ដោយ៖ លី បេឡា | ថ្ងៃសៅរ៍ ទី26 ធ្នូ 2015, 05:19 PM
http://vodhotnews.com
តុលាការ និងក្រសួងយុត្តិធម៌ នូវមិនទាន់ទម្លាយឲ្យដឹងពីមូលហេតុដែលទណ្ឌិត ឈូក បណ្ឌិត អាចប្តូរកន្លែងឃុំខ្លួន ពីខេត្តស្វាយរៀង មកភ្នំពេញវិញនៅឡើយទេ បើទោះបីខ្មាន់កាំភ្លើងបាញ់កម្មកររូបនោះ ត្រូវគេបញ្ជូនចេញ ជិតមួយខែហើយក៏ដោយ។
ទណ្ឌិត ឈូក បណ្ឌិត ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ បន្ទាប់ពីរកឃើញថា អតីតអភិបាលក្រុងបាវិតរូបនោះ បានដកកាំភ្លើងខ្លី របស់ខ្លួនបាញ់រះកម្មករ ៣នាក់ឲ្យរងរបួសធ្ងន់ ក្នុងហេតុការបង្ក្រាបបាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ប៉ុន្តែខ្មាន់កាំភ្លើងរូបនោះ បានគេផុតពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចជិត៣ឆ្នាំ ទើបបង្ហាញខ្លួន ចេញទទួលទោស តាមសាលដីការ នៅខេត្តស្វាយរៀង កាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពី នាយករដ្ឋមន្ត្រីមានការរំឭកពីវិធានការចាប់ខ្លួន។
នៅថ្ងៃសៅរ៍នេះ កាសែតក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថា ទណ្ឌិត ឈូក បណ្ឌិត ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារខេត្តស្វាយរៀងជិត១ខែហើយ មកឃុំខ្លួននៅពន្ធនាគារព្រៃស ក្នុងរាជធាណីភ្នំពេញវិញ ។
ហើយពេលនេះ អតីតអភិបាលក្រុងបាវិតជាទណ្ឌិតរូបនោះ ត្រូវបានបញ្ជូនចេញមកព្យាបាល នៅមន្ទីរពេទ្យខ្មែរសូវៀត ដោយមានជម្ងឺច្រើនមុខ ដូចជាជម្ងឺបេះដូង ទឹកនោមផ្អែម និងលើសឈាន ជាដើម។ ប៉ុន្តែឆ្មាំគុកបានយាមកាម ទណ្ឌិតនោះ យ៉ាងតឹងតែង មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌ណាម្នាក់ បានសម្ភាស ឬថតរូបទណ្ឌិត ដែលអះអាងថាឈឺនោះបានទេ។
អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង លោក ទេព ផល្លា សុំមិនធ្វើអត្ថាធិប្បាយរឿងនេះ ដោយជំរុញឲ្យទៅសួរក្រសួងយុត្តិធម៌ជំនួសវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោកក៏មិនទាន់បានដឹងពីបញ្ហានេះច្បាស់នៅឡើយទេ។ លោកបន្ថែមថា អ្វីដែលលោកដឹង គឺទណ្ឌិតរូបនោះមានបញ្ហាជំងឺ ហើយមេធាវីរបស់លោកស្នើសុំផ្លាស់ប្តូរមកឃុំឃាំងនៅឯភ្នំពេញវិញដើម្បីព្យាបាលជំងឺ។
លោកបន្ថែមថា៖“អាហ្នឹងជូនកាលទៅតាមស្ថានភាពរបស់អ្នកទោសនីមួយៗ សុខភាពរបស់គាត់ គាត់ត្រូវការកន្លែងព្យាបាលឲ្យបានប្រសើរជាងហ្នឹង ដោយសារស្ថានភាពជំងឺក៏យើងអាចធ្វើការផ្លាស់ប្តូរពីពន្ធនាគាមួយទៅពន្ធនាគាមួយទៀតបានដែរកន្លងមក”។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោកអំ សំអាត មានប្រសាសន៍ថា អ្នកមានលុយមានអំណាច ជាប់ឃុំនៅក្នុងពន្ធនាគាព្រៃស កន្លងមកហាក់ដូចជាមានភាពធូររលុង និងមានការរស់នៅស្រួល។
លោកថា ការផ្លាស់ប្តូរឈូក បណ្ឌិត មកភ្នំពេញនេះ អាចជាការងាយស្រួល ក្នុងការទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ទណ្ឌិត។
លោកបន្ថែមថា៖ “ការផ្លាស់ប្តូរពីកន្លែងឃុំឃាំងមួយទៅកន្លែងមួយទៀតអ្នកមានលុយមានខ្នងបង្អែកហាក់ដូចជាមានភាពងាយក្នុងការផ្លាស់ប្តូរនិងជ្រើសកន្លែងស្នាក់នៅដែលធំទូលាយជាងប្រជាពលរដ្ឋធម្មតា”។
បើតាមលោក អំ សំអាត បើគ្មានការព្រមានពីលោកនាយករដ្ឋមន្ត្រីទេ ទំនងជាទណ្ឌិតជាអតីតអភិបាលក្រុងបាវិត រូបនោះនឹងមិនចេញមកទទួលទោសទេស៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
ចង់សួរទៅលោកអ្នកនាំពាក្យនោះបន្តិច ចុះកាល វ៉ន ពៅ ពេលគ្នាឈឺស្រែកសុំការព្យាបាល តើពេលនោះត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិជ្រើសរើសដែរទ? ចេះតែនិយាយឱ្យតែបានឮមែននេះ! ចេះតែភ្លេចហ្មងអាក្អូន!