ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី26 ធ្នូ 2015
http://vodhotnews.com
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស រិះគន់មន្ត្រីតុលាការ ខេត្តស្វាយរៀងថា បានរំលោភនីតិវិធីច្បាប់ លើចំណាត់ការបញ្ជាឲ្យឃុំខ្លួនជនត្រូវចោទ ជាអ្នកបើករថយន្ត៦នាក់ ដឹកកម្មករនៅក្រុងបាវិត ដែលសមត្ថកិច្ចចោទថា ជាប់ពាក់ព័ន្ធនឹងធ្វើបាតុកម្ម ហិង្សា បង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ។
កាលពីថ្ងៃទី ២៤ ខែធ្នូ អ្នកបើករថយន្តដឹកកម្មករន៦នាក់ ត្រូវចៅក្រមស៊ើបសួរនៅសាលាដំបូងខេត្តស្វាយរៀង បញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តនេះ ដោយចោទថា ញុះញង់ឲ្យមានហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈនិងឯកជន។
មន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន បានរិះគន់ថា ការឃុំខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកថា មន្ត្រីតុលាការធ្វើឡើងតាមការសំអាងតគ្នា មិនបានចុះស៊ើបអង្កេតដល់កន្លែងកើតហេតុ រកភស្តុងតាងទេ។
មន្ត្រីសង្គមស៊ីវិលរូបនោះអះអាងទៀតថា ពេលនេះក្រុមការងារលោកបានផ្តល់មេធាវីការពារក្តី តាមការស្នើសុំរបស់ក្រុមគ្រួសារ ជនសង្ស័យ ដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់។
លោកបន្ថែមថា៖ “គ្រាន់តែទទួលចម្លើយពីការឆ្លើយដាក់របស់មនុស្សម្នាក់ហើយទៅចាប់គេ យកគេមកសួរហើយបញ្ជូនទៅតុលាការ ហើយឃុំខ្លួនដោយអត់បានប្រើរយៈពេលបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ថាតើអ្នកហ្នឹងគាត់អត់បានចូលរួមទេ តែគាត់មានទំនាស់ជាមួយម្នាក់ហ្នឹង រឿងដណ្ដើមម៉ូយកម្មករអញ្ចឹងទៅ ចឹងគាត់មានគំនុំខ្លួនឯងចឹងចេះតែឆ្លើយដាក់ ចឹងអាចគ្នាជាប់គុកដោយអយុត្តិធម៌ដែរ”។
ភរិយាជនជនត្រូវចោទមួយរូបគឺ អ្នកស្រី ស្រី មករា និយាយថា ប្ដីគាត់ឈ្មោះ ពេន សម្បត្តិគ្រាន់តែជាអ្នកបើករថយន្តដឹងកម្មករប៉ុណ្ណោះ។ ស្ត្រីរូបនោះថា ប្ដីរបស់អ្នកស្រីមិនជាប់ពាក់ពន្ធ័នឹងការប្រើហិង្សាដូចការចោទប្រកាន់របស់តុលាការទេ ។
អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង លោក ទេព ផល្លា អះអាងថា ករណីនេះជនត្រូវចោទ ស្ថិតក្នុងបទមជ្ឈិម លោកថាដូចនេះ ចៅក្រមស៊ើបសួរ អាចធ្វើការឃុំខ្លួនពី៤ ទៅ ៦ខែ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។
គួររំលឹកថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ផ្ទួនៗថ្កោលទោស ទៅលើក្រុមអ្នកតវ៉ានោះ និងបានអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធិភាព ដោយចាត់ទុកថាបាតុកម្មហិង្សានោះបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគ។
ក្រោយពីផ្ទុះការតវ៉ានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូនោះ ជនសង្ស័យ១០នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ចំណែកឯការទាមទាររបស់ក្រុមអ្នកតវ៉ា រាប់ពាន់នាក់កន្លងទៅ ចប់បានប្រាក់ឈ្នួលគោល សម្រាប់ឆ្នាំ២០១៦ លើសពី១៤០ដុល្លារក្នុងមួយខែនោះ មិនត្រូវបានឆ្លើយតបទេ ហើយពេលនេះ កម្មករដែលធា្លប់ចេញតវ៉ានោះបានសម្រេចចិត្តចូលធ្វើដូចធម្មតាវិញ។
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com