Tue, 3 November 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: បន្ទាប់ពីក្តោបបានឱកាសចុះឡើងច្រៀង និងសម្តែងនៅលើដែនកោះអូស្រ្តាលី ដូចជាការច្រៀងខនសឺតក្នុងស្រុកកន្លះឆ្នាំពីរដង បុប្ផារូបស្រស់ចាយសម្រស់ទាក់ស្នេហ៍ឆ្លងទ្វីប ជាតារាចម្រៀង និងសម្តែងប្អូនជីដូនមួយអ្នកនាង ឆ័យ លីដាឡែន នាង ធីណាតា បានធ្លាយនូវរូបថតស្លៀកប៊ីគីនីស្ទើរអាក្រាតកាយពីដែនកោះអូស្រ្តាលីជាមួយនឹងកាយវិការលោមស្នេហ៍លើឆ្នេរយ៉ាងរោលរាល។
នាងបានបញ្ជាក់ប្រាប់អំពីរូបភាពសិចស៊ីលើឆ្នេរថា វាជារូបភាពថត ដើម្បីផ្គាប់ចិត្តសង្សារថ្មីរបស់នាងជាជនជាតិអូស្ត្រាលី។
នៅមុនពេលវេចសម្ពាយឡើងយន្ដហោះទៅសម្តែងនៅលើដែនកោះអូស្ត្រាលីលើកទីពីរដែលរួមដំណើរជាមួយនឹងតារាសម្តែងប្រុសជាប់ងារតារាមហាសំណាង លោក អេនឌី នោះ នាង ធីណាតា ធ្លាប់បានបើកកកាយប្រាប់មហាជនអំពីជីវិតស្នេហារបស់នាងថា នាងបានបង្កើតចំណងស្នេហ៍ជាមួយបុរសអាណិកជនខ្មែរអូស្ត្រាលីរយៈពេលជាងពីរឆ្នាំមកហើយ ហើយនាងក៏មានគម្រោងដឹកដៃសង្សារចូលរោងការជាប្តីប្រពន្ធនៅរយៈពេលពីរឆ្នាំខាងមុខទៀត។
យ៉ាងណាមិញ ខណៈឱកាសកាច់រាងបង្អួតសម្រស់ជាមួយនឹងក្បាច់គុនសិល្បៈដ៏សម្បូរបែបហៀបនឹងបញ្ចប់នោះ ស្រីស្រស់ កញ្ញាធីណាតា ជាមួយនឹងចេតនាទម្លាយរូបថតដ៏សិចស៊ីដេកសំដិលលើឆ្នេរខ្សាច់នៃប្រទេសអូស្រ្តាលី នាងក៏បានបង្ហើបប្រាប់ទៅដល់គេហទំព័រក្នុងស្រុកមួយថា ក្នុងចេតនាសម្ញែងរាងដ៏សិចស៊ីគឺនាងគ្រាន់តែចង់ផ្គាប់ចិត្តសង្សារថ្មីជាជនជាតិអូស្ដ្រាលី។
នាងបានលាន់មាត់ខ្លួនឯងថា រូបថតថតនេះ គឺពិតជាមើលទៅសិចស៊ីជ្រុលបន្តិចមែនដោយបានបង្ហាញនូវភាពសិចស៊ីស្ទើរអាក្រាតកាយក្នុងកាយវិការបែបជាតារាអឺរ៉ុប ភ្លេចប្រពៃណីខ្លូន នាង ធីណាតា បានឲ្យដឹងថា រូបភាពនេះ នាងថតដើម្បីផ្ដល់់ភាពផ្អែមល្ហែមជាមួយសង្សារឯនាយសមុទ្រប៉ុណ្ណោះ ដោយនាងអះអាងថា នាងមិនហ៊ានលែងខ្លួនបែបនេះនៅក្នុងស្រុកឡើយ។
ទន្ទឹមរូបថតដែលបិទបាំងតែកេរ្តិ៍ម្តាយលើក្រោមស្ទើរអាក្រាតកាយ ជាមួយកាយវិការស្រើបស្រាល សំដិលខ្លួននៅលើវាលខ្សាច់នៃដែនដីប្រទេសអូស្រ្តាលី និងកាយវិការឱបថើបយ៉ាងស្និទ្ធស្នាលជាមួយសង្សារ ដែលត្រូវបានបញ្ជូនមកបណ្តាញផ្សព្វផ្សាយ ក្នុងស្រុកចុះផ្សាយពេញប្រទេសនោះ នាងបានសរសេរពាក្យពេចន៍វាចាចេញពីបេះដូងរបស់នាងថា៖ «អូនស្រឡាញ់បងខ្លាំងណាស់! បងសម្លាញ់»។
បើទោះជានាងបានថតរូបស្រើបស្រាលដើម្បីផ្គាប់ចិត្តសង្សារដែលឆ្គាំឆ្គងនឹងវប្បធម៌ប្រពៃណីខ្លាំងយ៉ាងក៏ដោយ ប៉ុន្តែ ធីណាតា ហាក់រំពឹងថា រូបនាងនឹងមិនទទួលលទ្ធផលជាន់លើដានបងស្រីជីដូនមួយ អ្នកនាង ឆ័យ លីដាឡែន កាលពីទៅសម្តែងនៅអាមេរិកកាលពីរបីឆ្នាំមុននោះទេ។
តារាចម្រៀង និងសម្ដែងដែលធ្លាប់លេចឮព័ត៌មានថាមានស្វាមី និងកូនម្នាក់ដែលនាងបណ្ដើរទៅលេងផ្សារទំនើបអ៊ីអនដោយនាំមហាជនមានការភ្ញាក់ផ្អើលខ្លាំងបានបញ្ជាក់ប្រាប់ព័ត៌មានមួយនោះថា នាងគិតថា រូបភាពដែលនាងបានថតសិចស៊ីជាមួយគូស្នេហ៍ប៉ុណ្ណឹងប្រហែលជាគ្មានអ្នករិះគន់នោះទេ ពីព្រោះតារាស្រីៗក្នុងស្រុកយើងក៏មានអ្នកថតសិចស៊ីលើសនេះច្រើននាក់មកហើយ៕


