ដោយ ម៉ែន សុធីរ
2015-11-03
RFA

ពលរដ្ឋរស់នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បង្ហាញទីតាំងផ្លូវដែល លោក ឆាយ ឆើត បិទមិនឲ្យអ្នកភូមិធ្វើដំណើរ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។ Photo ADHOC
ពលរដ្ឋរស់នៅភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ អំពាវនាវឲ្យអាជ្ញាធរ អន្តរាគមន៍ករណីអ្នកមានប្រាក់មានអំណាចបិទផ្លូវមិនឲ្យអ្នកភូមិធ្វើចរាចរ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកមានប្រាក់មានអំណាចម្នាក់ឈ្មោះ ឆាយ ឆើត បិទផ្លូវលំបែកចេញពីផ្លូវធំ ដែលអ្នកភូមិធ្វើដំណើរតាំងពីសម័យសង្គមរាស្ត្រនិយម។
តំណាងពលរដ្ឋ លោក សូ មករា ចោទប្រកាន់ថា បុរសឈ្មោះ ឆាយ ឆើត មានដីស្រែចម្ការជាង ២០ហិកតារ ដែលគ្រប់គ្រងតាំងពីឆ្នាំ២០០២ បានបិទផ្លូវមិនឲ្យពលរដ្ឋឆ្លងកាត់ជាង ៥ឆ្នាំកន្លងមក បង្កការលំបាកដល់កសិករដឹកកសិផល និងដឹកគោក្របី ជាដើម។ លោកបន្តថា នៅពេលពលរដ្ឋប្រមូលផលកសិកម្ម ត្រូវរង់ចាំទាល់តែស្រូវច្រូតកាត់រួចរាល់ ទើបអាចដឹកបានតាមវាលស្រែ។
លោកបញ្ជាក់ថា ពលរដ្ឋទាំង ៥៧គ្រួសារ បានដាក់ពាក្យប្ដឹងករណីនេះទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសុំឲ្យ លោក ឆាយ ឆើត បើកផ្លូវនេះឡើងវិញ៖ «ប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ។ គាត់ពិបាកដឹកស្រូវ ពេលដែលគាត់ធ្វើស្រូវបានទាល់តែខែប្រាំង វាលស្រែដែលគេច្រូតអស់ ទើបគាត់ដឹកមកបាន។ នៅដេកចាំខាំរនាបនៅនោះ ទម្រាំមានផ្លូវចេញចូល។ ផ្លូវកាត់វាលស្រែមកភូមិវិញ។ គាត់ពិបាកដឹកគោក្របី ហើយគោក្របីគាត់យកទៅចងនៅទីនោះ ដឹកចេញចូលទៅដឹកអត់បាន ហើយត្រូវទាក់ចោល ប្រុងប្រយ័ត្នចោរលួចគោក្របីគាត់ទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឆាយ ឆើត ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី៣ វិច្ឆិកា។
ចំណែកមេឃុំដំរីផុង លោក ឡាយ សាវាន មានប្រសាសន៍ថា អាជ្ញាធរឃុំបានសម្របសម្រួលឲ្យ លោក ឆាយ ឆើត បើកផ្លូវតាមសំណើពលរដ្ឋ នៅពេលអាជ្ញាធរឃុំទទួលពាក្យបណ្ដឹងអ្នកភូមិ ក៏ប៉ុន្តែ លោក ឆាយ ឆើត បដិសេធ។ លោកបន្តថា លោកបានរាយការណ៍ករណីនេះទៅអភិបាលស្រុកឆ្លូង ដើម្បីដោះស្រាយ។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី ដែលបានចុះអង្កេតករណីនេះ ចាត់ទុកការបិទផ្លូវរបស់ លោក ឆាយ ឆើត ថាជាទង្វើល្មើសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការជិត២០ត្រៀមជួបអភិបាលខេត្តព្រះសីហនុពិភាក្សាការរំលោភដីចំណីបឹងព្រែកទប់
- ស្ថានភាពអ្នកភូមិបណ្ដែតទឹកជនជាតិចាមមួយចំនួនដែលផ្លាស់លំនៅរស់នៅលើគោក
- អ្នកមានទំនាស់ដីនៅបន្ទាយមានជ័យប្រមាណ៣០០នាក់តវ៉ាបិទផ្លូវទាមទារដំណោះស្រាយ
- ពលរដ្ឋខេត្តកោះកុងចោទអាជ្ញាធរថាបិទច្រកនិងហ៊ុមព័ទ្ធមិនឲ្យធ្វើកូដកម្មប្រឆាំងក្រុមហ៊ុនចិន
- ពលរដ្ឋ៦គ្រួសារនៅខេត្តស្ទឹងត្រែងចោទមេបញ្ជាការវីរសេនាធំង៤២ថារំលោភយកដី
- ពលរដ្ឋចោទមេភូមិក្នុងស្រុកសំឡូតថាឃុបឃិតគ្នាឆ្វៀលដីសាលាបឋមសិក្សាលក់
- ពលរដ្ឋខេត្តកោះកុងបោះតង់ក្បែរក្រុមហ៊ុនយូញៀនទាមទារដំណោះស្រាយដីធ្លី
- ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-ឡាវបារម្ភខ្លាចអាជ្ញាធរបណ្ដេញចេញពីដីចំណីផ្លូវ
- ពលរដ្ឋមួយគ្រួសារចោទមន្ត្រីតុលាការខេត្តរតនគិរីថាបង្ខំរុះរើផ្ទះចេញពីដីដោយអយុត្តិធម៌