ដោយ៖ ទូច សុខា | ថ្ងៃសុក្រ ទី25 ធ្នូ 2015, 03:22 PM
http://vodhotnews.com
តុលាការកោះហៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលរងការវាយដំ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា មកសាកសួរបន្ថែម នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ករណីពួកគេដាក់ពាក្យបណ្តឹងទៅតុលាការ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានរងរបួសធ្ងន់ធ្ងរដោយការព្រួតវាយក្បែររបងរដ្ឋសភា ដោយគណបក្សប្រឆាំងបានចោទប្រកាន់ថាអ្នកបង្កហិង្សានេះគឺជាបាតុករមួយក្រុមតូចដែលបានចូលរួមធ្វើបាតុកម្មទាមទារឲ្យរដ្ឋសភាដកតំណែងរបស់លោក កឹម សុខា។
មេធាវីការពារក្តីឲ្យតំណាងរាស្ត្រ លោក ជួង ជូងី ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាចៅក្រមស៊ើបសួរបានកោះហៅលោក គង់ សភា ឲ្យចូលខ្លួននៅពេលព្រឹកនិងលោក ញ៉យ ចំរើន នៅពេលរសៀលថ្ងៃទី ២៨ខែធ្នូ ដើម្បីសាកសួរអំពីហេតុការណ៍ដែលបានកើតឡើងនិងការទាមទាររបស់ជនរងគ្រោះ។ លោកមិនទាន់អាចបញ្ជាក់ថាតើតំណាងរាស្រ្តទាំងពីរនឹងមានវត្តមាននៅតុលាការយ៉ាងណានោះទេ ដោយថាពួកគេកំពុងស្នាក់នៅសហអាមេរិកដើម្បីព្យាបាលជំងឺ។ ទោះជាយ៉ាងណាលោកថាលោកបានត្រៀមខ្លួនការពារកូនក្តីរបស់លោករួចហើយ។
កន្លងទៅ តំណាងរាស្រ្តទាំងពីររូបបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនានិងទាមទារប្រាក់សំណង ក្នុងម្នាក់ៗចំនួន១០០លានរៀល(ស្មើប្រមាណ២៥០០០ដុល្លារ)។ តំណាងរាស្រ្តក៏បានស្នើឲ្យរកជនដៃដល់បន្ថែមទៀតទៀតនិងអ្នកនៅពីក្រោយការវាយពួកគេ។
ក្រោយពីមានការថ្កោលទោសទាំងស្ថាប័នជាតិនិងអន្តរជាតិព្រមទាំងការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រីផងនោះ ជនសង្ស័យ៣នាក់ដែលគេស្គាល់ថាអ្នកខ្លះជាទាហានផងនោះបានចេញសារភាពថាពួកគេជាអ្នកវាយតំណាងរាស្ត្រ។ បុរស៣នាក់នោះមានឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំរស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ ស្រុកពាមរក៍ ខេត្តព្រៃវែង និងឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
សរសេរមកកាន់លោក ទូច សុខា តាមរយៈsokha@vodhotnews.com