ដោយ៖ បូ សាវី | ថ្ងៃចន្ទ ទី4 មករា 2016, 04:36 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមអ្នកតវ៉ាបានលើករូបថតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន និងភរិយារបស់លោកព្រមទាំងរូបសញ្ញាគណបក្សប្រជាជនផងដែរ។ ពួកគាត់បានស្រែកតវ៉ាឲ្យតុលាការដោះលែងលោក ហ៊ាង សារី ចៅសង្កាត់អំពិលដោយអះអាងថាការចោទប្រកាន់ចៅសង្កាត់កន្លងមកនោះ ខុសពីការពិតទាំងស្រុង។
ក្រុមបាតុករដែលមានទឹកភ្នែកហូរកាត់ផ្ទៃមុខផងនោះក៏បានសុំនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យអន្ដរាគមន៍ដោះលែងចៅសង្កាត់រូបនេះផងដែរ ដោយលើកឡើងថាមន្ដ្រីបក្សប្រឆាំងរូបនោះបំរើការងារជូនពលរដ្ឋដោយសុច្ចរិតនិងចេះជួយដោះទុក្ខលំបាករបស់ពលរដ្ឋ។
VOD មិនអាចទាក់ទងព្រះរាជអាជ្ញានៃសាលាដំបូងខេត្ដសៀមរាបលោក កើត វណ្ណារ៉េត ដើម្បីសុំការសាកសួរពីបញ្ហានេះនៅឡើយទេដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។
ប៉ុន្ដែចៅក្រមស៊ើបសួរលោក ឈុន ច័ន្ទសីហា បានចោទប្រកាន់ចៅសង្កាត់រូបនោះទាក់ទងនឹងការចុះហត្ថលេខារំលោភបំពានលើឯកសារអ្វីមួយ ដែលលោកថាចៅសង្កាត់គ្មានសិទ្ធិសម្រេច។ លោកថាចៅសង្កាត់រូបនោះប្រឈមជាប់ទោសពី២ឆ្នាំទៅ៥ឆ្នាំ។ លោកមានប្រសាសន៍ថា៖ ”ចឹងទៅគេសាកសួរទៅគាត់បានទទួលស្គាល់គាត់បាន[ចុះហត្ថលេខា]ពិតប្រាកដចឹងមែន។ ដូច្នេះគេឃុំខ្លួនដើម្បីធ្វើការស៊ើបអង្កេតបន្ដ”។
មន្ដ្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀមរាបលោក សួស ណារិន មានប្រសាសន៍ថាការឃុំខ្លួនចៅសង្កាត់នោះជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្ដែលោកថាបើមន្ដ្រីមូលដ្ឋានរូបនោះធ្វើខុសមែននោះគ្មានពលរដ្ឋជាង១៥០០នាក់នាំគ្នាមកតវ៉ាប្រឆាំងនឹងការឃុំខ្លួននោះទេ។ មន្ដ្រីសិទ្ធិមនុស្សរូបនោះហៅការអនុវត្ដច្បាប់នៅកម្ពុជាមានស្តង់ដារពីរដោយសារតែមេភូមិ ចៅសង្កាត់ ឬមេឃុំមកពីគណបក្សប្រជាជនដែលជាប់ពាក់ព័ន្ធការទិញលក់ដីនៅក្នុងតំបន់អាជ្ញាធរជាតិអប្សរាដែរនោះមិនត្រូវបានស្ថាប័ននេះប្ដឹងទៅតុលាការឡើយ៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com