ដោយ ហង្ស សាវយុត
2015-12-26
RFA

អ្នកស្រាវជ្រាវបញ្ហាសង្គមនិងនយោបាយ លោក កែម ឡី ចូលរួមនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥។ RFA
កម្ពុជាគឺជាប្រទេសមួយដែលទើបតែទទួលបានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បន្ទាប់ក្រុមជម្លោះខ្មែរ ៤ភាគី សុខចិត្តចរចាបញ្ចប់សង្គ្រាមស៊ីវិល ហើយមានការបោះឆ្នោតបង្កើតបានរដ្ឋាភិបាលចម្រុះមួយកាលពីឆ្នាំ១៩៩៣ មក។
ថ្វីត្បិតតែច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ចែងថា ប្រទេសនេះប្រកាន់យករបបប្រជាធិបតេយ្យសេរីក៏ដោយ ក៏ប៉ុន្តែអ្នកតាមដានសង្គមមើលឃើញថា រដ្ឋាភិបាលបច្ចុប្បន្ន គឺបានងាកទៅទាក់ទងជាមួយបណ្ដាប្រទេសកុម្មុយនិស្តជាងការទាក់ទងជាមួយប្រទេសសេរី។
តើការស្និទ្ធស្នាលជាមួយប្រទេសកុម្មុយនិស្តច្រើននេះ អាចនឹងធ្វើឱ្យមានបញ្ហាដល់កម្ពុជា ដែលកំពុងតែប្រកាន់យករបបប្រជាធិបតេយ្យសេរីដែរ ឬទេ?
អ្នកឃ្លាំមើលដំណើរនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា កំពុងព្រួយបារម្ភខ្លាចក្រែងរដ្ឋាភិបាលអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សមិនត្រឹមត្រូវ សម្រាប់ពេលទៅមុខទៀត ដោយសារតែបច្ចុប្បន្ន គេសម្លឹងឃើញគណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាន់អំណាចបានងាកទៅទាក់ទងជាមួយប្រទេសកុម្មុយនិស្តជាជាងការទាក់ទងជាមួយប្រទេសសេរី។
អ្នកវិភាគបញ្ហាសង្គមខ្មែរ ១រូប គឺលោកបណ្ឌិត កែម ឡី។ លោកមានប្រសាសន៍កាលពីថ្ងៃទី២៣ ខែធ្នូ ថា លោកកំពុងមានការព្រួយបារម្ភចំពោះសង្គមកម្ពុជា ពីព្រោះថា បច្ចុប្បន្នលោកឃើញរដ្ឋាភិបាលបានទាក់ទងជាមួយនឹងបណ្ដាប្រទេសកុម្មុយនិស្តច្រើនជាងការទោរទន់ទៅរកប្រទេសសេរី ដែលជាប្រទេសគោរពច្បាប់ និងសិទ្ធិមនុស្សត្រឹមត្រូវ។
លោក កែម ឡី បញ្ជាក់ថា ពេលបច្ចុប្បន្ន លោកឃើញរដ្ឋាភិបាលកម្ពុជា ហាក់ដូចជាដើរថយក្រោយក្នុងការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលគួរឱ្យព្រួយបារម្ភ៖ «រដ្ឋាភិបាលហាក់ដូចជាដើរមិនទៅរួចជាមួយនឹងប្រទេសសេរី ហើយហក់ទៅចាប់ចិន ខ្លាំង ទៅចាប់វៀតណាម ខ្លាំង។ ថ្មីៗនេះចាប់ទាក់ទងជាមួយសូវៀត ហើយបើកចំហជាមួយកូរ៉េខាងជើងទៀត»។
ការលើកឡើងរបស់អ្នកវិភាគបញ្ហាសង្គមនេះ គឺបន្ទាប់ពីក្រុមហ៊ុនកូរ៉េខាងជើង មួយដែលជាបក្សកុម្មុយនិស្តនៅតំបន់អាស៊ីបូព៌ា បានបោះទុនវិនិយោគក្នុងទឹកប្រាក់ ២៤លានដុល្លារអាមេរិក មកធ្វើសារមន្ទីរសព្វទស្សន៍ដ៏ល្អមួយ រកស៊ីនៅខេត្តសៀមរាប ព្រមទាំងមានក្រុមហ៊ុនចិន និងវៀតណាម ជាច្រើនទៀតក៏កំពុងវិនិយោគនៅកម្ពុជា ដែរនោះ។ ក៏ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចវិញ យល់ឃើញថា តាមទ្រឹស្ដី បើសិនជាគិតតែពីរើសអើងទៅលើនិន្នាការសេរី ឬក៏កុម្មុយនិស្តពេកនោះ ក៏វាមិនត្រឹមត្រូវប៉ុន្មានទេ។ អ្នកសេដ្ឋកិច្ចយល់ថា ការទាក់ទងប្រទេសមួយដើម្បីលើកទឹកចិត្តឱ្យមកវិនិយោគនៅកម្ពុជា តាមទ្រឹស្ដីសេដ្ឋកិច្ច គឺមិនបានរើសអើងថា អ្នកវិនិយោគនោះមកពីប្រទេសសេរី ឬក៏កុម្មុយនិស្តឡើយ សំខាន់គឺឱ្យតែការវិនិយោគបានបម្រើផលប្រយោជន៍សង្គម និងប្រទេសកម្ពុជា។
ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ចាន់ សុផល មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលកម្ពុជា ទាក់ទងជាមួយប្រទេសកុម្មុយនិស្តធំៗ ដូចជាចិន រុស្ស៊ី កូរ៉េខាងជើង ឬក៏វៀតណាម ដើម្បីផលប្រយោជន៍ស្វែងរកអ្នកវិនិយោគទុននោះ គឺមិនមានអ្វីខុសទេ ពីព្រោះប្រទេសសេរីធំៗ ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ជាដើម ក៏ងាកទៅទាក់ទងជាមួយប្រទេសចិន ដើម្បីសេដ្ឋកិច្ចដែរ។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់ឃើញថា មកដល់ពេលបច្ចុប្បន្ន និយមន័យថ្មីរបស់ពិភពលោក គឺលែងនិយាយអំពីប្រទេសណាកុម្មុយនិស្ត ឬក៏សេរីទៅហើយ បើសិនជាគិតទៅដល់ការបណ្ដាក់ទុករកស៊ី ឬក៏គិតទៅដល់បញ្ហាសេដ្ឋកិច្ចនោះ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងរួចទៅហើយ ថាកម្ពុជា គឺប្រកាន់យកនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះថ្វីត្បិតតែរដ្ឋាភិបាល មានការទាក់ទងជាមួយប្រទេសកុម្មុយនិស្ត ជាច្រើនក្តី ក៏មិនមានអ្វីគួរឱ្យព្រួយបារម្ភចំពោះការបាត់បង់ប្រជាធិបតេយ្យនៅកម្ពុជា ទេ ពីព្រោះរដ្ឋាភិបាលដែលភ្ជាប់ការទំនាក់ទំនងជាមួយប្រទេសកុម្មុយនិស្តនោះ ក្នុងគោលបំណងអូសទាញតែអ្នកវិនិយោគដើម្បីកំណើនសេដ្ឋកិច្ចប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន៖ «លុយ គឺអត់មានក្លិនទេ ហើយការបណ្ដាក់ទុនរបស់ពួកគេក៏ស្ថិតនៅក្នុងច្បាប់របស់ប្រទេសយើងដែរ។ ដូចរដ្ឋធម្មនុញ្ញបាននិយាយច្បាស់ណាស់ថា កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី និងគោរពសិទ្ធិមនុស្ស»។
ទោះយ៉ាងណា អ្នកឃ្លាំមើលការគោរពសិទ្ធិមនុស្សរបស់អង្គការក្រៅរដ្ឋាភិបាលយល់ថា បើនិយាយពីទ្រឹស្ដីសេដ្ឋកិច្ចក្នុងការកៀរគររកអ្នកវិនិយោគទុនឱ្យចូលមករកស៊ីគឺមិនត្រូវប្រកាន់ថា អ្នកនោះមកពីប្រទេសកុម្មុយនិស្ត ឬក៏សេរីពិតមែន ក៏ប៉ុន្តែគេសង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលហាក់ធ្វើឱ្យដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានថយក្រោយបន្តិច។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា មានប្រសាសន៍ថា មួយរយៈពេលចុងក្រោយនេះនៅកម្ពុជា គឺមានភាពតានតឹងផ្នែកនយោបាយដោយមានការវាយសំពងលើរាងកាយរបស់សមាជិកសភាមកពីគណបក្សប្រឆាំង ការដកហូតអភ័យឯកសិទ្ធិសភាពីមេបក្សប្រឆាំង ព្រមទាំងការគំរាមកំហែង និងចាប់ខ្លួនសមាជិកគណបក្សប្រឆាំងមួយទៀតដាក់ពន្ធនាគារ រួមទាំងការមិនដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ។ ទាំងអស់នេះកំពុងធ្វើឱ្យសង្គមស៊ីវិលព្រួយបារម្ភ។
លោក នី ចរិយា៖ «យើងថា លទ្ធិប្រជាធិបតេយ្យអាចដើរថយក្រោយក៏ថាបាន ក៏ប៉ុន្តែខ្ញុំគិតថា ការគោរពសិទ្ធិមនុស្សកាន់តែមានបាតុភាពមិនសូវល្អឡើងៗ»។
ការលើកឡើងរបស់សកម្មជនការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល គឺដូចគ្នាទៅនឹងសភាអឺរ៉ុប ដែលព្រួយបារម្ភជុំវិញដំណើរលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែរ។
