
ម៉ូដែលកាត់ខ្មែរអាល្លឺម៉ង់កញ្ញា ម៉ៃយ៉ា និងលោក យឹម ណារ៉ា (កណ្ដាល) ជាពិធីករកំពូលតន្ត្រីប៉ូការីស្វីត។ វុទ្ធី
Fri, 25 December 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ដោយទើបនឹងទទួលបានការគាំទ្រពីអាជីពសិល្បៈដ៏ក្មេងខ្ចី ល្បីវិស័យផ្សព្វផ្សាយផលិតផលជាមួយរូបសម្ផស្សដ៏ស្រស់ផូរផង់ខ្ទង់ច្រមុះស្រួចសមនឹងតំណក់រួមសាសន៍អឺរ៉ុបឪពុកជនជាតិអាល្លឺម៉ង់ ម្តាយជនជាតិខ្មែរនោះ ស្រីស្រស់សម្ដីផ្អែមវ័យ ២០ ឆ្នាំ កញ្ញា ខាហ្គឺម៉ៃយ៉ា សូរ៉ៃយ៉ាម៉ាថា ហៅ ម៉ៃយ៉ា ក៏តោងឱកាសធ្វើជាពិធីការិនីផ្សាយបន្ដផ្ទាល់កម្មវិធីកំពូលតន្ត្រីប៉ូការី ស្វីត របស់ស្ថានីយទូរទស្សន៍ស៊ីធីអិនទាំងមិនធ្លាប់មានបទពិសោធមុននេះ។
បង្ហាញពីឱកាសក្តាប់បានតំណែងជាពិធីការិនីតែមួយប៉ប្រិចភ្នែក ទាំងសម្ដីសារភាពថា «មុននេះខ្ញុំមិនធ្លាប់ធ្វើក្នុងកម្មវិធីណាមួយសោះ» នោះ ម៉ៃយ៉ា បង្ហាញជំហរថា៖ «ខ្ញុំមានភាពជឿជាក់លើខ្លួនឯង ហើយណាមួយមុននេះក៏មានការហាត់សមច្រើន ពីការងារធ្វើពិធីការិនីនេះ ដែលមានការផ្ដល់កម្លាំងចិត្ត និងបទពិសោធពីបងៗជាពិសេសបង ណារ៉ា ដែលគាត់ក៏ជាពិធីករដៃគូក្នុងកម្មវិធីកំពូលតន្ត្រី ប៉ូការី ស្វីតនេះ»។
ពិធីការិនីផ្ដើមចេញពីអាជីពនារីម៉ូដែលរូបនេះបញ្ជាក់ថា៖ «ក្នុងអាជីពសិល្បៈក្មេងខ្ចីរបស់ខ្ញុំនេះ មិនធ្លាប់បានថតភាពយន្ដទេ ព្រោះខ្ញុំមិនទទួល ប៉ុន្តែបើនិយាយពីថតស្ប៉តផ្សព្វផ្សាយផលិតផលគឺច្រើន។ ដូច្នេះភាពស៊ាំនឹងកាមេរ៉ា ក៏ច្រើនហើយដែរ ហើយខ្ញុំក៏មានភាពជឿជាក់លើសមត្ថភាពថាខ្ញុំនឹងធ្វើពិធីការិនីនេះឲ្យបានល្អ»។
កំពូលតន្ត្រីប៉ូការីស្វីត គឺជាកម្មវិធីកម្សាន្ដទី ២ របស់ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី បន្ទាប់កម្មវិធីប្រគំតន្ត្រីទុយោទឹកខេអេភី ដែលប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃល្ងាចថ្ងៃអាទិត្យ។
បង្ហាញពីជំហរកម្មវិធីកម្សាន្ដទី ២ ដែលទើបនឹងចាប់កំណើតឡើង ដែលទទួលបានការគាំទ្រផ្តាច់មុខពីភេសជ្ជៈ ប៉ូការីស្វីត លោក សេត គឹមសឿន អ្នកគ្រប់គ្រងកម្មវិធីនេះ បានថ្លែងថា៖ «ខ្ញុំសម្រេចយកកញ្ញា ម៉ៃយ៉ា មកធ្វើជាពិធីការិនី នោះ ដោយសារតែមើលឃើញថានាងជាតារាវ័យក្មេងម្នាក់កំពុងទទួលបានប្រជាប្រិយភាពលើវិថី សិល្បៈខ្លាំង ទាំងបទពិសោធសិល្បៈនាងនៅខ្ចី។ ប៉ុន្តែនាងទទួលបានការគាំទ្រច្រើន»។
លោកបន្ដថា៖ «ជាមួយរូបសម្ផស្ស និងសមត្ថភាពចំណេះដឹងរបស់នាង នាងអាចធ្វើជាពិធីការិនីបាន»។
ទន្ទឹមនឹងការលើកសរសើរពីពិធីការិនីកម្មវិធីរបស់ខ្លួននោះ អ្នកផលិតកម្មវិធីកម្សាន្ដរបស់ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍ព័ត៌មានរូបនេះបានប្រាប់ឲ្យដឹងដែរថា៖ «កម្មវិធីប្រគំតន្ត្រី កំពូលតន្ត្រី ប៉ូការី ស្វីត នេះនឹងចាប់ផ្តើមដំណើរការនៅរៀងរាល់ល្ងាចថ្ងៃសុក្រ ពីម៉ោង ៧ ដល់ ៩ យប់»។
ក្រៅពីនាំនូវតន្ត្រីជាការកម្សាន្ដលោក សេត គឹមសឿន ក៏បានប្រាប់ឲ្យដឹងទៀតថា៖ «កំពូលតន្ត្រី ប៉ូការីស្វីតនេះ ប្រជុំដោយសិល្បៈចម្រៀង ពិសេសគឺក្រុមកំប្លែងប្រចាំស៊ីធីអិនក៏មានវត្តមានសម្តែងកំប្លែងនៅចុងកម្មវិធីដែរ»៕
