តំបន់​ទេសច​រណ៍​សហ​គមន៍​ ​រលួស​ធំ ​សម្ងំ​ខ្លួន​នៅ​ជាយដែន

បឹង​​នៅ​ក្នុង​តំបន់​ទេសចរណ៍​សហគមន៍រ​លួស​ធំ​ មាន​ប្រភព​ទឹកហូរ​ពីជួរ​ភ្នំ​ដងរែក​។ ហ្វេសប៊ុក

បឹង​​នៅ​ក្នុង​តំបន់​ទេសចរណ៍​សហគមន៍រ​លួស​ធំ​ មាន​ប្រភព​ទឹកហូរ​ពីជួរ​ភ្នំ​ដងរែក​។ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ឧត្ដរមានជ័យ: សឹង​តែ​មិន​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ខ្មែរ​មានឱកាស​បាន​ឃើញ ឬ​ស្គាល់​​នូវ​ទេស​ភាព​ដ៏​អស្ចារ្យ នឹក​ស្មាន​មិន​ដល់​ថា​គឺមាន​ពិតនៅ​​ប្រទេស​​ខ្មែរ​នោះ​ឡើយ​ជា​មួយ​នឹង​បណ្តុំ​ថ្ម ដី​​ដុះ​ច្រូង​ច្រាង​ពណ៌មាស ​ដែល​​ហ៊ុម​ព័ទ្ធ​​ដោយ​ព្រៃរបោះ​​តូច​ធំ​ និង​ស្មៅ​កម្រ​ម្យ៉ាង​​ដុះ​នៅជាប់​ផ្ទាំង​ថ្មនោះ​គឺ​ជា​តំបន់​រមណីយ​ដ្ឋាន​​ទេសចរណ៍​សហ​គមន៍​រលួស​ធំ។

រមណីយ​ដ្ឋាននេះ​​ស្ថិត​នៅក្នុង​ភូមិ​ខ្នាច​ឫស្សី សង្កាត់បន្សាយរាក់ ក្រុង​សំរោង​ ខេត្ត​ឧត្តរមាន​ជ័យ​ នៅ​ភាគ​​ខាង​​ជើង​ឆៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា​ ​មានទំហំដី​ទទឹង​ប្រហែលជា​ ​៨ គីឡូម៉ែត្រ និងបណ្តោយ​ប្រហែល ១០ គីឡូម៉ែត្រ មាន​ចម្ងាយ​ ​៤៣៩ គីឡូម៉ែត្រ​ពីភ្នំពេញ​ នៅ​​ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃខណ្ឌ​​ដោយ​ជួរ​ភ្នំ​ដង​រែក​។


ផ្ទាំង​ដីដុះ លាយ​រុក្ខ​ជាតិ​​តូចៗ​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​សហ​គមន៍​រលួសធំ​ ខេត្ត​ឧតរ​មានជ័យ។ ហ្វេសប៊ុក

ផ្ទាំង​ដីដុះ លាយ​រុក្ខ​ជាតិ​​តូចៗ​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​សហ​គមន៍​រលួសធំ​ ខេត្ត​ឧតរ​មានជ័យ។ ហ្វេសប៊ុក

លោក ហុក សំវិជ្ជា ដែល​អតីត​ជា​អនុប្រធាន​មន្ទីរ​ទេស​ចរណ៍​នៅ​ខេត្ត​ឧត្តរ​មានជ័យ និង​បច្ចុប្បន្ន​ជា​ប្រធាន​ការិយា​ល័យ​អប់រំ និង​បណ្តុះ​បណ្តាល​នៃ​មន្ទីរទេសចរណ៍​ខេត្ត​សៀមរាប បាន​​ឲ្យ​ដឹង​ថា៖ «សហគមន៍​រលួសធំ​នេះ​នៅ​មិន​ឆ្ងាយ​ពី​ទី​ប្រជុំជន​ឡើយ​ គឺ​ចម្ងាយ​ប្រមាណ​ជា ១៨ គីឡូ​ម៉ែត្រ​ពី​ក្រុង​សំរោង។ នេះគឺ​ជា​រមណីយ​ដ្ឋាន​ទេសចរណ៍​ធម្មជាតិពិត​​ ​មានទេស​ភាព​ដ៏​ស្រស់​ស្អាត​​កម្រ​​មាន​ណាស់​។ ហើយទេស​ភាព​បែប​នេះ ពេញ​និយម​នៃ​ក្រុម​ទេសចរ​បែប​ផ្សង​ព្រេង​ មិនចាញ់​​តំបន់​នៅអឺរ៉ុប ឬអាមេរិក​ប៉ុន្មាន​ទេ»។

លោក​បន្ដ​ថា៖ «​បណ្តុំ​ផ្ទាំង​ដី​ដុះច្រូង​ច្រាង​ទាំង​នោះ​​គឺ​ជា​សំណល់​ដី​ឥដ្ឋ ​​សល់​ពី​ការ​ហូរ​ច្រោះរបស់​ទឹក​ដែល​មានប្រភព​ចេញ​ពី​ជួរ​ភ្នំ​ដង​រែក​ដោយ​វា​ជា​ប្រភេទ​ដីល្បាយ​ដី​​ឥដ្ឋ និង​​ដី​ខ្សាច់ ហើយ​ពេល​ទឹក​ហូរ​ច្រោះ​វាក៏របេះ​នាំ​ដី​ខ្សាច់​​នៅសល់​តែ​ដី​ឥដ្ឋ​​។ ចំណែក​ផ្ទាំង​ថ្មជា​ប្រភេទ​ថ្ម​មាន​អាយុ​កាល​ចាស់​ជាង​គេ​នៅ​ជួរ​ភ្នំ​ដង​រែក​ ខណៈ​​ព្រៃ​​របោះ​ក្រាស់​ៗច្រើន​​សម្រាប់​ជា​ជម្រក​សត្វ​ទាំង​ឡាយ​។ ឯ​​បឹងមាន​​ច្រើន​​នៅ​​ព័ទ្ធ​ជុំ​វិញ​សហ​គមន៍នេះ»។

ទោះ​ជា​សហ​គមន៍​រលួសធំនេះ​​មាន​ទេស​ភាព​ល្អ​យ៉ាងណា​ក្តី ភាព​មិន​សូវ​មាន​គេ​ស្គាល់ ឬ​ភ្ញៀវ​ទៅកម្សាន្ដ​ដល់​​នោះ​ទំនង​ជា​មាន​មូល​ហេតុ​រាំង​ស្ទះ​ខ្លះៗ​ហើយ ​ជា​ពិសេសលើ​ផ្នែក​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ និងធន​ធាន​​គំនិត​ដើម្បី​​កែច្នៃ​​អភិវឌ្ឍសហ​គមន៍​នេះ​ឲ្យ​បាន​រីក​ចម្រើន​តែ​ម្ដង​។ ​


ផ្ទាំង​ដីដុះរាង​ខ្ពស់​ស្ថិត​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​សហ​គមន៍​រលួសធំ​ ខេត្ត​ឧតរ​មានជ័យ​។ ហ្វេសប៊ុក

ផ្ទាំង​ដីដុះរាង​ខ្ពស់​ស្ថិត​នៅ​ក្នុង​តំបន់​ទេស​ចរណ៍​សហ​គមន៍​រលួសធំ​ ខេត្ត​ឧតរ​មានជ័យ​។ ហ្វេសប៊ុក

បើ​តាម​លោកគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​មួយនៅ​​ក្នុង​ក្រុង​សំរោង​ម្នាក់​ដែល​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​លើក​ឡើថា៖ «ទី​នេះ​ល្អ​មែន​! តែ​មិន​សូវ​សម្បូរ​ទេស​ចរមកកម្សាន្ដ​ប៉ុន្មាន​ឡើយ​ ដោយ​សារ​ផ្លូវចូល​ទៅ​ទី​នោះមិន​ទាន់​ល្អប្រសើរ​​ ហើយ​តាម​ផ្លូវ​ចូល​​នៅ​ខ្វះ​ការ​លើកដាក់​​ស្លាកសញ្ញា ឬ​ដាក់​អក្សរ​សញ្ញា​​បង្ហាញ​តាមផ្លូវចូល ដែល​ជា​ហេតុ​អាច​ឲ្យ​ទេស​ចរ​ងាយ​​វង្វេង​ផ្លូវ សូម្បី​តែ​ទេស​ចរ​ក្នុង​​ស្រុក​ទៅ​លេង​​តិច​តួច​ណាស់ មានតែ​ក្នុង​រដូវ​កាល​បុណ្យទាន​ប៉ុណ្ណោះ​»។

ចំណែក​លោក ​ ហុក សំវិជ្ជា ក៏​មាន​ប្រសាសន៍​ដែរ​ថា៖ «ពិត​ជា​មិន​​ទាន់​មាន​ស្លាក​សញ្ញា ឬ​អក្សរ​សញ្ញា​បង្ហា​ញផ្លូវ​ទៅ​ទី​នោះ​មែន!​ អាជ្ញា​ធរដែន​ដី​ ​ពិសេស​មន្ទីរ​ទេស​ចរណ៍​ខេត្ត ​គួរ​​តែ​គិត​គូរ​រឿង​នេះ​ឲ្យ​បាន​ល្អ ព្រោះថា​វាជា​ប្រភព​ស្រូបមួយ​យក​​ភ្ញៀវ​ទេសចរ​ក្រៅតំបន់ និង​​ក្នុង​តំបន់​បាន​ច្រើន​ឲ្យ​​មក​ទស្សនា​។​ ឆ្លៀតឱកាស​នេះ ខ្ញុំ​​ក៏​​សំណូមពរ​ទៅ​ដល់​ខាង​បណ្តាញ​ផ្សព្វផ្សាយ ​នានា មេត្តា​ជួយ​ចុះ​ផ្សាយ​​តំបន់​នេះ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ស្គាល់​ និង​ទៅ​កម្សាន្ដ​ច្រើន​ផង​ដែរ»។

អ្នក​ស្រី ធិន្នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ឧត្តរមាន​ជ័យ មិន​បាន​ផ្ដល់​​ការ​បរិយាយ​យ៉ាង​ណា​ពីតំបន់​សហ​គមន៍​រលួសធំ​នេះ​ឡើយ ដោយ​បាន​លើកទូរ​ស័ព្ទ​​ហើយក៏​មាន​ប្រសាសន៍​​ថា ជាប់​រវល់​ប្រជុំ៕​


What Next?

Recent Articles