ដោយ៖ លី បេឡា | ថ្ងៃអាទិត្យ ទី27 ធ្នូ 2015, 03:41 PM
http://vodhotnews.com
អ្នកធ្វើការលើកកម្ពស់សិទ្ធិការងារមួយក្រុម អះអាងថា ពួកគេនឹងជំរុញរដ្ឋាភិបាល ធ្វើច្បាប់ដើម្បីការពារប្រយោជន៍ និងលើកកម្ពស់សិទ្ធិកម្មករ អាស៊ាន ខណៈសមាគមសេដ្ឋកិច្ចអាស៊ាននឹងចូលមកដល់នៅចុងខែធ្នូនេះ។
ប្រធានស្ដីទីសហពន្ធ័សហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជាលោក សុក គីន ឲ្យដឹងថា នៅថ្ងៃទី២៨ស្អែកនេះ ក្រុមការងារលោក ដែលហៅថា ក្រុមការងារសហជីពសេវាកម្មអាស៊ានប្រចាំប្រទេសកម្ពុជា នឹងធ្វើសន្និសិទសារព័ត៌មានមួយ បង្ហាញសាធារណៈជន ពី«ពង្រាងកិច្ចព្រមព្រៀមអាស៊ាន ស្ដីពីការការពារនិងលើកស្ទួយសិទ្ធិកម្មករ»។
លោក សុក គីន ឲ្យដឹងទៀតថា សន្និសិទនោះ ដើម្បីស្វែងរកកិច្ចសហការពីរដ្ឋាភិបាល ជំរុញឲ្យធ្វើច្បាប់ការពារកម្មករដែលទៅធ្វើការប្រទេសក្រៅ ពេលកម្ពុជាចូលសមាហរណកម្មអាស៊ានខាងមុខ។
មន្ត្រីរូបនោះថា សន្និសិទនោះ នឹងធ្វើឡើងនៅចាប់ពីម៉ោង៨ ដល់ម៉ោង១២ថ្ងៃត្រង់ នៅភោជនីដ្ឋានទន្លេបាសាក់១ ក្នុងរាជធានីភ្នំពេញ ដែលលោកថា មានសហជីពចំនួន៣ ចូលរួម គឺសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា សហពន្ធ័សហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា និងសហព័ន្ធសហជីពការងារ និងសេវាកម្មកម្ពុជា៕
សូមសរសេរមកកាន់លោក លី បេឡា តាមរយៈ bela@vodhotnews.com