កាលពីខែវិច្ឆិកា កន្លងទៅ សភាអឺរ៉ុប អំពាវនាវឱ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការប្រើអំណាចនយោបាយគ្របដណ្ដប់ទៅលើប្រព័ន្ធតុលាការ និងបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនការពារសិទ្ធិមនុស្ស។ សភាអឺរ៉ុបចង់ឃើញអាជ្ញាធរកម្ពុជា គោរពតាមរដ្ឋធម្មនុញ្ញដែលមានចែងអំពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរីភាពបញ្ចេញមតិ និងសេរីភាពនៃការជួបប្រជុំ ពិសេសអំពីសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋគ្រប់រូបឱ្យបានពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ឈូក បណ្ឌិត ត្រូវបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី
- អាជ្ញាធរមិនអនុញ្ញាតឲ្យមានពិធីដង្ហែក្បួនក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
- អាជ្ញាធរឥណ្ឌូនេស៊ីដោះលែងពលករខ្មែរ១០នាក់ឲ្យត្រឡប់មកស្រុកវិញ
- វិទ្យុសហគមន៍ខេត្តកំពង់ឆ្នាំងស្វែងរកការគាំទ្រពីពលរដ្ឋដើម្បីបន្ថែមកម្មវិធីផ្សាយ
- មន្ត្រីសិទ្ធិមនុស្សប្រតិកម្មរឿងតុលាការតម្រូវឲ្យពលរដ្ឋធ្វើកិច្ចសន្យាឈប់តវ៉ារឿងដី
- របាយការណ៍៖ ៦២%នៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាធ្លាប់រងការគំរាមកំហែង
- អ្នកឃុំរកាទទួលការអប់រំកុំឲ្យរើសអើងអ្នកផ្ទុកមេរោគអេដស៍
- ស្ត្រីម្ចាស់រូបលើអគារប៊ូឌីងសោកស្ដាយការដែលសាលាក្រុងលុបរូបអ្នកស្រីចោល
- អាដហុកបង្រៀនឱ្យអ្នកធ្លាប់មានទំនាស់ដីយល់ដឹងពីសិទ្ធិមនុស្សនិងការតស៊ូមតិ
Shared Comment
កងទ័ពប្រជាជនវៀតណាមកាន់កាប់ដីខ្មែរតាមខ្សែបន្ទាត់ព្រំដែនខ្មែរយួនដែលជាដីសម្បទានសេដ្ឋកិច្ច៤ម៉ឺនហិចតានៅខេត្តរតនគីរីយួនស៊ីដាច់ថាដីរបស់គេ
https://www.cambodiadaily.com/grandconcessions/
ទឹកដីព្រំដែនខ្មែរយួនខេត្តរតនគីរីជាង៤ម៉ឺនហិចតាត្រូវបានកងទ័ពប្រជាជនយួនគ្រប់គ្រងកាន់កាប់ដោយខុសច្បាប់ ដោយសារតែរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំទៅឲក្រុមហ៊ុនយួនអភិវឌ្ឈន៍ ។ យួនមិនចោលក្បួនចាស់ទេ ប្រើល្បិចស៊ីដាច់ដីខ្មែរដដែលៗក្រោមរូបភាពខ្ចី រូបភាពជួលដី រូបភាពរំកិលព្រំដែន រូបភាពបញ្ជូនប្រជាជនខ្លួនឲមករស់នៅតាមព្រំដែនខ្មែរ ជាដើម ដូចជាទឹកដីខ្មែរកម្ពុជាក្រោម យួនប្រើល្បិចខ្ចីដីខ្មែរ៥ឆ្នាំដើម្បីធ្វើស្រែដោយសារស្តេចខ្មែរ ជ័យជេដ្ឋាទី២យកប្រពន្ធយួន ស្រីយួនលក់ខ្លួនដើម្បីយកដីខ្មែរ ទីបំផុតទឹកដីខ្មែរកម្ពុជាក្រោម២១ខេត្តក្រុងត្រូវយួនស៊ីដាច់ នេះគ្រាន់តែស្រីយួនម្នាក់ខ្ចីដីតែ៥ឆ្នាំផង ចុះទំរាំដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំ តើវាយ៉ាងម៉េចដែរ ??? ឥឡូវឃើញច្បាស់និងភ្នែកហើយខេត្តរតនគីរីដំបូងគេប្រើរូបភាពជួលដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនឯកជនគ្រប់គ្រង ឥឡូវបាត់ក្រុមហ៊ុនស្រាប់តែចេញទៅជាកងទ័ពប្រជាជនយួនគ្រប់គ្រងទៅវិញ ។ យើងជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសមិនព្រមជាដាច់ខាត ត្រូវតែប្តឹងនិងទាមទារយកដីខ្មែរពីយួនមកវិញឲទាល់តែបាន ហើយយើងទាំងអស់គ្នា ស្នើរសុំឲរដ្ឋាភិបាលគណបក្សប្រជាជនទទួលខុសត្រូវចំពោះមុខជនរួមជាតិគឺត្រូវទៅយកដីខ្មែរពីកងទ័ពយួននោះមកវិញ ព្រោះខ្លួនជាអ្នកប្រគល់ឲយួន ។
ឱ! លោក ផៃ ស៊ីផាន ថា លុយអត់មានក្លិន បើមិនចង់ចាយលុយជាតិឯង ម្តេចក៏មិនចាយលុយ ចិន ឬ រុស្ស៊ី ទៅ ! ចុះខំប្រឹងប្រមូលលុយ ដុល្លារ $$$$$ សម្បើមម៉្លេះ????
សំនៀង