក​ពី​២​ស្រុក​ផ្សេងគ្នា តវ៉ា​នៅ​បិទ​ផ្លូវ​ជាតិ​លេខ​៥ មុខ​សាលាខេត្ត នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo Provided


ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៣០០​នាក់ មក​ពី ២​​ស្រុក​ផ្សេង​គ្នា​ គឺ​ស្រុក​អូរជ្រៅ​ និង​ស្រុក​ថ្មពួក នៃ​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា នាំ​គ្នា​តវ៉ា​​បិទ​ផ្លូវ​ជាតិ​លេខ​៥​ នៅ​មុខ​សាលា​ខេត្ត​ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​​ខែត្រ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស។

​​​​​​​​​​​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ នោះ រៀបរាប់​ឲ្យ​ដឹង​ថា ​ការ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​កន្លង​មក​បាន​ត្រឹម​តែ​សន្យា​ខ្យល់​​ ហើយ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ឡុង សុគន្ធី ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ថា ផ្ទៃដី​ដែល​មាន​ទំនាស់ ១.៤៣០​ហិកតារ នៅ​ចំណុច​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់។

អ្នកស្រី​បន្ត​ថា ដី​នេះ​ដើម​​ឡើយ​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចំនួន ២៤៦​គ្រួសារ នៅ​ឃុំ​អូរបីជាន់ នៃ​ស្រុក​អូរជ្រៅ មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន សំផាន់ ណារិទ្ធ និង​ក្រុមហ៊ុន សេង ហុងហេង ដោយសារ​ការ​កំណត់​ព្រំប្រទល់​មិន​​ច្បាស់​លាស់​ ដោះស្រាយ​មិន​ចេញ​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក។

អ្នក​ភូមិ​អះអាង​ថា​ ប្រជាពលរដ្ឋ​បាន​ប្ដឹង​តវ៉ា​ឲ្យ​អាជ្ញាធរ​ស្រុក​ និង​ខេត្ត​ដោះស្រាយ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖ «កាល​ថ្ងៃ​ទី​១៥ មុន​ភ្ជុំ​បិណ្ឌ​អាជ្ញាធរ​ខេត្ត​ថា ចុះ​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​​​ តែ​អាជ្ញាធរ​បែរ​ជា​មិន​បាន​ដោះស្រាយ​តាម​ការ​សន្យា​ទៅ​វិញ​ ទើប​ធ្វើ​ឲ្យ​ពួកគាត់​នាំ​គ្នា​មក​តវ៉ា​សា​ជា​ថ្មី»

រីឯ​តំណាង​ប្រជាពលរដ្ឋ​មក​ពី​ថ្មពួក វិញ គឺ​លោក​ សាម ម៉ាប់ រៀបរាប់​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​ដែល​មាន​ទំនាស់​ប្រមាណ ២៩០​ហិកតារ​នៅ​ចំណុច​ឃុំ​ថ្មពួក ស្រុក​ថ្មពួក។ ប្រជាពលរដ្ឋ​ចំនួន ១៧០​គ្រួសារ​​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ​លី សំអាន​ កើត​ឡើង​ដោយ​ភាព​មិន​ច្បាស់​លាស់​នៃ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដោះស្រាយ​មិន​ចេញ​តាំង​ពី​ឆ្នាំ​២០០៧ រហូត​មក៖ «អាជ្ញាធរ​ខេត្ត​គាត់​មិន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទេ ដោយ​ឲ្យ​ពួក​ខ្ញុំ​ទៅ​ដោះស្រាយ​នៅ​តុលាការ​វិញ។ រឿង​នេះ​ខ្ញុំ​នឹង​នាំ​គ្នា​ទៅ​តវ៉ា​ឲ្យ​តុលាការ​ដោះស្រាយ​នៅ​ម៉ោង ២​រសៀល​ថ្ងៃ​ដដែល​បន្ត​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ទទួល​ដោះស្រាយ​ផ្នែក​​ដីធ្លី​ លោក​ លី សារី មាន​ប្រសាសន៍​ថា​ បញ្ហា​ដីធ្លី​​ដែល​មាន​ទំនាស់​នោះ ​អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការ​ដោះស្រាយ​នៅ​ឡើយ។ លោក​អះអាង​​ថា​ មូល​ហេតុ​ដែល​ដោះស្រាយ​មិន​ទាន់​ចប់​ ដោយសារ​ដី​ទំនាស់​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ដោះស្រាយ៖ «កន្លង​មក​យើង​បាន​ដោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ គ្រាន់​តែ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​មិន​ទាន់​យល់​ស្រប ដោយសារ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ពួកគាត់»

ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់​ថា បញ្ហា​ទំនាស់​ដីធ្លី​​របស់​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​ពុំ​ទទួល​បាន​លទ្ធផល​នេះ​ ដោយសារ​អាជ្ញាធរ​ស្រុក​ និង​អាជ្ញាធរ​ខេត្ត​ពុំ​មាន​ចេតនា​ពិត​ប្រាកដ​​ក្នុង​ការ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «ពួកគាត់​អត់​ចង់​ជួប​លោក​អភិបាល​រង​ខេត្ត​ចាស់​ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី​ គឺ​លោក ចុង ផែត ទៀត​ទេ។ ប្រជាពលរដ្ឋ​ចង់​ជួប​អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ ថ្មី​ទទួល​ផ្នែក​ដី​ធ្លី​ឲ្យ​ដោះស្រាយ​វិញ​ អាច​សង្ឃឹម​មាន​ប្រសិទ្ធភាព​ជាង»

បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​ម៉ោង​ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ចូល​ជួប​ពិភាក្សា​នៅ​ក្នុង​សាលា​ខេត្ត ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ ដោយ​​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​អូរជ្រៅ​ អាជ្ញាធរ​ខេត្ត នឹង​ចុះ​​ដោះស្រាយ​​ជូន​ពួកគាត់​​នៅ ២​សប្ដាហ៍​ខាង​មុខ។ រី​ឯ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ថ្មពួក ត្រូវ​​ដោះស្រាយ​បន្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ ដោយសារ​កន្លង​មក​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ​ដី​បណ្ដោះអាសន្ន​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​​រសៀល​ថ្ងៃ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles