រដ្ឋាភិបាល​បង្កើត​សមាគមមិត្តភាពកម្ពុជា-ថៃ ដែលមាន​ឧកញ៉ា​៣៦រូបជាសមាជិក

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី25 ធ្នូ 2015
http://vodhotnews.com

រដ្ឋាភិបាល​ប្រកាស​បង្កើត​សមាគម​មិត្ត​ភាព​កម្ពុជា-ថៃ ដែលមានរដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី លោក សុខ អាន​ ជា​ប្រធាន​ ឧកញ៉ា លី យ៉ុងផាត់ ជា​អនុប្រធាន និង​ឧកញ៉ាចំនួន​៣៥រូបទៀតជាសមា​ជិក ដើម្បីពង្រឹងនិង​ពង្រីកចំណង​ទាក់​ទ​ង​រវាងប្រទេស​ទាំងពីរ។​

​អនុក្រឹត្យចុះថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ដឹងថា​សមាគមនេះ​ជាគណៈ​​កម្មា​ធិ​ការ​​​អន្តរក្រសួង​សម្រាប់ទំនាក់ទំនង​កម្ពុជា​-ថៃ ដែលមាន​សមាជិក​ជាង​៧០រូប រាប់បញ្ចូល​ទាំង​ទីប្រឹក្សា​ផង​ដែរ​ដែល​ជា​​​រដ្ឋមន្រ្តីមកពីក្រសួង​ឧស្សាហកម្មនិង​សិប្បកម្ម​ ក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួង​​បរិស្ថាន​និង​អគ្គលេខា​ធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជានិងរដ្ឋលេខាធិការក្រសួងការបរទេស។​ ទីប្រឹក្សាផ្សេងទៀត​​មាន​អភិបាល​ខេត្តបាត់ដំបង កោះកុង បន្ទាយ​មានជ័យ​ ឧត្តរមានជ័យ​និង​ព្រះវិហារ។​

បើតាម​អនុក្រឹត្យ​នោះ ​ឧកញ៉ាចំនួន៣៥នាក់​ជា​សមាជិក​ ក្នុងនោះរួមមាន​ លោក គិត ម៉េង លោក កុក អាន លោក ពុង ខៀវ​សែ លោក ឡាវ ម៉េងឃីន និង​លោក អាន ម៉ាឌី​ ជាដើម។​ សមាគម​មិត្តភាព​កម្ពុជា​-ថៃ មានតួនាទីនិងភារកិច្ច ដូចជា​​រឹត​ចំណងមិត្តភាព សាមគ្គីភាព​និងសហប្រតិបត្តិការ​រវាងប្រទេស​ទាំង ការពង្រឹង​និងពង្រីកទំនាក់ទំនងលើ​គ្រប់ផ្នែកនិងវិស័យ​ដូចជា​ពាណិជ្ជកម្ម​ វិនិយោគ​ កសិកម្ម​វប្បធម៌ ទែសចរណ៍​កីឡា អប់រំ សុខាភិបាល​ បណ្តុះបណ្តាល​វិជ្ជាជីវៈនិងសង្គមកិច្ច​។ តួនាទីនិងភារកិច្ចផ្សេង​ទៀត មាន​ដូចជា​រៀបចំ​គម្រោង​និង​កម្មវិធី​សហប្រតិបត្តិការ​ ផ្លាស់ប្តូរយោបល់​ ទស្សនកិច្ច​សិក្សា​ ស្រាវជ្រាវ ចែករំលែកបទពិសោធន៍​ ពង្រឹងប្រព័ន្ធ​ទំនាក់ទំនង​និង​ធ្វើរបាយការណ៍ពីសកម្មភាព​ដាក់ជូន​រដ្ឋាភិបាល​ជាដើម​។​

សមាគម​នេះ​មាន​អគ្គ​លេខាធិការ​ដ្ឋាន​មួយ​ជា​សេនាធិការ​ដែលមាន​សមាជិក​ចំនួន​៦នាក់។​ សមាគម​មិត្ត​ភាព​​ក​ម្ពុជាថៃ​ មាន​ទីស្នាក់ការបណ្តោះអាសន្ន​នៅទីស្តីការគណៈរដ្ឋមន្រ្តី។​

គួរបញ្ជាក់​ថា កាលពីថ្ងៃទី​១៩ ខែធ្នូ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ថៃ​ លោក ប្រាយុទ្ធ ចន្ទ​អូចា បាន​ព្រម​ព្រៀង​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ ឲ្យ​បាន​បីដងនៃ​ទំហំពាណិជ្ជកម្ម​បច្ចុប្បន្ន សម្រាប់​ឆ្នាំ​២​០២០​ ដែលមានទឹកប្រាក់រហូត​ដល់​១៥​ពាន់​លាន​ដុល្លារអាមេរិក​។ ភាគីទាំងពីរ​ក៏បាន​​ចុះ​ហត្ថ​​​លេខា​លើ​កិច្ច​​ព្រមព្រៀង​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី ពីរ​​ទៀត​​និង​​ស្ថាបនា​ផ្លូវ​​​ដែក​​​​​​ដែល​តភ្ជាប់​ក្រុង​​ភ្នំពេញនិង​ក្រុង​បាំង​​​កក​​​ផងដែរ​។​

​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍រួម​របស់ប្រទេស​ទាំងពីរ ​​​អំឡុង​កិច្ច​​ប្រជុំ​នៅទីក្រុង​បាំង​កក ស្របពេលខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូត សមភាគី​​​​​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​​​សំដៅ​​​បង្កើន​ពាណិជ្ជកម្ម សន្តិសុខនិង​​​ទេសចរណ៍​ ​វិស័យ​កសិកម្មនិង​ការ​ងារ​ផងដែរ​៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles