វិភាគ​៖ តួនាទី​បណ្ដាញ​សង្គម​នៅ​ក្នុង​សង្គម​កម្ពុជា​​

ដោយ៖​ អ៊ិត សូធឿត​ | ថ្ងៃចន្ទ ទី4 មករា 2016, 03:34 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

នាមួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​ខ្មែរ និង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បាន​នាំ​គ្នា​បង្កើត​គណនេយ្យ ក៏​ដូច​ជា​ទំព័រហ្វេសប៊ុក​ផ្លូវ​ការរបស់​ខ្លួន​ជាបន្តបន្ទាប់​។ ជាក់ស្ដែង​ដូច​ជា​លោក​នាយករដ្ឋមន្ត្រីដែល​ពី​មុន​ធ្លាប់​ប្រកាស​ថា​លោក​ពុំ​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះនោះ បាន​ប្រកាស​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នៅក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៥។

លោកនាយករដ្ឋ​បានប្រកាស​ថា លោក​លេងហ្វេសប៊ុក​​គឺ​ដើម្បីទទួល​ព័ត៌មានពិត​និងគ្រប់ជ្រុងជ្រោយ។​ លើស​ពី​នេះ​ទៅ​ទៀត ​កាល​ពីសប្ដាហ៍​មុន លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន​ផ្អាកបណ្តោះ​អាសន្នការធ្វើប័ណ្ណបើកបរម៉ូតូឡានក្រោយពី​លោក​បាន​ទទួលការត្អូញត្អែរពីប្រជា​ពលរដ្ឋ​តាមរយៈ​ហ្វេសប៊ុក​របស់​លោកថា​តម្លៃ​ធ្វើប័ណ្ណបើកបរ​ថ្លៃពេក។​ ប្រការ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ពី​ឥទ្ធិ​របស់បណ្ដាញ​សង្គមមួយ​នេះ​នៅ​ក្នុងបញ្ហា​សង្គម​ក៏​ដូច​ជា​នយោបាយ​កម្ពុជា​ ដែល​នាំ​ឲ្យ​​មាន​ការ​លើកឡើង​ជា​សំណួរ​ថា តើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​តួនាទី​យ៉ាង​ណា​នៅ​ក្នុង​សង្គម​​កម្ពុជា​?

​អ្នកតាមដាន​ការអភិវឌ្ឍ​សង្គម​លោក កែម ឡី មាន​ប្រសាសន៍​ថា បណ្ដាញ​សង្គមបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជាពិសេសសម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា ស្វែងរក​ចំណេះដឹង ទទួល​​បាន​ព័ត៌មាន បន្ថែម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ដូច​ជា​កាសែត វិទ្យុ​ និង​ទូរទស្សន៍​ ដែល​បង្កើត​បាន​ទៅ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​។ លើស​ពី​នេះ​ទៅទៀត​លោកថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏​ជា​ស្ពាន​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ និង​ថ្នាក់​ដឹកនាំរដ្ឋាភិបាល​ និង​អ្នក​នយោបាយ​ផងដែរ​។ លោកបានបន្តថា៖ “សំខាន់ណាស់ទីមួយគឺសង្គមហ្វេសប៊ុកហ្នឹងជាកញ្ចក់មួយ​ហើយជាយន្តការណ៍សម្រាប់ពង្រឹងអភិបាលកិច្ចល្អតម្លាភាពហើយជំរុញឲ្យមានការទទួលខុសត្រូវសង្គមចំពោះមន្ត្រីរដ្ឋា​ភិបាល​ ទីពីរគឺបិទគម្លាតបានន័យថាធ្វើម៉េចឲ្យពលរដ្ឋហ្នឹងនៅជិតអ្នកធ្វើសេចក្តីសម្រេចចិត្ត​ អ្នកនយោបាយ មន្ត្រី​រដ្ឋាភិបាល​គាត់មានហ្វេសប៊ុកគាត់អាចទាក់ទងផ្ទាល់តាមរយៈហ្វេសប៊ុកអាហ្នឹងរឿងទី២ រឿងទីបីជាខប្រជាធិបតេយ្យមួយដែល​ពលរដ្ឋអាចសំដែងមតិបញ្ចេញមតិតាមប្រព័ន្ធសង្គមហ្នឹង”។

