ដោយ៖ លី បេឡា | ថ្ងៃអង្គារ ទី3 វិច្ឆិកា 2015, 05:17 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរបិទកន្លែងឃាំងមនុស្សដែលគេចាត់ទុកថាជា“ជនអានាថា”បន្ទាប់ពីមានករណីស្លាប់មនុស្ស២នាក់ នៅមជ្ឈមណ្ឌលព្រៃស្ពឺ ជាយរាជធានីភ្នំពេញ។
សេចក្តីការណ៍នៅថ្ងៃ ៣ ខែវិច្ឆិកានេះ អង្គការសិទ្ធិមនុស្សលីកាដូបានអំពាវនាវឲ្យមន្ត្រីពាក់ពន្ធ័ធ្វើការស៊ើបអង្កេតទៅលើករណីដែលបុរសម្នាក់ អាយុចន្លោះពី៤០ទៅ៥០ឆ្នាំ ដែលមានជំងឺផ្លូវចិត្តបានលង់ទឹកស្លាប់នៅក្នុងស្រះតូច ក្នុងមជ្ឈមណ្ឌលព្រៃស្ពឺនិងករណីស្ត្រីម្នាក់អាយុ៣០ឆ្នាំដែលជាប់ឃុំជាមួយស្វាមី និងស្លាប់ដោយមិនទាន់រកឃើញមូលហេតុមុនពេលបូជាសាកសពរបស់នាង។
ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៍នេះ អង្គការលីកាដូបានស្នើឲ្យអាជ្ញាធរបិទជាបន្ទាន់មណ្ឌលព្រៃស្ពឺនិង មណ្ឌលដទៃទៀតដែលអង្គការនេះបានចាត់ទុកថាត្រូវបានប្រើប្រាស់ក្រៅប្រព័ន្ធច្បាប់ព្រហ្មទណ្ឌផ្សេងទៀត។
អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថាការស្នើឲ្យបិទមណ្ឌលព្រៃស្ពឺនេះ ដើម្បីឲ្យប្រជាពលរដ្ឋដែលជាប់ឃុំទាំងនោះមានសេរីភាពត្រឡប់ទៅប្រកបមុខរបរចិញ្ចឹមជីវិតនិងលុបបំបាត់ការរំលោភសិទ្ធិមនុស្សក្នុងប្រព័ន្ធឃុំឃាំងនេះ។ លោកមានប្រសាសន៍៖ “មនុស្សឈឺអត់យកទៅពេទ្យទេ ទុកឲ្យមនុស្សស្លាប់នៅក្នុងមណ្ឌលហ្នឹង អានេះជាការរំលោភសិទ្ធិលើប្រជាពលរដ្ឋធ្ងន់ធ្ងរ ជាពិសេសការមិនទទួលខុសត្រូវលើសុខភាពរបស់ប្រជាពលរដ្ឋ តាមពិតមនុស្សឈឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ បើទោះមនុស្សឆ្កួត អីក៏ដោយ ក៏សិទ្ទិរបស់គាត់ត្រូវទទួលបានសេវាសុខភាពហ្នឹងមានដូចគេដូចឯង”។
លោក អំ សំអាត បានឲ្យដឹងបន្ថែមថាមណ្ឌលព្រៃស្ពឺនេះត្រូវបានបង្កើតឡើងក្រោមស្លាកមជ្ឈមណ្ឌលសង្គមកិច្ចសម្រាប់បណ្ដុះបណ្ដាលនិងអប់រំប្រជាពលរដ្ឋដែលគ្មានលំនៅ អ្នកញៀនថ្នាំ អ្នករកស៊ីផ្លូវភេទ និងអ្នកមានវិបត្តិផ្លូវចិត្ត។ លោកថាកន្លងមណ្ឌលនេះត្រូវបានអាជ្ញាធរប្រើប្រាស់ជាកន្លែងឃុំមនុស្សខុសច្បាប់ដោយ មិនមានដីកាពីតុលាការ។
យ៉ាងណាក៏ដោយ វីអូឌី(VOD)មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានមជ្ឈមណ្ឌលព្រៃស្ពឺបានទេ ដោយទូរស័ព្ទហៅចូលតែមិនមានអ្នកទទួល។បើតាមអង្គការលីកាដូ ការប្រមូលមនុស្សទៅឃុំនៅមណ្ឌលព្រៃស្ពឺនេះត្រូវបានធ្វើឡើង ដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុងនិងផ្លូវសាធារណៈ ដែលដឹកនាំដោយកម្លាំងនគរបាលចម្រុះ កងកម្លាំងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សាធារណៈនិងកងរាជអាវុធហត្ថ ក្រោមបញ្ជាពីសាលារាជធានីភ្នំពេញនិងលោកអភិបាលក្រុងដែលមានអំណាចលើមណ្ឌលព្រៃស្ពឺ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនអាត្ថាធិប្បាយពីបញ្ហានេះទេ ដោយលោកថាជាប់រវល់ប្រជុំ។
បើអង្គការលីកាដូ គឺមានមនុស្ស៣នាក់ហើយដែលត្រូវបានស្លាប់ជាបន្តបន្ទាប់ ក្នុងរយៈពេល១១ខែចុងក្រោយនេះដោយការឃុំខ្លួនមនុស្សក្នុងមណ្ឌលព្រៃស្ពឺ៕
សរសេរមកកាន់លោក លី បេឡា តាមរយៈbela@vodhotnews.com