​សហជីព​មួយ​ក្រុម​សុំ​ជួប​តំណាងរាស្ត្រ​បក្ស​ប្រជាជន​ដើម្បី​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​​

ដោយ៖​ លី បេឡា​​ | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015
http://vodhotnews.com

​សហជីព​មួយ​ក្រុម ស្នើ​ប្រធានរដ្ឋសភា សុំ​ជួប​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​ពិភាក្សា​លើ​ក្លឹមសារ​មួយ​ចំនួន​នៃ​សេចក្ដីព្រាងច្បាប់​សហជីព ដែល​ពួកគេ​ថា បាន​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ បើ​ច្បាប់​នេះ​ត្រូវ​សភា​អនុម័ត ដោយ​គ្មាន​ការ​កែប្រែ​នោះ​។​

​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ របស់​ក្រុម​ព្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដែល​ផ្ញើ​ទៅ​លោក ហេង សំរិន​នោះ បានសរសេរថា ការស្នើរ​សុំ​ជួប  តំណាងរាស្ត្រមក​ពី​បក្ស​កាន់​អំណាច​នោះ គឺ​ដើម្បី​ចង់​ឲ្យ​ស្ថាប័ន​ធ្វើ​ច្បាប់​មួយ​នេះ កែប្រែឬក៏​លុបចោល នូវ​ចំនុច​មួយចំនួនដែល​ពួកគេ​ថា អាច​នឹង​រារាំង​ពួកគេ​មិនឲ្យ​ការពារ​ប្រយោជន៍​កម្មករ​បាន​។​

​ក្រុមប្រឹក្សា​សហជីព​ជាតិក​ម្ពុ​ជា អះអាង​ទៀតថា ចំនុច​ដែល​ពួកគេ​ព្រួយ​បានរ​ម្ភនោះ​មាន ការកំណត់​មនុស្ស​១០​នាក់​ឡើង​ទៅ​ទើប​អាចបង្កើត​សហជីព​បាន​។​

ការ​តម្រូវឲ្យ​មាន​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ​ទើប​អនុញ្ញាតិឲ្យ​ធ្វើ​ជា​តំណាង​សហជីព​។​ ថ្នាក់ដឹកនាំ​សហជីព​ត្រូវ​មាន​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌​ជា​ដើម​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន អះអាងថា កិច្ចពិភាក្សា​នេះ អាចធ្វើបន្ទាប់​ពី​ក្រុមការងារ គណកម្មការ​មក​ពី​គណបក្ស​ធំៗទាំង​២​ជួប​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ ។​

​សេចក្តីព្រាងច្បាប់​សហជីព បាន​មកដល់​ដៃ​រដ្ឋសភា តាំងពី​ខែ​មុន ប៉ុន្តែ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបានសហព័ន្ធ​ជាច្រើនតាម​តវ៉ា​រហូត​ដល់​មន្ទី​រ​រដ្ឋសភា ដោយ​អះអាង​ថា ច្បាប់​នោះបាន​បើក​ឱកាស​ឲ្យ​ភាគី​រោងចក្រ អាចដាក់​សម្ពាធ​ការងារ មក​លើ​កម្មករ​បាន​គ្រប់ពេល ហើយ​បង្រួម​សេរីភាព​តស៊ូ​មតិ លើកកម្ពស់​សិទ្ធិ​ការងារ​ទៅ​វិញ ។​

​ទោះជា​យ៉ាងណា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​ក្នុង​សភា បាន​បង្កើត​ក្រុម​អ្នក​ការងារ​មួយ ដែល​មាន​តំណាងរាស្ត្រ​ម្ខាង​៥​រូប សម្រាប់​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​នេះ មុន​សភា​អនុម័ត៕

សូម​សរសេរ​មកកាន់​លោក លី បេឡា តាមរយៈ  bela@vodhotnews.com 

What Next?

Recent Articles