សម្រាប់​អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ជួយ​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​និយាយ​ពី​បញ្ហា​ដែល​ពួក​គាត់​បាន​ជួបប្រទះ ដែល​ពី​មុន​លោកថា ​ពលរដ្ឋ​មាន​ការ​លាក់លៀមមិន​ហ៊ាន​និយាយ​ពី​បញ្ហា​របស់​ខ្លួន​នោះ​ទេ​។ លើសពី​នេះ​ទៅ​ទៀត លោក​ថា ​ការ​ចូល​រួម​សន្ទនា​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ក្នុង​ការ​រាយការណ៍​បញ្ហា​របស់​ខ្លួន​ទៅ​​កាន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដែល​វា​អាច​នឹង​កាត់​បន្ថយ​ឱកាស និង​ឥទ្ធពល​របស់​រដ្ឋាភិបាល​​ថ្នាក់​ក្រោម​ ដែល​លោក​ថា ពេលខ្លះ​ធ្វើ​​របាយការណ៍​មិន​ពិត​​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​។

មួយ​វិញ​ទៀត លោក​ថា ការ​រាយការណ៍​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​នេះ​នឹង​ជួយ​ឲ្យ​ថ្នាក់​ដឹក​នាំ​បាន​ដឹង​បញ្ហា​​នានា​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ ដែល​លោក​ថា នេះ​អាច​ដំណាង​ឲ្យ​សមាជជាតិ​ ដោយសារ​ពលរដ្ឋកម្ពុជា​ជា​ច្រើន​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​​។ ទោះយ៉ាង​ណា លោក​ថា​កត្តា​សំខាន់​គឺ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។ លោកបានបន្តថា៖ “អញ្ចឹងអានេះវាស្មើហ្នឹងសមាជជាតិដោយសាររដ្ឋាភិបាលបានការពារមិនចង់ឲ្យមានសមាជជាតិ​ឬ​មិនចង់​ឲ្យមានវេទិកាអីផ្សេងៗតែយើងមានឪកាសដាក់វេទិកានៅតាមប្រព័ន្ធសង្គមហ្វេសប៊ុក។ រឿងដែលសំខាន់គឺសុច្ឆន្ទៈរបស់រដ្ឋាភិបាលផ្ទាល់តែម្តង ប្រសិនបើរដ្ឋាភិបាលគាត់គិតថាការលើកទ្បើងរបស់ពលរដ្ឋនៅក្នុងសង្គមហ្វេសប៊ុកវា​ជារឿងមួយ​ត្រឹម​ត្រូវហើយរដ្ឋាភិបាលក៏ត្រូវតែមានលទ្ធភាពឬសមត្ថភាពក្នុងការឆ្លើយតបដោះស្រាយទៅតាមគោលករណ៍​ណាមួយដែលអាចធ្វើទៅបាននោះ អាហ្នឹងខ្ញុំគិតថាការប្រើបែបហ្នឹងវាហ្នឹងមានប្រយោជន៍ក៏ប៉ុន្តែបើសិនជាអ្នកដែលធ្វើការ​តិះដៀលទៅលើរឿងហ្នឹងមិនបានប្រើពាក្យពេចន៍ឲ្យសម”។

យ៉ាង​ណា​ក៏ដោយ ​សម្រាប់​លោក កែម ឡី យល់​ថា បណ្ដាញ​សង្គម​ហ្វេសប៊ុក​គ្រាន់​តែ​ជា​ប្រភព​ព័ត៌មាន​មួយ​ជ្រុង​របស់​សង្គម​ដែល​រដ្ឋាភិបាល​អាច​យក​ទៅ​ពិចារណា។ លោក​ថា បន្ថែម​ពីលើ​ព័ត៌មាន​បាន​មក​ពី​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ រដ្ឋាភិបាល​គួរ​យក​ចិត្តទុក​ដាក់​ពី​មតិយោបល់​របស់​អង្គការ​សង្គម​ស៊ីវិលដែល​ផ្ដល់​ទៅតាម​ក្រសួង​នានា និង​មតិយោបល់​បាន​មក​ពី​វេទិកាសាធារណៈ និង​កិច្ច​ប្រជុំ​នានា​នៅ​តាម​ឃុំ​សង្កាត់ និង​រាជធានី​ខេត្ត​ក្រុង ដើម្បី​កំណត់​អាទិភាពនៃ​បញ្ហា​​ក្នុង​ការ​ដោះ​ស្រាយ​។ លោកបានបន្ថែមថា៖ “មួយទៀតគឺយើងត្រូវទទួលសម្លេងពីគណបក្សប្រឆាំង​ឬមួយ​ក៏​សម្លេង​ពីសាធារណជនទូទៅដើម្បីយកមកធ្វើការសន្និដ្ឋានប៉ុន្តែប្រសិនបើយើងគិតតែមួយជ្រុងយកតែមតិរបស់ប្រជាពល​រដ្ឋតាមហ្វេសប៊ុកទៅឆ្លើយតបហើយយើងភ្លេចគិត​មតិដែលរងគ្រោះដីធ្លី បាតុកម្ម កូដកម្ម អង្គការសង្គមស៊ីវិលឬក៏បេក្ខ​ជន​នាៗដើម្បីយកមកធ្វើការសន្និដ្ឋានហើយកំណត់អាទិភាពក្នុងការឆ្លើយតបទេអាហ្នឹងវារិតតែជាកំហុសឆ្គងដ៏ធំមួយថែម​ទៀត”។

