ដោយ ជិន ជេដ្ឋា
2015-12-25
RFA

ផែនទីខេត្តពោធិ៍សាត់ (Photo: RFA)
ចំនួនអ្នកភូមិ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ កើនដល់ជិត៥០នាក់ បន្ទាប់ពីមានអាការពុលដែលគេសង្ស័យថា បណ្ដាលមកពីទទួលទានអាហារ និងភេសជ្ជៈក្នុងពិធីសែនព្រេនមួយកាលពីថ្ងៃទី២១ ខែធ្នូ។ បើទោះជាយ៉ាងណាមន្ត្រីសុខាភិបាលមិនទាន់រកឃើញមូលហេតុពិតប្រាកដ នៃការពុលនេះនៅឡើយទេ។
ប្រជាពលរដ្ឋនៅចំណុចបឹងគូរ នៃភូមិតាំងគោក ឃុំតាលោចំនួន៤៦នាក់ បានបញ្ជូនទៅសង្គ្រោះបន្តបន្ទាប់តាំងពីម៉ោងប្រមាណ៨យប់ថ្ងៃទី២៤ ខែធ្នូ។ ក្នុងនោះមានអ្នកជំងឺចំនួន៣៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន និង៧នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ មកដល់ព្រលប់ថ្ងៃទី២៥ ខែធ្នូ នេះពុំទាន់មានប្រភពណាមួយបញ្ជាក់ថា អ្នកពុលមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។
ទាំង មេភូមិតាំងគោកលោក ហាក់ ផល និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាលោ លោក រ៉ង សុវណ្ណារឿន បញ្ជាក់ស្រដៀងថា នៅថ្ងៃទី២៥ ខែធ្នូ មានអ្នកភូមិម្នាក់ទៀតវ័យ៨៧ឆ្នាំ ឈ្មោះ យឹម វ៉ិត មានអាការពុលធ្ងន់ធ្ងរ ដូចអ្នកភូមិផ្សេងទៀតដែរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកភូមិដែលទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកបាកានភាគច្រើន មានអាការធូរស្រាលវិញហើយ។
ប្រធានមន្ទីរ សុខាភិបាលខេត្តពោធិ៍សាត់លោក ខូយ ឌី បដិសេធមិនអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះទេ នៅថ្ងៃទី២៥ ខែធ្នូ ដោយលោកប្រាប់ថាជាប់រវល់ប្រជុំ។ ប៉ុន្តែនាយប៉ុស្តិ៍ឃុំតាលោ លោក រ៉ង សុវណ្ណារឿន បញ្ជាក់ថា មន្ត្រីសុខាភិបាលមិនទាន់រកឃើញមូលហេតុ នៃការពុលរបស់អ្នកភូមិទេ គ្រាន់តែប្រមូលសំណាកដូចជាទឹកក្រូច ទឹកម្ទេស និងគ្រឿងផ្សំធ្វើម្ហូបក្នុងពិធីសែនព្រេននោះទៅពិសោធន៍៖ «បើតាមយើងធ្វើកំណត់ហេតុពីអ្នកដែលហូបៗនៅថ្ងៃសែនព្រេនហ្នឹង! ស្អែក ឡើងនៅថ្ងៃទី២២ គឺថាមានការរាគរូស ចុកពោះអីចឹងដែរ តែកាលណោះវាអត់ទាន់ធ្ងន់ធ្ងរ ទើបមកយប់ម្សិលមិញ ឃើញមានធ្ងន់ធ្ងរប៉ុន្មានបីបួននាក់នោមមកឈាមវាសំខាន់ ដល់អីចឹងចេះតែមានបន្ត។ បញ្ជូនទៅភ្នំពេញចំនួន៧នាក់ហ្នឹងមានអាការធ្ងន់ធ្ងរតែមួយនាក់ទេ ប៉ុន្ដែអ្នកល្មមៗទៅដែរព្រោះដូចថាជូនបងប្អូនគាត់ទៅផង»។
អ្នកជំងឺម្នាក់ ដែលកំពុងបន្តោងសេរ៉ូមលើគ្រែក្បែរ អ្នកមានអាការពុលជាង៣០នាក់ផ្សេងទៀត នៅក្នុងមន្ទីរពេទ្យបង្អែកបាកាន គឺលោកស្រី យ៉ែម សុខណា ឲ្យដឹងថា ពេលចូលរួមពិធីសែនព្រេននោះលោកស្រីបានទទួលទានស្រាបៀលាយទឹកក្រូច និងអាហារ។ តាំងពីពេលនោះមកលោកស្រីមានអាការអស់កម្លាំង ចុកពោះ និងរាករូស ហើយមានអាការកាន់តែធ្ងន់នៅយប់ថ្ងៃទី២៤ ខែធ្នូ៖ «អត់ទេអត់មានហូបអ្វីផ្សេងផង តាំងពីហូបហ្នឹង (ទឹកក្រូច និងអាហារនៅកន្លែងសែនព្រេន) ឈឺ រហូត។ ដូចជាមិនដឹងជាពុលមកពីមុខស្អី បើហូបម្ហូបផង ស្រាផង ទឹកក្រូចផងលាយឡំគ្នាអីចឹង។ ឥឡូវស្រួលលែងរាកអីហើយមិនដឹងពេទ្យឲ្យចេញទៅផ្ទះពេលណា»។
របាយការណ៍របស់មន្ត្រីកងរាជអាវុធហត្ថ និងការអះអាងរបស់អាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋាន ថា ក្រុមអ្នកភូមិអាចពុលទឹកក្រូចម៉ាកកូកាកូឡា ឬអាហារនៅក្នុងពិធីសែនព្រេនប្ដីប្រពន្ធមួយគូរ នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន។ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បានប្រជុំផ្សព្វផ្សាយទាក់ទងនឹងអនាម័យ និងសុវត្ដិភាពចំណីអាហារដល់ប្រជាពលរដ្ឋ បន្ទាប់ពីមានហេតុការណ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រះសង្ឃ២២អង្គគង់នៅវត្តកូនខ្លុងខេត្តបាត់ដំបងសង្ស័យពុលផ្លែឪឡឹក
- សង្គមស៊ីវិលផ្នែកសុខភាពបន្តពូជព្រួយបារម្ភពីកំណើននៃការរួមភេទក្នុងចំណោមយុវសិស្ស
- “កម្ពុជាគួរពង្រឹងវិស័យអប់រំនិងសុខភាពបន្ថែមទៀត”
- មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបអំពាវនាវសប្បុរសជនឲ្យជួយផ្ដល់មូលនិធិ
- អាជ្ញាធរខេត្តក្រចេះចាត់វិធានការតឹងរ៉ឹងចំពោះអាជីវកម្មផលិតស្រាស
- អ្នកផ្ទុកមេរោគអេដស៍នៅឃុំរកាខេត្តបាត់ដំបងបារម្ភខ្លាចខ្វះខាតថ្នាំលេបពន្យារជីវិត
- មន្ទីរសុខាភិបាលខេត្តសៀមរាបបិទគ្លីនិកឯកជនរបស់ជនជាតិចិនមួយកន្លែងនៅស្រុកក្រឡាញ់
- អាជ្ញាធរស្រុកស្នួលអំពាវនាវអ្នកពុលស្រាសនិងសាច់ឆ្កែទៅព្យាបាលនៅមន្ទីរពេទ្យ
- អ្នកភូមិសន្ទូចខេត្តកំពង់ឆ្នាំងត្អូញត្អែរពីបញ្ហាក្លិនស្អុយនិងផ្សែងពីការដុតសំរាម