
«The Flow» កម្រងពិព័រណ៍ស្នាដៃវិចិត្រកម្មរបស់វិចិត្រករស្រី នាង ម៉ាសា ទេពលូឃីណា ជាតិកាហ្សាក់ស្ថាន។ រូប សហការី
Tue, 3 November 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: កម្រងស្នាដៃគំនូរ ៣០ ផ្ទាំងក្រោមចំណងជើងថា «The Flow» របស់វិចិត្រករស្រីជាតិកាហ្សាក់ស្ថាន នាង ម៉ាសា ទេពលូឃីណា នឹងត្រូវដាក់តាំងបង្ហាញនៅឯមជ្ឈមណ្ឌលវិទ្យាសាស្រ្ដ និងវប្បធម៌រុស្ស៊ី ចាប់ពីវេលាម៉ោង ៦ ល្ងាចនៃថ្ងៃទី ៣ ខែវិច្ឆិកាបន្ដរហូតដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៥ ខាងមុខនេះ នាឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៣៥ នៃកិច្ចសហការ និងភាពជាដៃគូដ៏យូរអង្វែងនៅក្នុងវិស័យវប្បធម៌ វិទ្យាសាស្រ្ដព័ត៌មាន អាជីវកម្ម និងសាសនា រវាងកម្ពុជា និងរុស្ស៊ី។
ពិព័រណ៍ស្នាដៃវិចិត្រករស្រីជាជាតិកាហ្សាក់ស្ថាន ដែលមានកំណើតនៅឯទីក្រុងអាល់ម៉ាអាតា និងកើតឆ្នាំ ១៩៨០ រូបនេះ គឺជាឱកាសបង្ហាញមួយស្តីពីទិវានៃការបង្រួមបង្រួមប្រជាជនតាមរយៈភាសាសិល្បៈដោយសារវាគឺជាភាសាអន្ដរជាតិមួយ និងតំណាងឲ្យការរួបរួម និងការយល់ដឹងអំពីគ្នាទៅវិញទៅមកដោយប្រើនូវគំនិតច្នៃប្រឌិតនៃបណ្តាប្រទេសនានានៅស្ថិតក្នុងទ្វីបផ្សេងៗគ្នា។
បើតាមការសរសេររៀបរាប់ឲ្យដឹងពីអារម្មណ៍ខ្លួនឯងនៃផ្ទាំងគំនូរក្រោមចំណងជើងថា «The Flow» នោះនាង ម៉ាសា ទេពលូឃីណា (Masha Teplukhina) ក៏បញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំជឿថាចកក្រវាឡនិយាយមកកាន់ពួកយើងបានតាមរយៈសិល្បៈ»។
ចំណែកលោកស្រី ប៉ូលីណា បេឡូវ៉ា (Polina Belova) ប្រធានគ្រប់គ្រងកម្មវិធីតាំងពិព័រណ៍ បានឲ្យដឹងថា៖ «The Flow គឺជាបណ្តុំនៃស្នាដៃគំនូរសរុបចំនួន ៣០ ផ្ទាំងរបស់វិចិត្រករស្រី ម៉ាសា ទេពលូឃីណា ដោយក្នុងនោះក៏មានរាប់ញ្ចូលផ្ទាំងគំនូរបែបស៊េរី ស និង ខ្មៅ ក្រោមចំណងជើងថា Dreams ផងដែរ។ បើតាមការសង្កេត និងកត់សម្គាល់ទៅលើកម្រងស្នាដៃទាំងឡាយនោះ យើងឃើញថាលក្ខណៈពិសេសនៃវិចិត្រកម្មគឺការប្រើបច្ចេកទេសគំនូសរង្វង់ ជានិមិត្ររូបនៃការរួបរួមគ្នាដើម្បីបង្ហាញនៅក្នុងស្នាដៃរបស់នាង»។
លោកស្រី ប៉ូលីណា បេឡូវ៉ា បានបន្ដថា៖ «វិចិត្រករស្រីរូបនេះចូលចិត្តគូរគំនូរបែបអរូបីនៅលើផ្ទាំងក្រណាត់។ គាត់បានរកឃើញនូវបែបផែនសិល្បៈផ្ទាល់ខ្លួន ដ៏ពិតប្រាកដមួយនាពេលបានធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍។ហើយស្នាដៃរបស់នាងបានគូរនារយៈពេល ៥ ឆ្នាំចុងក្រោយ ខណៈពេលនាងបានរស់នៅក្នុងប្រទេសកម្ពុជា។សម្រាប់គំនូររបស់នាងនឹងដាក់បង្ហាញនោះ មានពីររបៀបផ្សេងៗគ្នាទៅតាមស្នាដៃគឺ The Flow ប្រើទឹកថ្នាំពណ៌បែបអាគ្រីលីក និង Dreams ប្រើទឹកថ្នាំពណ៌ស និងខ្មៅគូរលើផ្ទាំងក្រដាស ស»៕