ស្រដៀង​គ្នា​ដែរ លោក មាស នី មាន​ប្រសាសន៍​ថា ដើម្បីឲ្យយន្តការ​ក្នុង​ការ​ដោះស្រាយ​បញ្ហានានា​របស់ជាតិ​​មាន​ប្រសិទ្ធិភាព​ ដំណោះស្រាយ ឬ​ការ​ឆ្លើយតប​របស់​ថ្នាក់ដឹក​គួរ​ធ្វើ​ឡើង​ក្នុង​នាម​រដ្ឋាភិបាល​ទាំង​មូល ដោយ​ឆ្លង​កាត់​ការ​ពិភាក្សាជាមួយ​ក្រសួង​សមត្ថកិច្ច​ពាក់ព័ន្ធ ជាជាង​បញ្ជា ឬ​ការ​សម្រេច​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​ឯង​​។ លោកបានបន្តទៀតថា៖ “ក៏ប៉ុន្តែរឿងមួយដែលមិនសូវល្អនោះដែលខ្ញុំគិតឃើញគឺការឆ្លើយតបរបស់គាត់រហ័សពេកមិនទាន់បានទុកពេល​វេលា​ខ្លះដើម្បីឲ្យប្រព័ន្ធគ្រប់គ្រងឬក៏ស្ថាប័នពាក់ព័ន្ធហ្នឹងក្នុងការពិចារណាហើយនឹងរៀបចំឬក៏ពិនិត្យមើលទ្បើងវិញ​នៅក្នុងនាមរដ្ឋាភិបាលចឹងនៅពេលណាដែលគាត់បញ្ចេញប្រតិកម្មលឿនពេកឧទាហរណ៍ថាមើលឃើញព័ត៌មានហ្នឹងហើយ​គាត់ចេញបញ្ជាភ្លាមៗនោះវាមានការពិបាកបន្តិចដោយសារតែរឿងប្រទេសជាតិទាំងមូលពេលខ្លះនៅក្នុងវិធានការខ្លះវា​ត្រូវ​ការពេលវេលាដើម្បីជជែកគ្នាហើយនឹងជំរុញឲ្យប្រព័ន្ធស្ថាប័នពាក់ព័ន្ធហ្នឹងធ្វើការជាជាងចេញតែពីមនុស្សម្នាក់”។

លោក មាស នី បន្តថា ប្រជាពលរដ្ឋនឹងទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​បណ្ដាញ​សង្គម ដោយ​លោកថា ប្រសិន​បើ​រដ្ឋាភិបាល​មើល​ឃើញ​ថា បណ្ដាញ​សង្គម​គឺ​ជា​មធ្យោបាយ​ល្អ​សម្រាប់​ខ្លួន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន នោះរដ្ឋាភិបាល​នឹង​ជួយ​សម្របសម្រួលដល់​ប្រជាពលរដ្ឋ​​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​បន្ថែម​ទៀត​។

ជារួម​ក្រុម​អ្នក​វិភាគ​យល់ឃើញ​ដូច​គ្នា​ថា បណ្ដាញ​សង្គម​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ជា​មធ្យោបាយ​ទំនាក់ទំនង​ និង​ជា​ស្ពាន​រវាង​ថ្នាក់​ដឹកនាំជាមួយ​ប្រជាពលរដ្ឋ​។ បណ្ដាញ​សង្គម​ក៏​បាន​ដើរ​តួនាទី​ជាកញ្ចក់​សង្គម ជា​​កន្លែង​សម្ដែង​មតិ និង​ស្វែង​រក​ព័ត៌​មាន ក៏​ដូច​ជា​ពិភាក្សា​លើ​ប្រធាន​បទ​នានា​ពីបញ្ហា​សង្គម​ដែល​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ជា​ចន្លោះ​ប្រហោង​នាពេល​កន្លង​មក​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នកវិភាគយល់​ថា ហ្វេសប៊ុក​ជា​ប្រភព​ផ្ដល់​ព័ត៌មាន និងឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម តែ​​ការ​ដោះស្រាយគឺ​ស្ថិត​នៅ​លើ​ចេតនា និង​ឆន្ទៈ​របស់​រដ្ឋាភិបាល ហើយ​អាទិភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​គួរ​ត្រូវ​បាន​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់ មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​៕

សរសេរ​មក​លោក អ៊ិត សូធឿត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles