សង្គមស៊ីវិលហៅការរារាំងមិនឲ្យប្រារព្ធខួបបាញ់សម្លាប់កម្មករថាជាការជាព្យាយាមលាក់មុខជនដៃដល់​

ដោយ៖​ ញឹម សុខន​ | ថ្ងៃចន្ទ ទី4 មករា 2016, 04:18 PM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរិះគន់កម្លាំងចម្រុះរបស់សា​​លារា​​ជធានី​ភ្នំ​ពេញដែលចុះបំបែ​​​ក​ក្រុ​ម​អ្នក​​​ចូលរួមប្រារព្ធខួប​២​ឆ្នាំ​នៃព្រឹត្តិ​ការណ៍បាញ់​សម្លាប់ក​ម្មក​រនៅ​​​លើផ្លូវ​វ៉េង​ស្រេ​ងពួកគេថាវិធានការនោះអា​​​​ច​​ធ្វើឲ្យជនដៃដល់​បន្តរស់នៅក្រៅ​សំណា​ញ់​​ច្បាប់។

កាលពីថ្ងៃទី៣មករាម្សិលមិញសមត្ថកិច្ច​រាប់រយ​នាក់​ប្រដាប់​ដោយ​ខែលនិង​ដំបង​ឆក់​បាន​បំបែក​ក្រុម​គ្រួសារជនរងគ្រោះ ព្រះសង្ឃ មន្ត្រី​សង្គម​ស៊ីវិលមិន​ឲ្យ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ពិធី​បង្សុកូល​រំឭក​ខួប​២​ឆ្នាំ​ដល់​អ្នកស្លាប់​ដោយសារតែចេញ​តវ៉ាទាមទារ​ប្រាក់​ឈ្នួល​គោល១៦០ដុល្លារ ដែលការបំ​បែ​​​ក​​នោះអាជ្ញាធរ​អះអាងថា​ដើម្បីការពារសណ្ដាប់ធ្នាប់​សាធារណៈ​។​

ជាងនេះទៅទៀតមុនពិធីរំឭកខួបនេះមួយថ្ងៃសាលារាជធានីភ្នំពេញ​បានចេញលិ​​ខិតហាមឃាត់​អ្នក​ចូ​ល​រួមមិនឲ្យប្រារព្ធធ្វើ​ពិធី​នេះ​នៅកន្លែងកើតហេតុដោយតម្រូវឲ្យទៅធ្វើនៅវត្តអារាមឬនៅផ្ទះ​ជនរង​គ្រោះ​​​ផ្ទា​ល់វិញហើយប្រកាសចាត់វិធានការលើជន​ណា​ដែលប្រឆាំងនឹងសេចក្តីណែនាំដែលចុះ​ហត្ថ​​លេ​ខា​ដោ​យអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នេះ។

នាយកប្រតិបត្តិរបស់សមាគមធាងត្នោតដែលធ្វើការផ្តោតលើសិទ្ធិដីធ្លីនិងការអភិវឌ្ឍទីក្រុងលោក អ៊ី សារ៉ុម លើកឡើងថា វិធាន​ការរបស់សាលារាជធានីភ្នំពេញនេះមិនឈរលើស្មារតីច្បាប់ធ្វើបាតុកម្មឬ​ច្បា​ប់រដ្ឋធម្មនុញ្ញទេ។ លោកថាផ្ទុយ​ទៅវិញ​វិធាន​ការនោះបានបំ​​ពា​នលើ​សិ​ទ្ធិ​បញ្ចេញមតិដោយសន្តិវិធីនិង​ជំនឿ​សាសនា។

លោក អ៊ី សារ៉ុម អះអាងទៀតថាវិធានការរបស់កម្លាំងចម្រុះនេះអាចជាការបិទបាំងនូវចំនុចខ្សោយរប​ស់​ខ្លួនដែលម​ក​ដល់​ពេល​នេះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលមិនទាន់បានវែកមុខជនដៃដល់មកផ្ត​ន្ទាទោ​ស​​​បាននៅឡើយ។ លោកបានបន្តថា៖ “ខ្ញុំយល់ឃើញថាវាជាហេតុផលមួយដែលគាត់ចង់ឲ្យ​បំភ្លេចនូវហេតុ​ការណ៍ដែ​លគាត់ច​ង់ឲ្យភ្លេ​ចព្រឹត្តិកាណ៍កា​លដែល​កើត​ហេតុ​ពីពីរឆ្នាំ​មុន។ ការដែលក្រុមគ្រួសារ(ជ​​នរងគ្រោះ)​ឬក្រុមអង្គការស​ង្គ​​​មស៊ី​វិលដែ​លគាត់ចង់ធ្វើ(ប្រារព្ធខួប)​នៅ​ឯណាជាសិទ្ធិរបស់គាត់ករណីកើត​ហេតុ​បាញ់​សម្លាប់​កាលពីឆ្នាំ​​២០១៤គឺនៅកន្លែងហ្នឹង(ផ្លូ​វវ៉េងស្រេង​)។ អញ្ចឹងបើ​យើង​ក្រ​លេក​មើលរូបភាព​ជុំវិញពិភព​លោក​គេ​យកកម្រងផ្កាទៅដាក់កន្លែងមនុស្សដែ​លត្រូវបានគេសម្លាប់ឬស្លាប់អីជាដើម”។

នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៤កម្មករ៥នាក់ត្រូវកម្លាំងចម្រុះបាញ់សម្លាប់ ជិត៤០នាក់បាញ់ឲ្យរងរបួស និ​ង​​ជា​ង​២០នាក់​ផ្សេង​ទៀត​ត្រូវចាប់ខ្លួននៅពេលពួកគេរាប់ពាន់នាក់​តវ៉ាទាមទារប្រា​​ក់ឈ្នួលនៅ​លើផ្លូវវ៉េ​ង​ស្រេ​ងជិតសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ។ ការបាញ់ប្រហារនោះកើតឡើងស្រប​ការតវ៉ានោះបាន​ផ្ទុះហិ​ង្សាគប់​ដំថ្ម​ទៅ​​លើ​​កម្លាំងចម្រុះ​ដែលចុះ​បង្ក្រាប។

នាយកមជ្ឍមណ្ឌលសម្ព័ន្ធភាពការងារនិងសិទិ្ធមនុស្សលោក មឿន តុលា អះអាងថាច្បាប់ធ្វើបាតុកម្មនិងរដ្ឋធម្ម​នុញ្ញបាន​ធានា​ពីសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសទីតាំងដើម្បីប្រារព្ធ​ពិធីបែបសាសនានេះ។ លោកយល់ថាការបង្រ្កាប​របស់សមត្ថកិច្ចនេះ អាចជាការលាក់បាំងព្រឹត្តិការណ៍បង្ហូរឈាមកម្មករនាពេល​កន្លងទៅច្រើនជាង។ លោកបន្ថែមថា៖ “យើងគិតមើលសម្តេចនាយក? នៅពេលដែលកូនគាត់ស្លាប់ហើយបញ្ចុះ​នៅស្រុក​មេមុត​(ខេត្ត​ត្បូង​ឃ្មុំ)​នោះរឿងអីគាត់ទៅធ្វើនៅកន្លែង​ហ្នឹង(ប្រារព្ធពិធីបែបសាសនា)មិនអញ្ចឹង? អញ្ចឹ​ង​​​កា​រលើកឡើ​ងរបស់សាលាក្រុង​ហ្នឹង​គ្រាន់​តែជាលេសទេ!។ ខ្ញុំគិតថាសាលាក្រុងគួរតែគិតឡើងវិញព្រោះ​ការ​​​​​ធ្វើម្សិលមិញនេះ(ប្រើកម្លាំងបំបែក)គឺបង្ហាញមុខ​មាត់​អាក្រក់ឬធ្វើឲ្យអាប់អោនមុខ​មាត់ប្រទេសកម្ពុ​ជាហើ​យ​”។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូលោក អំ សំអាត​ ដែលតាមដានករណីនេះបង្ហា​ញការសោកស្តាយ​ពី​វិធាន​ការចុះបំបែករបស់កម្លាំងសាលារាជធានីភ្នំពេញនេះដោយលោ​កចាត់ទុក​ថាជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែល​លោក​ថាធ្វើ​ឲ្យប៉ះពាល់​ដល់​កិត្តិយសរបស់រដ្ឋាភិបាល​សម្រាប់​ការក្រកួតប្រជែងការបោះឆ្នោតខាងមុខ។ លោកបន្តទៀតថា៖ “យើងគិតថាវាជាការធ្ងន់ធ្ងណាស់(​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ង)ពីព្រោះ​ថាអានេះ(​ប្រារព្ធពិ​ធីបំង​ស្សុកូល)​តាម​បែប​សាសនា។ ពីព្រោះកម្ពុ​ជាយើង៩០%​កាន់សាស​នាព្រះ​ពុទ្ធ។ ​អញ្ចឹ​ងពិធីបែបសាសនាវាជារឿងជំនឿ​របស់​ប្រជាពលរដ្ឋ​។​ អញ្ចឹងមិនត្រឹមតែបិទសិទ្ធិសេរីភាពទេ បិទ​ទាំង​សិទ្ធិចូ​​លរួមបែបពុទ្ធសាសនាទៀត”។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ អះអាងថាអ្នកចូលរួមប្រារព្ធពិ​ធី​នោះ​មិន​បានជូន​ដំណឹ​​ងដ​ល់សាលា​រាជធានី​ភ្នំពេញទេទើបមានការបំបែក។

ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលអះអាងថាពិធីបែបជំនឿសាសនានេះច្បាប់មិនតម្រូវ​ឲ្យមាន​ការសុំ​កា​រច្បាប់ឬជូន​ដំណឹង​ទៅអាជ្ញាធរទេកុំឲ្យតែពិធីបួងសួងឬការប្រារព្វពិធីនោះ​បង្កឲ្យមាន​ផល​ប៉ះ​ពា​ល់ដ​ល់​​សន្តិ​សុខស​ង្គមឬបង្ក​ហិង្សា​ដល់​អ្នក​ដទៃ៕

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles