ដោយ សូត សុខប្រាថ្នា
2015-12-25
RFA

សកម្មភាពរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំរាយប៉ាយ ចុះពិនិត្យស្ថានភាពបង្ហូរទឹក ចេញតំបន់មេទឹក នៅភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥។ Photo Provided
ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បារម្ភថាពួកគាត់នឹងអាចត្រូវខ្វះទឹកដាក់ស្រែនៅពេលខាងមុខមិនខានឡើយ។ ក្ដីបារម្ភនេះ ក្រោយពេលតំបន់ប្រភពទឹក ដែលអ្នកភូមិភាគច្រើនខំទប់ទំនប់រក្សាទឹកទុកសម្រាប់ដាក់ស្រែនោះ ត្រូវពលរដ្ឋមួយចំនួនតូចទៅកាប់ទំនប់ ដើម្បីបង្ហូរទឹកចេញទៅវិញ។ បញ្ហានេះ មេឃុំបញ្ជាក់ថា នឹងចាត់វិធានការនៅសប្តាហ៍ក្រោយ។
ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ដែលមានស្រូវស្រែប្រាំងស្ថិតនៅក្រៅតំបន់មេទឹក ឬ ក្រៅប្រភពទឹក នៃបឹងមួយ ហៅបឹងបាក់អង្រុត សម្រេចដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំដើម្បីស្នើឱ្យជួយដោះស្រាយបញ្ហាទឹករបស់ពួកគាត់។ ការស្នើសុំរបស់ប្រជាពលរដ្ឋប្រមាណ១០នាក់ តំណាងឱ្យពលរដ្ឋជិត១០០គ្រួសារនោះ នៅពុំទាន់មានវិធានការនៅឡើយទេ។
ពលរដ្ឋសុំមិនឱ្យបញ្ចេញឈ្មោះម្នាក់និយាយថា សកម្មភាពបង្ហូរទឹកចេញពីតំបន់មេទឹក គឺកើតឡើង ប្រមាណជិត១០ថ្ងៃមកហើយ ។ លោកបន្តថា តំបន់នោះប្រជាពលរដ្ឋប្រមាណ ៨០គ្រួសារ ខំប្រឹងរ៉ៃអង្គាសប្រាក់សម្រាប់ធ្វើទំនប់ កាលពីទឹកមិនទាន់ឡើង ដើម្បីរក្សាទុកទឹកធ្វើស្រែរដូវប្រាំង ប៉ុន្តែនៅពេលទឹកចាប់ផ្តើមស្រក បែរជាមានអ្នកទៅកាប់ទំនប់បង្ហូរទឹកចោលទៅវិញ។ ប្រភពដដែលបន្តថា ការបង្ហូរទឹកចោលនេះ គឺ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ១០០គ្រួសារ ដែលមានដីស្រូវស្រែនៅផ្នែកខាងលើប្រភពទឹក ពីព្រោះស្រូវរបស់ពួកគាត់ខ្លះទើប មូលដើម ស្រែខ្លះទើបផើម រីឯទឹកបឹងវិញ គឺគេបង្ហូរជិតអស់ទៅហើយ៖ «ឆ្នាំទៅហ្នឹងពួកខ្ញុំរៃលុយគ្នា ដើម្បីធ្វើទំនប់ដាច់ដោចហ្នឹងឡើងវិញ ដើម្បីបានទឹកដាក់ស្រូវគ្រប់គ្រាន់ចែកបងប្អូនយើង ហើយមួយចំណែកតូចដែលមាន១២ គ្រួសារទៅកាប់ទម្លាយដើម្បីបង្ហូរទឹកចោល»។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត បញ្ជាក់ថា ពួកគេបានដាក់លិខិតអន្តរាគមន៍ទៅអាជ្ញាធរឃុំឱ្យជួយដោះស្រាយ ប៉ុន្តែមិនទាន់មានលទ្ធផលល្អទេ។ លោកថា ពលរដ្ឋភាគច្រើនអាចត្រូវរងគ្រោះដោយសារខ្វះទឹកដាក់ស្រូវ ប្រសិនបើអាជ្ញាធរមិនជួយទប់ស្កាត់ ហើយលោកក៏មិនចង់ឱ្យទង្វើនេះ កើតឡើងនៅពេលក្រោយៗទៀត ដែរ៖ «ខ្ញុំដាក់ពាក្យបណ្តឹងជាងមួយអាទិត្យហើយ គាត់ចុះមកមើលដែរ តែស្ងាត់ឈឺងអីចឹងទៅ»។
ទាក់ទងបញ្ហានេះ មេឃុំរាយប៉ាយ លោក ហេង ហ៊ាប មានប្រសាសន៍ថា ខាងលោកបានចុះពិនិត្យមើលភាពជាក់ស្តែងម្តងរួចមកហើយ គឺឃើញថាទំនប់បឹងបាក់អង្រុតដែលប្រជាពលរដ្ឋខំទប់កាលពីពេលកន្លងទៅ ត្រូវបានគេទម្លាយដើម្បីបង្ហូរទឹកចេញប្រាកដមែន។ លោកថា អាជ្ញាធរឃុំរវល់ការងារមួយចំនួន ទើបមិនទាន់បានដោះស្រាយបញ្ហានេះ ។ យ៉ាងណាលោកក៏បានប្រាប់ពលរដ្ឋឱ្យនាំគ្នាទប់ទំនប់នោះឡើងវិញ ទម្រាំអាជ្ញាធរកោះហៅប្រជាពលរដ្ឋដែលមានដីស្រែនៅក្នុងតំបន់មេទឹក មកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពបង្ហូរទឹកចេញ ពីតំបន់មេទឹក និងមិនឱ្យមានសកម្មភាពនេះកើតឡើងបន្តទៀតឡើយ៖ «ខ្ញុំនឹងហៅអ្នកទាំង១០នាក់ហ្នឹង មកធ្វើកិច្ចសន្យានៅសប្តាហ៍ក្រោយប្រហែលជាថ្ងៃអង្គារលោកគ្រូ ខ្ញុំ ដាក់ផែនការរួចហើយ»។
លោកមេឃុំបន្ថែមថា បើទោះបីជាមានការបង្ហូរទឹកចេញពីតំបន់ប្រភពទឹកខ្លះក៏ដោយ ប៉ុន្តែវាមិនអាចបង្កឱ្យពលរដ្ឋមានស្រូវស្រែ នៅផ្នែកខាងលើប្រភពទឹកទាំងនោះ ខ្វះទឹកដាក់ស្រែទេ គឺគ្រាន់តែពួកគាត់ត្រូវពិបាកយកទឹក ពីកន្លែងឆ្ងាយពីស្រែរបស់ខ្លួនប៉ុណ្ណោះ។ លោកបញ្ជាក់ថា តាមពិតដីដែលមាននៅក្នុងតំបន់មេទឹកទាំងអស់ មិនអាចក្លាយជាសម្បត្តិផ្ទាល់ខ្លួន ឬជាដីឯកជនរបស់បុគ្គលណាបានទេ ពីព្រោះវាដីបឹង ឬជាដីស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលជលផល។
ជាមួយគ្នានេះ កាលពីថ្ងៃទី ២៣ ធ្នូ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្តីពីវិធានការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់។ ក្នុងសារាចរឱ្យដឹងថា នៅឆ្នាំ២០១៦ ខាងមុខ ប្រទេសកម្ពុជានឹងទទួលឥទ្ធិលបាតុភូតអេនីណូ (El Nino) ឬបាតុភូតក្ដៅ រហូតដល់ចុងខែមិថុនា។ បាតុភូតនេះ ធ្វើឱ្យរដូវវស្សាមកដល់យឺត ហើយនៅដើមរដូវវស្សាមានភ្លៀងធ្លាក់តិចតួច ហើយមានអាកាសធាតុក្តៅហួតហែងជាដើម ហើយស្ថានភាពអាកាសធាតុបែបនេះ នឹងកើតឡើងចាប់ខែកុម្ភ ដល់ ចុងខែមិថុនា។ បញ្ហានេះ នឹងធ្វើកង្វះទឹកប្រើប្រាស់នៅតំបន់មួយចំនួន រហូតដល់ពាក់កណ្តាលខែកក្កដា ២០១៦។
រាជរដ្ឋាភិបាលក៏បាន ណែនាំឱ្យកសិករ គឺ អាចធ្វើស្រូវប្រាំងបានតែមួយដងប៉ុណ្ណោះ ដោយត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំផ្សេងទៀតក្រៅពីស្រូវ។ លើសពីនេះទៀត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមថែរក្សាទឹកទុកឱ្យបានល្អ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្ពុជាអាចនឹងខ្វះទឹកប្រើប្រាស់រយៈពេល៦ខែនៅឆ្នាំ២០១៦ដោយសារបញ្ហារាំងស្ងួត
- លោក ហ៊ុន សែន ស្នើអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់គ្រោះមហន្តរាយ
- ម្នាក់ស្លាប់២នាក់របួសដោយសារបើកម៉ាស៊ីនច្រូតស្រូវជាន់មីនតោននៅបាត់ដំបង
- មន្ត្រី៖ កម្ពុជាអាចដោះស្រាយបញ្ហាប្រឈមដោយសារគ្រោះមហន្តរាយធម្មជាតិបាន
- ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៧២ខ្នងនៅក្រុងសំរោងខេត្តឧត្តរមានជ័យ
- ទឹកជន់ឡើងខ្ពស់នៅឃុំចំនួន៤ក្នុងស្រុកបវេលខេត្តបាត់ដំបង
- ក្រសួងធនធានទឹក៖ កម្ពុជានឹងថយចុះបរិមាណភ្លៀងក្នុងមួយសប្ដាហ៍ខាងមុខ
- ភ្លើងឆេះក្លឹបកម្សាន្តស្កាយផតនៅផ្លូវ២០០៤រាជធានីភ្នំពេញ
- ពលរដ្ឋជាង៣០០គ្រួសារនៅខេត្តបាត់ដំបងកំពុងរងគ្រោះដោយសារទឹកជំនន់